ភ្នំពេញៈ អតីតអ្នកកាសែតលោក ឆាយសុផល បានសម្ពោធសៀវភៅទើបចេញថ្មីមួយដែលមានកម្រាស់ ៣០៥ ទំព័រ ដោយបានរៀបរាប់អំពីជីវប្រវត្តិរបស់លោកស្រី ប៊ុន រ៉ានី ជាភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារលោកស្រីគឺជាភរិយាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដែលធ្លាប់ឆ្លងកាត់ការលំបាកច្រើន ដែលភរិយាថ្នាក់ដឹកនាំកំពូលប្រទេសផ្សេងទៀតមិនធ្លាប់ឆ្លងកាត់។
លោក ឆាយ សុផល បានរៀបចំធ្វើសន្និសីទដើម្បីសម្ពោធជាផ្លូវការនូវសៀវភៅមានចំណងជើងថា «ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» នៅឯបណ្ណាល័យរបស់លោកក្នុងបុរីសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។
លោក ឆាយ សុផល បានអះអាងថាសៀវភៅនេះ គឺបានរៀបរាប់ពីជីវិតលោកស្រី ប៊ុន រ៉ានី តាំងពីនៅជាកុមារភាព រួមទាំងប្រវត្តិការសិក្សា ការក្លាយជាកងទ័ពព្រៃ ការបែកបាក់ពីស្វាមី ការបាត់បង់កូន និងការស្ថិតក្រោមការតាមសម្លាប់ផ្ដាច់ពូជជាដើម។ សៀវភៅនេះក៏បង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់លោកស្រី ប៊ុន រ៉ានី ដែលត្រូវបំពេញតួនាទីជាម្ដាយ ជាភរិយារបស់នាយករដ្ឋមន្ត្រី និងជាប្រធានកាកបាទក្រហមកម្ពុជា ហើយពិសេសគឺអារម្មណ៍ក្នុងនាមជាភរិយាថ្នាក់ដឹកនាំកំពូលដែលត្រូវបានគេប្រមាថកន្លងមក។
លោក ឆាយ សុផល បន្តថា៖ «ជាទូទៅនរណាក៏ស្គាល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែរ ប៉ុន្តែមានមនុស្សតិចណាស់ស្គាល់អំពីដំណើរជីវិតរបស់គាត់តាំងពីកុមារភាពមកដល់បច្ចុប្បន្ននេះដូចជា រឿងស្នេហា ឬរឿងអតីតកាលអី គឺសម្ដេចតេជោជាអ្នករំឭក ប៉ុន្តែយើងកម្របានឮសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានរៀបរាប់ណាស់ អ៊ីចឹង! សៀវភៅនេះគឺបានរៀបរាប់ជីវិតផ្ទាល់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
លោក ឆាយ សផល បន្តថា លោកស្រី ប៊ុន រ៉ានី បានបាត់បង់ឪពុកនៅក្នុងហេតុការណ៍បាញ់សម្លាប់ដោយទាហានខ្មែរក្រហមនៅឆ្នាំ ១៩៨០ ហើយក្រោយមក លោកស្រីបានដើរតួនាទីជាអ្នកមើលម្ដាយ និងមើលថែកូនៗជាច្រើននាក់ ហើយស្ថិតក្នុងនាមជាជំទាវរបស់រដ្ឋមន្ត្រីការបរទេសលោក ហ៊ុន សែន ប៉ុន្តែលោកស្រីបែរជារលូតកូនដោយសារតែខំប្រឹងធ្វើការងារធ្ងន់ៗដូចជា រែកទឹក និងយួរទឹកទៅវិញ។
លោកបន្ថែមថា លោកស្រី ប៊ុន រ៉ានី ក៏ចេះក្បួនសឹក និងធ្លាប់ធ្វើសង្គ្រាមតតាំងនឹងសត្រូវ ដោយអាចប្រើកាំភ្លើងជាច្រើនប្រភេទ និងចេះគប់គ្រាប់បែកជាដើម ហើយបើតាមការស្រាវជ្រាវគឺប្រវត្តិទាំងនេះកម្រមានស្ដ្រីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសណាមួយធ្លាប់ឆ្លងកាត់ដូចលោកស្រី ប៊ុនរ៉ានី ឡើយ។
លោកថា៖ «ទី ១ ចង់រំឭកអំពីអតីតកាលនៃភរិយារបស់ថ្នាក់ដឹកនាំ។ នៅពេលខ្លះយើងគិតថា ភរិយារបស់ថ្នាក់ដឹកនាំមើលទៅដូចជាសប្បាយ ប៉ុន្តែយើងចង់ឆ្លុះបញ្ចាំងអំពីជីវិតរបស់គាត់ តើគាត់ឆ្លងកាត់អីខ្លះ ហើយមិនមែនចង់ឱ្យស្ដ្រីដទៃយកគំរូតាមគាត់ទាំងអស់ទេ»។
លោក ឆាយ សុផល បញ្ជាក់ថាលោកបានចំណាយពេលស្រាវជ្រាវ និងចងក្រងសៀវភៅនេះ គឺចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ហើយក្រៅពីការស្រាវជ្រាវតាមរយៈឯកសារនានា លោកក៏ត្រូវបានលោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី អនុញ្ញាតឱ្យជួបសម្ភាសផ្ទាល់ដើម្បីរំឭកអំពីប្រវត្តិទាំងនេះដែរ។
លោកបញ្ជាក់ថា សៀវភៅនេះគឺត្រូវបានបោះពុម្ពចំនួន ៣ ម៉ឺនក្បាល ហើយក៏ត្រៀមនឹងបកប្រែជាភាសាអង់គ្លេសនាពេលខាងមុខ។
នេះគឺជាសៀវភៅលើកទី ៣ ដែលលោក ឆាយ សុផល បានស្រាវជ្រាវ និងចងក្រងជាសៀវភៅនិយាយពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោក ហ៊ុន សែន។ សៀវភៅទី ១ គឺលោក ឆាយ សុផល បានរៀបរាប់ពីជីវិតនយោបាយ និងអំណាចរបស់លោក ហ៊ុន សែន ក្នុងប្រវត្តិសាស្ដ្រខ្មែរជាង ៤០ ឆ្នាំ សៀវភៅទី ២ រៀបរាប់អំពីកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន មុននឹងចេញផ្សាយសៀវភៅទី ៣ និយាយពីភរិយារបស់លោក ហ៊ុន សែន នេះ៕