ក្រសួងសុខា​ភិបាល បាន​ឲ្យ​ដឹងថា សំណាកកម្មករ​ចំនួន ៩៤ នាក់ ដែល​ទទួលបាន​ពី​ក្រសួង​ការងារ ក្នុងអំឡុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​​ លើក​ម្មករ ក្រោយ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ មាន​លទ្ធផល​អ​វិ​ជ្ជ​​មាន​ទាំង​អស់ ខណៈដែល​ក្រសួង​ការងារ​ នៅ​​តែ​បន្ត​ទទួល​ត្រួតពិនិត្យ​​ទៅ​លើ​កម្មករ​។

លោក លី សូ​វ៉ាន់ អ្នកនាំ​ពាក្យ​ក្រសួង​សុខា​ភិបាល បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា គិត​ត្រឹម​ម៉ោង ២ រសៀល ថ្ងៃទី ២៣ ខែមេសា​ នេះ ក្រសួង​បានធ្វើ​តេស្ត​ទៅលើ​សំណាក​កម្មករ​ចំនួន ៩៤ នាក់ ដែល​ក្រសួង​ការងារ​ ​បាន​បញ្ជូនមក គឺ​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​ទាំងអស់ ​មិនមាន​កម្មករ​ណា​ម្នាក់​មាន​ឆ្លង​ជំងឺ​នេះ​ទេ។

លោក​បញ្ជាក់ថា៖ «រហូត​ម៉ោង ២ ​រសៀល​សំណាក​កម្មករ​ទទួលបាន​ចំនួន ៩៤ សំណាក គឺ​អវិជ្ជ​មាន​ទាំង​អស់»។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​ របស់​ក្រសួង​ការងារ​ ក្នុង​រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២០ ដល់​ព្រឹក​ថ្ងៃទី ២៣ ខែមេសា មានកម្ម​ករ​មក​ពិនិត្យ​សុខភាព​ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង ១០ ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន ២៨៥០ នាក់ ដោយ​នៅ​ថ្ងៃទី ១ មាន ១ ០១៨ នាក់ ថ្ងៃទី ២ មាន ​១ ២២១ នាក់ ចំណែក​ថ្ងៃទី ៣ មាន ៥១៦ នាក់ ព្រម​ទាំង​ត្រឹម​ព្រឹក​ថ្ងៃទី ៤ មាន​ចំនួន ៩៥ នាក់។

សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី ២៣ មេសា បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី ២២ ក្រសួង​ការងារ បានដាក់​ឲ្យ​កម្មករ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤ ថ្ងៃ មាន​ចំនួន ៥០៥ នាក់ ហើយ​រយៈ​ពេល ៤ ថ្ងៃ​កន្លង​មក​នេះ ការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤ ថ្ងៃ មាន​ចំនួន​សរុប ២ ៧០៣ នាក់។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​មេសា​ ថា កម្មករដែល​ពិនិត្យឃើញ​មាន​អា​ការៈសង្ស័យ គឺ​តម្រូវ​ឲ្យ​ស្នាក់​នៅក្នុង​បន្ទប់​ច​ត្តា​ឡី​ស័ក​កម្រិត ២ ដោយ​តម្រូវ​យក​សំណាក​ទៅ​ពិសោធន៍​បន្ត​នៅ​វិទ្យា​ស្ថាន​ប៉ា​ស្ទើរ។

លោក​បន្តថា ក្នុង​ករណី​សំណាក​ទាំង​នោះ ដែល​ពិនិត្យ​មិន​ឃើញ​វិជ្ជមាន នោះ​ច្បាស់​ណាស់ ក្រុម​ការងារ នឹង​អនុញ្ញាតឲ្យ​កម្មករ​ចេញពី​បន្ទប់​កម្រិត២។

លោក​បញ្ជាក់​ថា៖«សូម​មើល​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។ អ្នក​ដែល​យើង​អនុញ្ញាត​ឲ្យ​ចេញពី QC2 (កម្រិត ២) គឺ មាន​ន័យ​ថា​ លទ្ធផល​របស់​គាត់​គឺ​អវិជ្ជ​មាន»។

អ្នកស្រី សាន ឡាវ កម្ម​ការិនី​រោងចក្រ CTW បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បន្ទាប់​ពី​ចេញពី​បន្ទប់​ដាច់ដោយ​ឡែក​កម្រិត ១ នៅក្នុង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត នៅ​ថ្ងៃ​ទី ២៣​ ខែ​មេសា​​ ថា អ្នកស្រី​មាន​អា​ការៈធម្មតា និង​ត្រូវបាន​អនុញ្ញាតឲ្យ​ចេញទៅ​ផ្ទះ កាល​ពី​ថ្ងៃទី ២១ ដោយ​មិន​​តម្រូ​វ​ឲ្យ​យក​សំណាក​ទៅ​ពិនិត្យ​បន្ត​នោះ​ទេ។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​នៅ​ហ្នឹង មួយ​យប់ ២ ថ្ងៃ ដោយ​បាយ​អាហារ ហូប​ចុក កន្លែង​ស្នាក់នៅ គឺ​ត្រឹមត្រូវ។ បន្ទប់​ខ្ញុំ មាន​គ្នា ៦ នាក់ ហើយ​បានចេញ​ទៅផ្ទះថ្ងៃ​ដូចគ្នា មិន​មាន​អ្នកណា​កើត​អី​ទេ។ វា​ល្អ​តើ នៅពេល​ដែល​គេ​ដាក់​យើង​ដាច់​ដោយ​ឡែក​​បែប​នេះ»។

លោក ហែ​ន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​មេសា​​ ថា ការដាក់​ឲ្យ​កម្មករ នៅ​ដាច់​ដោយ​ឡែក​នេះ​ គឺជា​វិធានការ​ត្រឹម​ត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចម្លង​ទៅកាន់​សហគមន៍ ដែលជា​កត្តា​ព្រួយបារម្ភ​ខ្លាំង​បំផុត សម្រាប់​កម្ពុជា។ ជាមួយ​គ្នា​នេះ​ លោកសង្ឃឹមថា កម្ពុជានឹង​បន្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ ហើយ​មិនគួរណាមាន​ការ​ធ្វេស​ប្រហែសនោះ​ទេ។

លោក​បញ្ជាក់ថា៖ «ការទប់​ស្កាត់​បាន​ក្នុងដំណាក់កាល​នេះ​ គឺជា​មោ​ទន​​ភាព​មួយ​ហើយ ទប់ស្កាត់​ការឆ្លង និង​ជា​សះ​ស្បើយ​​ដោយ​មិនមាន​ការស្លាប់។​ ប៉ុន្តែ​យើង​កុំ​មោទន​ភាព​ទៀត ថា​មិន​អីទេៗ យើង​ទម្លាក់​ដៃ ព្រោះ​ធម្មតា​មេរោគ បើ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​បន្ត​ឆ្លងទៅ​បន្ត​ទៀត គឺ​វា​មានការ​ប្រែប្រួល ហើយ​មិន​ប្រាកដថា អាច​ទប់ស្កាត់បាន​នោះ​​ទេ»។

លោក ភារៈ បន្ថែមថា ស្រប​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដូច្នេះ​រដ្ឋាភិបាលគួរតែ​បន្ត​ហាមប្រាម​ការជួបជុំ​ជា​លក្ខណ​ៈទ្រង់ទ្រាយ​ធំ​បន្ត​ទៀត និង​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការប្រុង​ប្រយ័ត្ន និង​រក្សា​អនា​ម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជាប់​ជានិច្ច ព្រោះថា បើ​កម្ពុជាមាន​ករណី​ផ្ទុះ​ជា​លើក​ទី ២ លទ្ធផល​អាច​នឹង​ហួស​ពី​ការ​រំពឹងទុក៕