ភ្នំពេញៈ​ ជន​ជាប់​ចោទ​ម្នាក់​ត្រូវ​បាន​តុ​លា​ការ​កំ​ពូល​​ជំ​នុំ​​ជម្រះ​ពី​ម្សិល​មិញ​ពាក់​​ព័ន្ធ​ករណីកាប់​សម្លាប់​​កម្មករ​​ខ្មែ​រ​ ២ នាក់​ប្តី​ប្រ​ពន្ធ​ប្រព្រឹត្តនៅ​ថៃ​ក្នុង​ឆ្នាំ ២០០៩​ រួច​​គេច​ខ្លួន​មក​​កម្ពុជា​វិញ​ តែត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​​ ២០១០​ នៅ​ខេត្ត​ឧត្ដរមានជ័យ។

ជន​ជាប់​ចោទ​​ ឈ្មោះ ​រស់ ​សុខុន​ អា​យុ ​​២​៥​ ឆ្នាំ​ បាន​ឆ្លើយក្នុង​សវនាកា​រថា​​​មុន​ឆ្នាំ ​​២​០​១​០​ គាត់​បាន​ទៅ​ធ្វើ​ការ​​នៅ​ថៃ​ហើយ​​បាន​ជួបជន​រង​គ្រោះឈ្មោះ ​​​ហួន​​ សុ​ខា​​និង​ប្ដីឈ្មោះ ភោគ ​​សី​ហា​​​​។​​​ លុះ​​ដល់​ខែ​​​សី​ហា​​ឆ្នាំ​​ ២​​០​០​៩ ភោគ​​សី​ហា​ បាន​ឈ្លោះ​​គ្នា​ជា​មួយ​បុរស​ម្នាក់​ និងបាន​វា​យត​ប់​គ្នា​។​ពេល​នោះ​គាត់​ (ជន​ជាប់​ចោទ​)​​ ក៏ចូល​ទៅ​ឃាត់​ ព្រោះ​ជន​រង​គ្រោះប្តី​ប្រពន្ធ​ក៏​ជាប់​សាច់​ញាតិ​គាត់​ដែរ​​។​ប៉ុន្តែពេល​ឃាត់​ស្រាប់​ តែភោគ ​សី​ហា​ វាយ​​គាត់​​ធ្វើ​ឲ្យ​គាត់​ត​ដៃ​​និង​ស្រ​វាបាន​កាំ​បិតកាប់​វិញ​ទៅ។​

ជន​ជាប់​ចោទ​ថា​​៖​ «​ក្រុម​អ្នកកាប់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​​ តែ​ខ្ញុំ​មិន​ដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ​​ ហើយ​ខ្ញុំ​រត់​មក​ស្រុក​ខ្មែរ​វិញ​»​។​

ក៏ប៉ុន្តែតាម​កំ​ណត់​ហេតុ​តុ​ល​ការ​ថា​​ ស្រ្តី​រង​គ្រោះ​​​ត្រូវ​ជន​ល្មើស​ចាប់​អារក​ស្លាប់។​​រី​ឯ​​ប្តី​​គាត់ត្រូវ​បាន​គេ​កាប់​ជា​ច្រើន​កាំ​បិត​ដួល​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ​(​នៅ​ថៃ)។

សំណុំ​រឿ​ង​​​នេះ​ត្រូវ​សា​លា​ដំ​បូង​​ខេត្ត​ឧត្តរមា​នជ័យ​​ផ្តន្ទា​ទោស​ក្នុង​​ឆ្នាំ ​​២​០​១​១ ដាក់​ពន្ធនាគារ​ ១៥ ឆ្នាំ​។ ​តែជន​​ជាប់​ចោទ​បាន​ប្តឹង​​ឧទ្ធរណ៍​ហើយ​ត្រូវ​សា​លា​ឧទ្ធរ​ណ៍ប​ន្ថយ​ទោ​សម​ក​នៅ​ ១៤​ ឆ្នាំ​កាល​ពីឆ្នាំ​ ២០១៥​ ​​​ហើយ​ជន​ជាប់​ចោទ​ក៏​ប្ដឹង​មក​កំពូល​ទៀត។ ​

លោក​ ឈួន ​ចាន់​ថា តំ​ណាង​ម​ហា​អយ្យកា​រ​សន្និដ្ឋាន​ថា ​​ជនជាប់ចោទសុំ​បន្ថ​យ​ទោស​ ប៉ុន្តែ​​ឧទ្ធរណ៍​បន្ថយ​ទោស​គាត់​ហើយ​។ លោក​ថា​​​​​៖ ​​​«​​ខ្ញុំស្នើ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិចារណា​តាម​ច្បាប់»។​

រីឯ​ ​លោ​ក​ ​​អុឹង​ ​វា​​ស​នា​ ​ ​​មេ​ធា​វី​ ​ជ​នជា​​ប់​ចោ​ទ​ថា​ ​កូ​ន​ក្តី​​លោ​ក​សុំប​ន្ថ​យ​ទោ​​ស​ ​​តែ​បានសា​រ​ភា​​ព​មក​រ​​ហូ​ត​ដែ​រ​។​ក្រោ​យ​​ ​ជំ​នុំ​ជ​ម្រះ​ ​​លោក​ ​ចៅ​ក្រ​ម​ ​​ឃឹ​ម​ ​ប៉ុ​ណ្ណ​ ​ប្រ​ធា​​ន​ក្រុ​ម​ប្រឹក្សាជំ​នុំ​ជ​ម្រះ​​ថា​ ​សាលដីកា​​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា៕​