
គ្រូពេទ្យយកសំណាករបស់ប្រជាពលរដ្ឋធ្វើតេស្តលើឧបករណ៍តេស្តរហ័ស នាពេលកន្លងមក។ រូបថត Tyda Page
ភ្នំពេញ៖ មកដល់ពេលនេះ មានសេវាមន្ទីរពេទ្យឯកជនចំនួន ២៣ កន្លែងហើយ ដែលត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់សេវាធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ និងព្យាបាល ខណៈដែលមានមន្ទីរពេទ្យឯកជនធំៗចំនួន ២ ទៀត បានស្នើសុំបើកព្យាបាលអ្នកជំងឺឆ្លងដ៏កាចសាហាវនេះ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់វេទិកាពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភានេះថា ក្រសួងបានសម្រេចដាក់ឱ្យសេវាមន្ទីរពេទ្យឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័សនេះ តាមរយៈការស្នើសុំពីបណ្តាសេវាឯកជននេះ ដើម្បីចូលរួមចំណែក ក្នុងការស្រាវជ្រាវរកករណីដែលអាចមានការឆ្លង នៅក្នុងចំណោមប្រជាជនដែលទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យឯកជនទាំងនោះ។
លោកបានថ្លែងថា៖ «សេវាមន្ទីរពេទ្យឯកជនចំនួន ២៣ កន្លែង អាចប្រើប្រាស់តេស្តរហ័សស្រាវជ្រាវរកអង់ទីហ្សែនកូវីដ ១៩ នេះ ហើយជាមួយគ្នានេះដែរ មានមន្ទីរពេទ្យឯកជន ២ ផ្សេងទៀត គឺមន្ទីរពេទ្យជោរៃភ្នំពេញ និងមន្ទីរពេទ្យវិសាលសុខ បានកំពុងដាក់ពាក្យស្នើសុំបើកជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩»។
លោក ហុក គឹមចេង បានបញ្ជាក់ថា ក្រុមការងារនៃក្រសួងសុខាភិបាលបាននិងកំពុងពិនិត្យលើឯកសារស្នើសុំនេះ ហើយក្រុមការងារក៏បង្កលក្ខណៈងាយស្រួលជួយធ្វើការវាយតម្លៃដោយធ្វើយ៉ាងណា ឱ្យវិស័យឯកជននេះ បានចូលរួមចំណែកនៅក្នុងការព្យាបាលជំងឺកូវីដ ១៩ នេះផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងផងដែរថា នៅពេលដែលមន្ទីរពេទ្យឯកជនបានបើកដំណើរការព្យាបាលជំងឺកូវីដ ១៩ នេះហើយ អ្នកមានលទ្ធភាពគួរតែទៅទទួលសេវាព្យាបាលជាមួយនឹងសេវាឯកជន ក៏ជាការជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋផងដែរ។
មន្រ្តីនៃមន្ទីរពេទ្យជោរៃភ្នំពេញបានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី ០៤ ខែឧសភានេះថា ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមន្ទីរពេទ្យជោរៃភ្នំពេញ អាចធ្វើតេស្តរកវីរុសកូវីដ ១៩ បានហើយ ហើយមន្ទីរពេទ្យនេះ ក៏កំពុងតែធ្វើការត្រៀម ដើម្បីធ្វើការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើតេស្តនេះដែរ។
មន្រ្តីដដែលនេះបានបញ្ជាក់ថា៖ «ខាងមន្ទីរពេទ្យរបស់យើង កំពុងរៀបចំក្នុងការឱ្យក្រសួងសុខាភិបាល ចុះមកធ្វើការបណ្តុះបណ្តាលទាក់ទងនឹងរបៀបនៃការធ្វើតេស្តរកវីរុសកូវីដ ១៩ នេះ។ ប៉ុន្តែចំពោះការទទួលការព្យាបាល ខាងមន្ទីរពេទ្យយើង មិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងនៅឡើយទេ»។
ដោយឡែក ទាក់ទងនឹងចំនួននៃអ្នកចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ នៅក្នុងតំបន់ក្រហមក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ ក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិបានចាក់ប្រជាពលរដ្ឋ និងកម្មករសរុបចំនួន ១០០ ៣៥៧ នាក់ ក្នុងនោះស្រីចំនួន ៥២ ៣០០ នាក់។
ក្នុងនោះដែរ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន ៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ ៣ កុំ»។
គិតត្រឹមថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបបានចំនួន ១ ៤៦៥ ៩៨៥ នាក់ហើយ៕