ភ្នំពេញៈ សំណុំ​រឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​​ ១១ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​កុបកម្ម​នៅ​ជិត​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ​កាលពី​ឆ្នាំ​ ២០១៤ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ពន្យារ​ពេល​ដោយ​មិន​កំណត់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​បើក​សវនាការ​ជំនុំជម្រះ ហើយ​ទើប​តែ​​ស្ដាប់​ចម្លើយ​ជន​ជាប់ចោទ​បាន​​ត្រឹម​ ៣ ​នាក់​។

នៅ​ក្នុង​អង្គសវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​មាន​សហប្រធាន​លោកស្រី​ចៅក្រម គឹម ដានី និង​លោក​ចៅក្រម ងួន រតនា ខណៈ​តំណាង​មហាអយ្យការ​មាន លោក ង៉ែត សារ៉ា​ត និង​លោក​ព្រះរាជអាជ្ញា​ អ៊ឹម សុផាន ​នោះ​លោក មាជ សុវណ្ណារ៉ា បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​ចៅក្រម​ថា​៖ «​ពាក់ព័ន្ធ​នឹង​រឿង​​ក្តី​នេះ គឺ​តុលាការ​ចោទប្រកាន់​គ្មាន​យុត្តិធម៌​សម្រាប់​រូបខ្ញុំ​ទេ​ព្រោះ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ខ្ញុំ​មិន​បាន​ដឹកនាំ​ធ្វើ​កុបកម្ម​អី​នោះ​ទេ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក​ អឿន ណារិទ្ធ អតីត​ជំនួយការ​របស់​អតីត​តំណាងរាស្ត្រ​លោកស្រី មូរ សុខហួរ និង​លោក ឃិន ជំរឿន បាន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ដែរ​ថា​៖ «​មុន​ពួក​ខ្ញុំ​ទៅ​ទី​នោះ គឺ​បាន​បើក​មើល​ព័ត៌មាន​តាមរយៈ​ហ្វេសប៊ុក​ហើយ​ក៏​បាន​ឃើញ​ពី​សកម្មភាព​ធ្វើ​កូដកម្ម​នោះ ប៉ុន្តែ​មិន​មែន​ចូលរួម​ក្នុង​ការ​បង្ក​ហិង្សា​​អី​នោះ​ទេ​។ ការ​ចោទ​ថា ជា​មេដឹកនាំ​ធ្វើ​កុបកម្ម​គឺជា​រឿង​មួយ​ដែល​អយុត្តិធម៌​»​។

អង្គសវនាការ​ដែល​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ទាំង​ ១១ ​រូប​មាន វត្តមាន​ត្រឹម​តែ​ ៦ ​រូប​ក្នុង​ចំណោម​ ៨ ​រូប​រួមមាន មេធាវី​លោក សំ សុគង់​, ​លោក​មេធាវី កែត ឃី,មេធាវី ម៉េង សុភារី​, មេធាវី ចាន់ ចេង និង​មេធាវី​ ២ ​រូបទៀត ខណៈ​លោក​មេធាវី ជូង ជូងី និង​លោក​មេធាវី ហែម សុជាតិ​អវត្តមាន​។

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ក្រុម​មេធាវី​ទាំងនោះ​មិន​បាន​សន្និដ្ឋាន​អ្វី​ទេ​នៅ​មុន​ពេល​ចៅក្រម​សម្រេច​ពន្យារពេល​សវនាការ​​លើ​សំណុំ​រឿង​នេះ​។

ចៅក្រម ប្លង់ សំណាង បាន​​ប្រាប់​ក្រុម​មេធាវី​ថា ការ​ពន្យារពេល​នោះ​ «​ដោយសារ​តែ​ពេលវេលា ដូច្នេះ​តុលាការ​នឹង​បន្ត​ធ្វើ​នៅពេល​ណា​មួយ​សមស្រប​បន្ត​ទៀត ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃខែ​ជាក់លាក់​ជូន​មេធាវី​ទេ​ព្រោះ​ចាំ​មើល​សាល​ជំនុំជម្រះ​បើ​ទំនេរ​ថ្ងៃ​ណា តុលាការ​នឹង​ដាក់​កម្មវិធី ហើយ​តុលាការ​​នឹង​កោះ​អញ្ឆើញ​មេធាវី ហើយ​តុលាការ​ក៏​សូម​ចិត្ត​កុំ​ឲ្យ​មេធាវី​តវ៉ា​សុំ​ពេល​កៀក​ពេក​ ឬ​លឿន​ពេក​អី​»​។

គួរ​រំឭក​ដែរ​ថា​នៅ​មុន​សវនាការ​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​​នោះ មាន​ការ​រអាក់រអួល​ចរន្តអគ្គិសនី ដែល​ជា​ហេតុ​ធ្វើឲ្យ​​អង្គសវនាការ​ត្រូវ​ពន្យារពេល​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​ ៩ ​ព្រឹក​ទើប​អាច​ផ្តើម​ និង​បាន​បញ្ចប់​នៅ​​ម៉ោង​ប្រមាណ​ជា​ ១២ ​ថ្ងៃត្រង់​។

ដោយ​ឡែក​សវនាការ​នោះ​ក៏​មាន​វត្តមាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចូលរួម​ ១១ ​នាក់​ផង​ដែរ​ក្នុង​ចំណោម​ ៣៩ ​នាក់​។

គួរ​រំឭក​ដែរ​ថា​តាម​អង្គហេតុ​នៃ​សំណុំ​រឿង​នេះ​កាលពី​ថ្ងៃ​ទី​ ១៤ ​កក្កដា​ឆ្នាំ​ ២០១៤ មាន​ក្បួន​ធ្វើ​កូបកម្ម​ធំ​មួយ​នៅ​ស្ពាន​នាគ​នៅ​ជិត​រមណីយដ្ឋាន​វត្តភ្នំ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ពេល​នោះ​ក៏​មាន​ការ​វាយតប់​គ្នា​រវាង​ក្រុម​កុបករ​ និង​កងសន្តិសុខ​ប្រចាំ​​ខណ្ឌ​ដូនពេញ​បណ្តាល​ឲ្យ​មាន​របួស​ទាំង​សង​ខាង​។ បន្ទាប់មក​ជន​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​ ២១ ​ខែ​កក្កដា​ឆ្នាំ​ ២០១៥ ដោយ​សម្រេច​ផ្តន្ទាទោស​ឲ្យ​លោក មាជ សុវណ្ណារ៉ា​ ​លោក ឃិន ជំរឿន,អឿន ណារិទ្ធ ក្នុង​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ​ និង​ ៨ ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ​ចោទ​បទ​ «​ដឹកនាំ​កុបកម្ម​ និង​ចូលរួម​កុបកម្ម​» ​តាម​បញ្ញត្តិ​មាត្រា​ ៤៥៦,៤៥៧ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បង្គាប់​ឲ្យ​រួម​គ្នា​សង​ដើមបណ្តឹង​ ៣២ ​នាក់​ក្នុង​ម្នាក់ៗ​ ៨ ​លាន​រៀល​ និង​ ៧ ​នាក់​ទៀត​ឲ្យ​សង​ម្នាក់ៗ​ ២០ ​លាន​រៀល​៕