ភ្នំពេញៈ ក្រសួងយុត្តិធម៌ក្នុងពេលខាងមុខនឹងដាក់ចេញនូវយុទ្ធនាការមួយ ដែលមានរយៈពេល ៦ ខែ ដើម្បីដោះស្រាយភាពជាប់គាំងនៃសំណុំរឿងប្រមាណ ១ ម៉ឺនករណីនៅតុលាការ ហើយក្នុងនោះមាន ៧០ ភាគរយជាបទល្មើសគ្រឿងញៀន។ នេះបើតាមការអះអាងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ការអះអាងបែបនេះធ្វើឡើងពីម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្ដិធម៌» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ជិន ម៉ាលីន បានថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី [ក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា] បានជួបពិភាក្សាជាមួយប្រធានតុលាការ និងព្រះរាជអាជ្ញា ហើយបានដាក់ចេញនូវវិធានការមួយដែលមានការឯកភាពពីសម្តេចតេជោ [ហ៊ុន សែន] ប្រមុខរដ្ឋាភិបាលរួចហើយ ដោយនឹងដាក់ចេញនូវយុទ្ធនាការមួយដែលអនុវត្តសម្រាប់រយៈពេល ៦ ខែ។ យុទ្ធនាការសម្រាប់អនុវត្តរយៈពេល ៦ ខែក្នុងការរំដោះឲ្យអស់សំណុំរឿងចាស់ដែលកកស្ទះនៅតាមតុលាការ»។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា ការកកស្ទះនៃសំណុំរឿងនេះបានកើតឡើង បន្ទាប់ពីកម្ពុជាបានអនុវត្តវិធានការបង្ក្រាបបទល្មើសគ្រឿងញៀនដែលបានធ្វើឲ្យសំណុំរឿងមានកាន់តែច្រើន។ ក្នុងនោះសំណុំរឿងដែលបានជាប់គាំងប្រមាណ ១ ម៉ឺនករណីក្នុងឆ្នាំនេះ និងមានប្រមាណ ៧០ ភាគរយគឺជាបទល្មើសគ្រឿងញៀន។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា៖ «បញ្ហាកំពុងតែកើតមាននៅតាមសាលាដំបូងនៃការកកស្ទះសំណុំរឿង ហើយនៅតាមពន្ធនាគារកកស្ទះនៃអ្នកជាប់ឃុំ ព្រោះតែការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន។ ដូច្នេះទៅមុខទៀតនឹងកាន់តែកើនតទៀត។ ការងារនេះត្រូវការដោះបន្ទាន់មិនអាចរង់ចាំរយៈពេលយូរបានទេ»។
ស្របពេលដែលព័ត៌មានលម្អិតនៃយុទ្ធនាការនេះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះលោក ជិន ម៉ាលីន គ្រាន់តែប្រាប់ឲ្យដឹងខ្លះៗថា យុទ្ធនាការថ្មីនេះនឹងចាប់ផ្តើមអនុវត្តសាកល្បងនៅរាជធានីភ្នំពេញដែលជាតំបន់មួយដែលមានភាពជាប់គាំងនូវសំណុំរឿងច្រើនជាងគេទូទាំងប្រទេស។ ក្នុងករណីដែលការអនុវត្តទទួលបានជោគជ័យ ក្រសួងនឹងប្រកាសដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្តង។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកមិនទាន់មានមតិយោបល់ចំពោះគម្រោងនៃការដាក់ចេញយុទ្ធនាការនេះនោះទេ ខណៈសាលាដំបូងរាជធានីភ្នំពេញនៅមិនទាន់ទទួលបានដំណឹងនេះនៅឡើយដែរនោះ។
លោកបានបញ្ជាក់ថា៖ «ការសម្រេចនេះនៅថ្នាក់ក្រសួង ប៉ុន្តែខាងតុលាការយើងមិនទាន់ដឹងទេ ហើយខ្ញុំក៏មិនអាចបញ្ចេញមតិយោបល់អ្វីពីរឿងនេះដែរ»។
អ្នកជំនាញផ្នែកច្បាប់លោកមេធាវី សុក សំអឿន ក៏មិនទាន់អាចវាយតម្លៃបាននោះដែរ ចំពោះយុទ្ធនាការក្នុងពេលខាងមុខនេះដោយលោកថាមិនដឹងវិធានការនោះមានអ្វីខ្លះ? ប៉ុន្តែអ្វីដែលលោកមើលឃើញពីបញ្ហាដែលបង្កការរារាំង និងបង្កឲ្យមានភាពជាប់គាំងសំណុំរឿងនោះ គឺអាចបង្កមកពីភាពស្មុគស្មាញនៃនីតិវិធីនៅតាមប្រព័ន្ធតុលាការមួយចំនួន ដែលទាមទារឲ្យមានការកែប្រែ។
ជាមួយគ្នានោះលោកលើកឡើងថា ការបែងចែកតួនាទីរបស់ចៅក្រមមិនដាច់ស្រេចទៅតាមជំនាញនីមួយៗ ដូចជាចៅក្រមស៊ើប ឬចៅក្រមជំនុំជម្រះ ក៏ជាវិធានការមួយដែលចាំបាច់គួរតែអនុវត្តផងដែរ ព្រោះមិនត្រូវដាក់លាយឡំគ្នានោះទេ។
លោកថ្លែងថា៖ «ខ្ញុំអាចដឹងព្រោះកន្លងមកឃើញមានការមមាញឹកច្រើនដែរដែលប្រហែលជាត្រូវពិនិត្យមើលឡើងវិញចំពោះនីតិវិធីនៃដំណោះស្រាយហ្នឹងដែលស្មុគស្មាញច្រើន។ យើងអាចកាត់ខ្លះអីទៅ វាក៏អាចពាក់ព័ន្ធនឹងយុទ្ធនាការនេះ»។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានឲ្យដឹងថា សំណុំរឿងចាស់ៗប្រមាណ ១ ម៉ឺនករណីក្នុង ១ ឆ្នាំៗត្រូវបានតុលាការដោះស្រាយនៅទូទាំងប្រទេសស្របពេលដែលរយៈពេលនេះក៏មានសំណុំរឿងថ្មីៗកើតឡើងបន្តបន្ទាប់ទៀតប្រមាណ ១ ម៉ឺនករណីដូចគ្នា ដែលជាហេតុនាំឲ្យមានការកកស្ទះដល់ឆ្នាំបន្ទាប់៕