សៀមរាបៈ សំណង់​ភោជ​នី​យ​ដ្ឋាន​ ​តូប​លក់ដូរ ​និង​អាគា​រដ្ឋ​ប្រមាណ​ជា​ ១៥០​ ខ្នង ត្រូវ​បាន​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការ​រុះរើ​រួច​រាល់​ជា​ស្ថាពរ​ទាំង​ស្រុង​​នៅ​មុខ​បរិ​វេណ​ខាង​លិច​ប្រា​សាទ​អង្គរ​វត្ត​ទាំង​ផ្នែក​ខាង​ត្បូង​ផ្លូវ​ចូល​ ​និង​មាត់​ត្រពាំង​សេស​ ​និ​ង​ចាប់​ផ្តើម​លក់​នៅ​ទីតាំង​ថ្មី​នៅ​ថ្ងៃ​ចន្ទ​ទី​ ១ ​ខែ​កញ្ញា ​នេះ​។ ​ដោយ​ប្តូរ​ទៅ​ទីតាំង​ថ្មី​ដែល​មាន​ចំងាយ​ប្រមាណ​ជា​ជាង​ ១០០ ​ម៉ែត្រ​ពី​ទីតាំង​ចាស់​។​

លោក​ ​ឡុង​ ​កុសល ​អ្នក​នាំ​ពាក្យ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ឲ្យដឹង​​ថា​ ​កិច្ច​ការ​នេះ​បាន​ដំណើរ​ការ​កាល​ពី​ដើម​ឆ្នាំ​ ២០២០​ ​ដោយ​មាន​ការ​ស្ម័គ្រ​ចិត្ត​​និង​ឆន្ទៈ​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សម្បទា​ទេសចរណ៍​របស់​ម្ចាស់​សំណង់​អាជី​វកម្ម​ ក្រោម​កិច្ច​សម្រប​សម្រួ​ល​រ​​បស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ ​ដើម្បី​រួម​គ្នា​លើក​តម្លៃ​រមណីយ​ដ្ឋាន​អង្គរ​ឱ្យ​សម​ជា​បេតិ​កភណ្ឌ​ពិភព​លោក​។​ ​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​ការ​រុះរើ​នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​ មិន​មាន​ការ​បង្ខិត​បង្ខំ​ទេ ​ហើយ​គោល​ការណ៍​របស់​អាជ្ញា​ធរ​ និង​រាជ​រដ្ឋាភិ​បាល​ គឺ​មិន​ឱ្យ​មាន​ការ​លក់​ដូរ​រញ៉េរ​ញ៉ៃ​នៅ​ទីតាំង​នោះ​ទៀត​ទេ​ ​ដោយ​យើង​ប្រែក្លាយ​កន្លែង​នោះ​ទៅ​ជា​កន្លែង​មួយ​ដ៏​ស្អាត​សម្រាប់​ការ​ទាក់​ទាញ​ទេស​ចរ​ ឱ្យ​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​​បៃ​តង​ ​ដើម្បី​ទទួល​យក​ទេស​ចរ​មក​វិញ​»​។​

ចំ​ពោះ​អាជីវ​ករ​ដែល​បាន​រុះរើ​តូប​ខ្លួន​រួច​រាល់​ហើយ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​លក់​ដូរ​ឡើង​វិញ​នៅ​កន្លែង​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ០១​ ​ខែ​ កញ្ញា ​ឆ្នាំ​ ២០២០​ នេះ​តទៅ​ នៅ​ក្នុង​បរិវេណ​នៃ​បណ្តុំ​អាគារ​ទី​លាន​បដិ​សណ្ឋារ​កិច្ច​ ​ដែល​ជា​សំណង់​ថ្មី ស្អា​ត ​ងាយ​ស្រួល ​ហើយ​មាន​អនា​ម័យ​ជាង​មុន​។​

លោក​ ឡុង​ ​កុសល​ បាន​បន្ត​ថា ​អាជ្ញា​ធរ​នឹង​ចាប់​ផ្តើម​រៀប​ចំ​កែ​ប្រែ​តំបន់​អតីត​សំណង់​ដែល​រុះរើ​នេះ​ដោយ​រៀប​ចំ​ឱ្យ​ក្លាយ​ជា​ផ្លូវ​ថ្មើរ​ជើង​ សួន​ឈើ​ប្រណីត​ ​ឈើ​ផ្កា​ព្រៃ​ ​រុក្ខជាតិ​លម្អ​ដែល​មាន​ក្លិន​ពិដោរ​ក្រអូបៗ​ ​មាន​ភាព​ស្រស់​បំព្រង​ ​មាន​ពណ៌​បៃ​តង​ ​បរិយា​កាស​ល្អ​ ​និង​សណ្តាប់​ធ្នាប់​កាន់​តែ​ប្រ​សើរ​ឡើង​។​

ម្ចាស់​ហាង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៍​ អ្នក​ស្រី​ ម៉ោញ​ រតនា ​បាន​យល់​ព្រម​រុះរើ​ហាង​របស់​គាត់​ដែល​បាន​ធ្វើ​​និង​លក់​ដូរនៅ​ទីតាំង​ចាស់​នេះ​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ។ ​លោក​ស្រី​​បាន​រុះ​រើ​ហាង​របស់​គាត់​ចេញ​ដោយ​សារ​ការ​ស្ម័គ្រ​ចិត្ត​ ​និង​ការ​ស្រ​ឡាញ់​ប្រាសាទ​បុរាណ​ខ្មែរ​​ ដែល​លោក​ស្រី​ក៍​ចង់​ឱ្យ​អាជ្ញា​ធរ​រៀប​ចំ​ធ្វើ​ជា​ទីលាន​បដិ​សណ្ឋារ​កិច្ច​ ​ធ្វើ​ជា​សួន​ច្បារ​ កែប្រែ​ឱ្យ​មា​ន ​សោភ័ណ​ភាព​ ​និង​បរិស្ថាន​ល្អ​ព្រម​ទាំង​រៀប​ចំ​សណ្ដាប់​ធ្នាប់​នៅ​មុខ​អង្គ​រ​វត្ត​ឱ្យ​កាន់​តែ​មាន​របៀប​រៀប​រយ​។​

ចំ​ណែក​ម្ចាស់​ភោជនី​យដ្ឋាន​អង្គរ​រាជ​ដែល​បាន​ដំណើរ​ការ​អាជីវ​កម្ម​តាំង​ពី​ឆ្នាំ​ ១៩៩៥​ ម​ក ​និយាយ​សុំ​មិន​បង្ហាញ​ឈ្មោះបាន​ប្រាប់​ថា ​លោក​ស្រី​មិន​បាន​ប្រឆាំង​ឬ​តវ៉ា​ក្នុង​ការ​រុះ​រើ​ភោជនី​យ​ដ្ឋាន​របស់​លោក​ស្រី​ចេញ​ពី​ទី​តាំង​ចាស់​នេះ​ទេ​ ​ដោយ​សារ​លោក​ស្រី​ក៏​ចង់​ឃើញ​ការ​កែប្រែ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ និង​​ប្រាសាទ​បុរាណ​ខ្មែរ​ឱ្យ​កាន់​តែ​ច្រើន​ផង​ដែរ​។​

លោក​ស្រី​បាន​ថ្លែង​ថា​៖​ ​«​ខាង​អាជ្ញា​ធរ​មិន​បាន​បង្ខិត​បង្ខំ​ខ្ញុំ​ឱ្យ​រុះរើ​ទេ​ គឺ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ប្តូរ​ទៅ​ទី​តាំង​ថ្មី​ ​ហើយ​ណា​មួយ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​រុះរើ​ គឺ​គ្រប់​អាជី​វ​ករ​ទាំង​អស់​ត្រូវ​ប្តូរ​ទៅ​លក់​កន្លែង​ថ្មី​ ​ហើយ​យើង​ដឹង​តាំង​ពីយូរ​ពី​គម្រោង​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​សារ​អាជ្ញា​ធរ​នឹង​រៀប​ចំ​ទីតាំង​នេះ​ឱ្យ​មាន​សោភ័ណ្ឌ​ភាព​ស្អាត​ ទា​ក់​ទាញ​អ្នក​ទេស​ចរ​»​។​

ម្ចាស់​ភោជ​នី​យ​ដ្ឋាន​ដដែល​រូប​នេះ​បាន​បន្តថា ​លោក​ស្រី​មិន​មាន​បញ្ហា​អ្វី​ជា​មួយ​នឹង​អាជ្ញាធរ​ទេ​ហើយ​អាជ្ញា​ធរ​ក៏​បាន​រៀប​ចំ​កន្លែង​ថ្មី​រួច​រាល់​ផង​ដែរ​សម្រាប់​ចាប់​ផ្តើម​ដំណើរ​ការ​ភោជនី​យ​ដ្ឋាន​ឡើង​វិញ​ពី​ថ្ងៃទី​ ១​ ខែ​កញ្ញា​ នេះ​។​

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេស​ចរណ៍​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​ ​ចាប់​ពី​ខែ​មករា​ ដល់​ខែ​មិថុនា ​កន្ល​ង​មក​នេះ ភ្ញៀវ​ទេស​ចរ​ជាតិ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ ខេត្ត​សៀម​រាប​ចំនួន​១៦៧,០៦១​ នា​ក់​ ​និង​ភ្ញៀវ​អន្តរ​ជាតិ​ចំ​នួន​ ៣៨៧,៨៣៩​ នាក់​៕​