ភ្នំពេញៈ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គ្រោង​ដាក់​របាយការណ៍​ករណី​ស៊ើបអង្កេត​សំណុំ​រឿង​របស់លោក Chan Martin King Wai ជូន​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ពិនិត្យ និង​សម្រេច​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​លើ​ការ​ចោទប្រកាន់​។

លោក វឌ្ឍនាសាប៊ុង បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​នឹង​រៀបចំ​ជា​របាយការណ៍​ពិស្ដារ​ដែល​បាន​ពី​ការស៊ើបអង្កេត​ស្រាវជ្រាវ​របស់​យើង ទៅ​សម្ដេចតេជោ​នៅ​សប្ដាហ៍​ក្រោយ​»​។

លោក សាប៊ុង បាន​អះអាង​ថា​បាន​ស្រាវជ្រាវ​ឃើញ​ភាពមិន​ប្រក្រតី​ចំនួន​ ២ គឺ​ទី​ ១ ករណីនេះ​ជា​វិវាទ​ពាណិជ្ជកម្ម​ដោយ​ពិនិត្យឃើញ​ឯកសារ​មួយ​ចំនួន​នៅ​មជ្ឈមណ្ឌល​នៃ​មជ្ឈត្តការ​ជាតិ​ផ្នែក​ពាណិជ្ជកម្ម​គឺ​បាន​បញ្ចប់រឿង​អស់​ទៅហើយៗ​ក៏បាន​បញ្ចប់​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​អស់​ដែរ ដោយ​ភាគី​លោក Chan Martin King Wai ជា​អ្នក​ឈ្នះក្ដី​។ ប៉ុន្ដែ​រឿងក្ដី​ដដែល​នេះ​ត្រូវ​បាន​សើរើ​ប្ដឹង​ឡើងវិញ​ក្នុង​សំណុំរឿង​ដដែល​ដែល​នេះ​ជា​ភាពមិន​ប្រក្រតី​។ មួយទៀត​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​មកលើ​លោក Chan Martin King Wai លើ​បទឆបោក​ជា​ករណី​ព្រហ្មទណ្ឌ​ទៅវិញ ខណៈ​ករណី​ជា​ទំនាស់​ពាណិជ្ជកម្ម​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​ទៅនឹង​ការពិនិត្យ​ការចោទ​របស់​ព្រះរាជអាជ្ញា ខ្ញុំ​អត់​និយាយ​ទៅ​ប៉ះពាល់​ស្ថាប័ន​តុលាការ ចៅក្រម​ទេ យើង​និយាយ​តែ​ព្រះរាជអាជ្ញា ហេតុអី​ព្រះរាជអាជ្ញា​ចោទ​បាន​ន័យ​ថា ព្រះរាជអាជ្ញា​អត់​មាន​ធ្វើការ​ដោយ​យោង​ទៅ​លើ​អង្គហេតុ​ត្រឹមត្រូវ​ដោយ​ពិនិត្យ​ទៅលើ​អង្គច្បាប់​ត្រឹមត្រូវ ករណី​នេះ​វា​ជា​ករណី​ឆបោក​យ៉ាងម៉េច ព្រោះ​គាត់​បាន​ធ្វើ​លិខិត​ត្រឹមត្រូវ​ជាមួយ​គ្នា​ហើយ​គាត់​ធ្វើ​ក្នុង​នាម​ជា​បុគ្គលិក​ក្រុមហ៊ុន​»​។

លោក សាប៊ុង បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ទៀត​ថា​ប្ដី​លោក Chan Martin King Wai និង​ប្រពន្ធ​បាន​មករក​ជួយ​ដោយ​បាន​អះអាងថា ពួកគាត់​មក​កម្ពុជា​ក្នុង​ការបំពេញ​បេសកកម្ម​មនុស្សធម៌​ផង និង​រកស៊ី​ផង ហើយ​ត្រូវគេ​រៀបចំ​គម្រោង​ប្ដឹង​ជាច្រើន​លើក​ច្រើនសា​លើ​វិវាទ​ពាណិជ្ជកម្ម តែ​ពួកគាត់​បាន​ឈ្នះ​លើក្ដី​នោះ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ក្រោយមក​ស្រាប់តែ​គេ​យក​សំណុំរឿង​ដដែល​មកប្ដឹង​ម្ដងទៀត​លើ​បទព្រហ្មទណ្ឌ រហូត​បណ្ដាល​ឲ្យ​លោក Chan Martin King Wai ជាប់​ពន្ធនាគារ​ចំនួន​ ៣ ​ខែ​ធ្វើឲ្យ​គាត់​ខាតបង់​កិត្តិយស​កើត​ការឈឺចាប់​យ៉ាងខ្លាំង ហើយ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ទើបតែ​បាន​សម្រេច​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​សុក្រ ទី​ ៧ ខែកុម្ភៈ​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​លើក​ទី​ ២ ​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​ ៣ ខែ​កុម្ភៈ​លើ​សំណុំរឿង​លោក Chan Martin King Wai បាន​បញ្ជាក់​ថា លោក Chan Martin King Wai ត្រូវបាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ដ​កណ្ដាល​បាន​សម្រេច​ចោទប្រកាន់​ពីបទ «​ឆបោក​» ប្រព្រឹត្ដ​នៅ​ភូមិ​ព្រែកហូរ​កើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​កាលពី​ថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ តាម​បញ្ញត្ដិ​មាត្រា​ ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ​ខែ​ទៅ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ​លាន​រៀល​ទៅ ៦ លាន​រៀល​។

ការដែល​សាលា​ដំបូង​ខេត្ដ​កណ្ដាល​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ Chan Martin King Wai ជា​បណ្ដោះអាសន្ន​តាម​សាលក្រម​មុន​អង្គសេចក្ដី​លេខ ៤ ចុះ​ថ្ងៃទី​ ១៥ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ គឺ​ដើម្បី​ធានា​វត្ដមាន​ជន​ជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី និង​ដើម្បី​ស្វែងរក​ការពិត​ក្នុង​សំណុំ​រឿងនេះ​ក៏ដូចជា ដើម្បី​ស្វែងរក​យុត្ដិធម៌​ជូន​ភាគី​ដែល​ពាក់ព័ន្ធ ជាពិសេស​ដល់​ជនជាប់ចោទ​ផងដែរ​។

លោក Chan Martin King Wai ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ ទី​ ១៨ ខែកុម្ភៈ​ នេះ​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ដោយ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​បាន​ជួយ​ឲ្យ​បាន​ដោះលែង​ពី​ការឃុំខ្លួន​។

លោក​បាន​ថ្លែងថា​៖ «​រឿងក្ដី​របស់​ខ្ញុំ​នេះ​គឺជា​រឿង​រដ្ឋប្បវេណី​មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ​ហើយ​លទ្ធផល មជ្ឈមណ្ឌល​នៃ​មជ្ឈត្តការ​ជាតិ​ផ្នែក​ពាណិជ្ជកម្ម​ដែល​បាន​ដោះស្រាយ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​តុលាការ​ឧទ្ធរណ៍ និង​តុលាការ​កំពូល​រួចហើយ​។ ម្យ៉ាងវិញ​ទៀត​សាលាឧទ្ធរណ៍​ក៏បាន​ដោះលែង​ខ្ញុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន វា​បង្ហាញ​ថា​សាលា​ឧទ្ធរណ៍​បាន​រក្សា​នូវ​ភាពត្រឹមត្រូវ​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​»​។ ​

លោក Chan ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹមថា តុលាការ​ខេត្ត​កណ្តាល​នឹង​ទទួលស្គាល់​ការសម្រេចចិត្ត​ដែល​បានសម្រេច ដោយ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ហើយ​សម្រេច​ទម្លាក់​បទចោទ​លើ​ករណី​នេះ​»៕

វីដេអូ៖