ភ្នំពេញៈ សវនាការ​សំណុំ​រឿង​ចារកម្ម​លើ​អ្នក​ផលិត​ភាពយន្ត​ជនជាតិ​អូស្ត្រាលី James Ricketson ត្រូវ​បាន​ពន្យារពេល​សាជាថ្មី​តាម​ការស្នើសុំ​របស់​ភាគី​ជនជាប់ចោទ​ក្រោយ​ពេល​ជនជាប់ចោទ​ទើប​បាន​ទទួល​ភ័ស្តុតាង​បន្ថែម​ចំនួន ៤០០ ទំព័រ​ពី​តុលាការ​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ប្រកាស​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​ជនជាតិ​អូស្ត្រាលី​ដែល​បាន​បង្ហោះ Drone លើ​ការ​ហែក្បួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​កាលពី​ឆ្នាំ​ ២០១៧​។

ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ពន្យារ​រហូត​ដល់​ថ្ងៃទី​ ១៦ ខែ​សីហា​គឺ​មាន​រយៈពេល​ ១ ​ខែ​គត់​ដែល​ការពន្យារ​នេះ​ធ្វើ​ឡើង​តាម​ការស្នើសុំ​​របស់​មេធាវី​ការពារ​ជនជាប់ចោទ និង​ការស្នើ​របស់​ជនជាប់ចោទ​ផ្ទាល់​។

សហមេធាវី​របស់​លោក James Ricketson គឺ​លោកស្រី​ ពឹង យក់ហៀប និង​លោក គង់ សំអុន បាន​លើក​ហេតុផល​ថា ការស្នើសុំ​លើក​ពេល​នេះ​ដោយសារ​តែ​មិន​ទាន់​បាន​សិក្សា​ពី​សំណុំ​រឿង​ច្បាស់លាស់ ខណៈ​ដែល​ទើបតែ​ទទួល​បាន​ឯកសារ​ភ័ស្តុតាង​ប្រមាណ ៤០០ ទំព័រ​ដែល​មិន​ទាន់​បាន​អាន​។

លោក គង់ សំអុន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ស្នើសុំ​លើក​ពេល​ដោយសារ​តែ​ខ្ញុំ​ទើប​តែ​ត្រូវ​បាន​ពឹងពាក់​កាលពី​សប្តាហ៍​មុន ហើយ​ខ្ញុំ​មិន​ទាន់​បាន​សិក្សា​សំណុំ​រឿង​នៅ​ឡើយ​ទេ ហើយ​ឯកសារ​ភ័ស្តុតាង​ជាង ៤០០ ទំព័រ ដែល​ត្រូវ​អាន​។ ទី​ ២ ខ្ញុំ​មិន​ទាន់​ជួប​កូនក្តី​នៅ​ពន្ធនាគារ ដើម្បី​ពិភាក្សា​ជាមួយ​គាត់​នៅ​ឡើយ​»​។

ស្រដៀង​គ្នា​នេះ​ជន​ជាប់ចោទ Ricketson បាន​ថ្លែង​ស្នើសុំ​លើក​ពេល​ថា​៖ «​ខ្ញុំ​ទើប​បាន​ឯកសារ​ភ័ស្តុតាង​ជាង ៤០០ ទំព័រ ហើយ​ខ្ញុំ​មិន​ទាន់​បាន​អាន​ទេ​។ ដូច្នេះ​ខ្ញុំ​មិន​អាច​ការពារ​ខ្លួន​បាន​ទេ មុន​ពេល​ខ្ញុំ​បាន​អាន​ឯកសារ​នោះ​។ ខ្ញុំ​បាន​ជាប់​ពន្ធនាគារ​ជាង ១ ឆ្នាំ​ហើយ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ឯកសារ​។ ដូច្នេះ​ខ្ញុំ​សុំ​ពន្យារពេល​»​។

ជនជាតិ​អូស្ត្រាលី James Ricketson អាយុ ៦៩ ឆ្នាំ​បាន​រស់នៅ​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ និង​មាន​កូន​ចិញ្ចឹម​ជា​ជនជាតិ​ខ្មែរ​។ ក្នុង​សវនាការ​ម្សិលមិញ តុលាការ​បាន​លើក​ឈ្មោះ សាក្សី ៣ រូប​រួម​ទាំង​កូនចិញ្ចឹម​របស់​គាត់​ផង​ដែរ​។ Ricketson ប្រឈម​មុខ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​ក្រោម​បទ​ចោទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍​ដែល​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​»៕