
ដីព្រៃលិចទឹកនៅខេត្តកំពង់ធំ ដែលត្រូវបានជនខិលខូចឈូសយកធ្វើជាកម្មសិទ្ធិ។ រូបថត ហ្វេសប៊ុក
កំពង់ធំ៖ មន្ទីរកសិកម្មបានបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់ ករណីឈូសឆាយដីព្រៃលិចទឹកដោយខុសច្បាប់ ដែលបំផ្លាញដល់ទីជម្រកមច្ឆាជាតិ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ឧសភាថា សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅសាលាដំងបូងខេត្តកំពង់ធំកាលពីថ្ងៃទី ១ ខែឧសភា ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យយកមកអនុវត្តច្បាប់តាមនីតិវិធី។
ទោះជាយ៉ាងណា លោក ប៉ែន វណ្ណរិទ្ធ មិនបានបញ្ជាក់លម្អិតពីទំហំដីដែលត្រូវបានជនសង្ស័យឈូសឆាយធ្វើជាកម្មសិទ្ធិនោះទេ។ បច្ចុប្បន្ន លោកកំពុងចុះស្រាវជ្រាវ និងធ្វើកិច្ចការងារនេះ ជាមួយមន្ត្រីរបស់លោកឱ្យបានច្បាស់លាស់។
លោក ប៉ែន វណ្ណរិទ្ធ បន្តថា លោកមិនទាន់បានកំណត់មុខសញ្ញាបុគ្គលណាមួយដែលបានបញ្ជាឱ្យមានការចូលទៅឈូសឆាយដីព្រៃលិចទឹកនោះទេ។ នៅពេលដែលក្រុមការងាររបស់លោកទៅដល់ ជនសង្ស័យបានរត់គេចខ្លួនអស់បន្សល់ទុកតែត្រាក់ទ័រចំនួន ២ គ្រឿង និងអេចស្កាវ៉ាទ័រ ១ គ្រឿង។
លោកថ្លែងថា៖ «ខ្ញុំបានឃាត់ចាប់គ្រឿងចក្រ ហើយមនុស្សដែលជាជនសង្ស័យរត់ចោលអស់។ អ៊ីចឹងខ្ញុំអត់ដឹងខាងណា និងមានគ្នាប៉ុន្មាននាក់ទេ។ អ៊ីចឹងមានតែឱ្យតុលាការចាត់ការបន្តទៀត»។
ប៉ុន្តែ លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ កាលពីថ្ងៃ ១ ឧសភា ឲ្យដឹងថា អ្នកដែលបញ្ជាឲ្យឈូសឆាយដីព្រៃលិចទឹកនេះ ឈ្មោះ ជក់ ងួន មានតួនាទីជាចៅក្រមខេត្តស្វាយរៀង។ ចំណែកម្ចាស់អេស្កាវ៉ាទ័រឈ្មោះលោក រ៉ា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់។
លោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី ២ ឧសភាថ្លែងថា សាលាដំបូងខេត្តមិនទាន់ទទួលបានពាក្យបណ្តឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឡើយទេ។
លោក ស៊ិន វិរៈ បញ្ជាក់ថា ភាពយឺតយ៉ាវនេះ អាចមកពីកាលថ្ងៃទី ១ ឧសភា គឺជាថ្ងៃឈប់សម្រាក។ យ៉ាងណាក៏ដោយសំណុំរឿងនេះ អាចនឹងបញ្ចូនមកសាលាដំបូងខេត្តតាមបែបបទរដ្ឋបាលនៅថ្ងៃទី ៣ ខែឧសភា។
បើតាមលោក ស៊ិន វិរៈ សាលាដំបូងខេត្តកំពង់ធំ បានអនុវត្តទៅតាមច្បាប់ជាច្រើនករណី ពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃលិចទឹក និងករណីផ្សេងទៀត ដោយមានការផ្តន្ទាទោសទៅតាមច្បាប់។ ប៉ុន្តែសម្រាប់ការផ្តន្ទាទោសអាស្រ័យទៅលើចៅក្រមជាអ្នកសម្រេច៕