សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​ជួសជុល​សំណង់​ទ្វារ​ទឹក​ទំនប់​បារាំង បន្ទាប់ពី​រង​ការខូចខាត និង​ចាស់​ទ្រុឌទ្រោម​ជាខ្លាំង​ដោយ​គ្រោង​នឹង​បញ្ចប់​ឱ្យបាន​រួចរាល់​នៅមុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​ដើម្បី ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ២០ ខែមីនា ថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​បញ្ចប់​គម្រោង​ជួសជុល​សំណង់​ទ្វារទឹក​ទំនប់​បារាំង​ដែល​ស្ថិតនៅ​ដងស្ទឹង​សៀមរាប​ខាងជើង​ប្រាសាទ​តានៃ​»​។

អាជ្ញាធរ​អប្សរា​បញ្ជាក់​បន្ថែមថា​៖ «​សំណង់​ទ្វារ​ទឹក​ទំនប់​បារាំង​ជា​កន្លែង​ស្តុក​ទឹក​ដ៏សំខាន់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ទុក​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង មិន​ឱ្យ​ខ្វះខាត​ដោយ​ការប្រមូល​ប្រភពទឹក​មកពី​ភ្នំ​គូលែន និង​បន្ត​ចែកចាយ​ទៅកាន់​ស្ទឹង​សៀមរាប បារាយណ៍ កសិន្ធុ​ក្នុង​តំបន់​អង្គរ និង​ប្រព័ន្ធ​ស្រោចស្រព​នៅក្រោម​បារាយណ៍​ទាំងអស់​។ ពិសេស​ជា​របាំង​ទប់ទឹក កុំ​ឱ្យមាន​ទឹកជំនន់​លិច​ក្រុង​សៀមរាប​នា​រដូវវស្សា​ផងដែរ​»​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​កាលពី​ថ្ងៃអាទិត្យ​។

លោក ភឿន សុឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​អាជ្ញាធរ​អប្សរា​កាលពី​ថ្ងៃទី​ ១៩ ខែមីនា ថា បច្ចុប្បន្ន​ប្រព័ន្ធ​ស្តុក​ទឹក​នេះ​បាន​រង​នូវ​ការខូចខាត និង​ចាស់​ទ្រុឌទ្រោម​ផ្នែក​ខាងក្រោម​ជាខ្លាំង​ដោយសារ​អាយុកាល​របស់​សំណង់ និង​អាកាសធាតុ​។

លោក​ថា បញ្ហា​នេះ​ធ្វើឱ្យ​វត្ថុធាតុដើម​នៃ​សំណង់ និង​គ្រឹះ​សំណង់​បាក់ ពុកផុយ និង​បាត់បង់​គុណភាព និង​បណ្តាលឱ្យ​ទឹក​ហូរ​ច្រោះ​ដែល​មិនអាច​រក្សា​ទឹកបាន​ច្រើន​នៅ​រដូវប្រាំង​។ លោក​ថ្លែងថា​៖ «​ដូច្នេះហើយ​កាលពី​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ក្រុមការងារ​ក៏បាន​ជួសជុល​គ្រឹះ​ក្រោម​ជាថ្មី​ដោយ​ការចាក់​បេតុង​ដើម្បី​បង្កើន​ភាពរឹងមាំ និង​ជួសជុល​ទ្វារទឹក​ការពារ​ទឹក​ច្រោះ​នៅ​រដូវប្រាំង ដើម្បី​សន្សំ​ទឹក​។ គម្រោង​នេះ​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ដំណាច់​ខែមីនា ឆ្នាំ​ ២០២០ ​ខាងមុខ​»​។

លោក ភឿន សុឃីម បញ្ជាក់ថា ទ្វារទឹក​នេះ​ត្រូវបាន​កសាង​ឡើង​ក្នុងសម័យ​អាណានិគម​បារាំង​នៅ​ចន្លោះ​ឆ្នាំ ១៩៣០​។ នៅ​ដំណាក់កាល​ដំបូង​បារាំង​បាន​ចាក់​បេតុង​ធ្វើជា​ទ្វារ​ទឹក បន្ទាប់មក​ក្នុង​ទសវត្សរ៍​ទី​ ៦០ អាមេរិកកាំង​បាន​ដាក់​ទ្វារ​ដែក​សម្រាប់​បិទ​បើក​តាម​កម្លាំង​ទឹក​ដោយ​ស្វ័យប្រវត្តិ និង​សម្រាប់​បង្វែរ​មុខទឹក​បញ្ចូល​ទៅ​បារាយណ៍​ខាងលិច​តាមរយៈ​ប្រឡាយទឹក​ដែល​ជីក​ដោយ​អាមេរិកកាំង​ (​កាណាល់ A)​។

លោក​បន្តថា ការជួសជុល​នៅ​ឆ្នាំនេះ​គឺជា​ការជួសជុល​គ្រឹះ​ដោយ​បេតុង​ថ្មី​ជំនួស​គ្រឹះ​ដែល​សាងសង់​ឡើង​តាំងពី​សម័យ​អាណានិគម​បារាំង​។

កាលពី​ថ្ងៃទី​ ២០ ខែមីនា អាជ្ញាធរ​អប្សរា​ក៏បាន​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដើម្បី​អភិរក្ស និង​លើក​តម្លៃ​មរតក​ដូនតា​ផងដែរ​។ បើតាម​អាជ្ញាធរ​អប្សរា​ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី​ ៧ ក្នុង​សតវត្សរ៍​ទី​ ១២ ដែល​តំណាងឱ្យ​ភ្នំ​ព្រះសុមេរុ​។ ប្រាសាទ​នេះ​គឺជា​កន្លែង​ដែល​បាន​ចារិក​អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ នៅពេល​ដែល​ព្រះអង្គ​យាង​មក​កាន់​កន្លែង​នេះ​៕