ភ្នំពេញៈ សំរាម​ប្រមាណ ១ ៥ ០០ ​តោន​ក្នុងនោះ​ភាគច្រើន​ជា​សំរាម​ប្លាស្ទិក​ត្រូវបាន​កាយ​ចេញ​​ពី​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​ក្នុង​រយៈពេល​ជាង​កន្លះ​ខែ ប៉ុន្តែ​មន្ត្រី​ថា ចំនួន​សំរាម​នេះ​គឺ​មាន​ការថយចុះ​ជាង​មុន ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​បរិមាណ​ច្រើន​ដដែល​។

លោក​ ដួង ចាន់សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុមការងារ​បាន​ចាប់ផ្តើម​ដំណើរការ​ស្តារ​ ឬ​កាយ​សំរាម​ដែល​នៅ​កកស្ទះ​ចេញពី​ប្រឡាយទឹក​ស្អុយ​នេះ​តាំងពី​ថ្ងៃទី​ ១០ ខែមីនា​ហើយ​សំរាម​នេះ​ត្រូវ​បាន​ស្តារ​រួច​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ៣១ ​មីនា ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ​កាត់បន្ថយ​ការលិចលង់​នៅ​រដូវវស្សា​ខាងមុខ​។ ក្នុងពេល​ជាង​កន្លះ​ខែ ក្រុមការងារ​បាន​ស្តារ​សំរាម​ចេញពី​ប្រឡាយ​នេះ​បាន​ ៣៨០ ​ឡាន​ ឬ​ស្មើនឹង​ ១ ៩០០ ​ម៉ែត្រគុប​ដែលមាន​ប្រមាណ​ ១ ៥០០ ​តោន​ លើ​ប្រវែង​ប្រឡាយ​បឹងត្របែក​ ៩០០ ​ម៉ែត្រ​ ទទឹង ​៣០ ​ម៉ែត្រ​។

បើតាម​លោក ចាន់សារ៉ាត់ សំរាម​ដែល​ត្រូវបាន​ស្តារ​ចេញពី​ប្រឡាយ​ទាំងនេះ គឺ​បាន​ហូរ​មកពី​គ្រប់ទិសទី ជាពិសេស​តាមរយៈ​ពលរដ្ឋ​មិនបាន​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ «​ការស្តារ​សំរាម​ពី​ប្រឡាយ​បឹងត្របែក​នេះ បើ​ប្រៀបធៀប​ពេល​កន្លងមក គឺ​មាន​ការថយចុះ​ខ្លះ​ដែរ ព្រោះ​កន្លងមក​ពេល​យើង​កាយ​ម្តង​បាន​ជាង ២ ០០០ ​តោន​ឯណោះ ហើយ​ក្នុង​ ១ ​ឆ្នាំ យើង​កាយ​សំរាម​យ៉ាង​ហោចណាស់​ក៏​ ៤ ដង​ដែរ​»​។

លោក​ ចាន់សារ៉ាត់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ ខណៈ​នៅពេល​មាន​ការកកស្ទះ​អាច​នឹង​ធ្វើឱ្យ​ទឹក​ជន់លិច​ផ្លូវ និង​ផ្ទះសំបែង ដែល​បង្ក​ការលំបាក​ក្នុង​ការធ្វើ​ដំណើរ និង​ការរស់នៅ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើងថា ចំពោះ​វិធានការ​កន្លងមក​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​បាន​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​មនុស្ស​មួយចំនួន​ក្នុង​ការទុកដាក់​សំរាម​នេះ​គួរឱ្យ​កត់សម្គាល់​ជាពិសេស​គឺ​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​អ្នករស់នៅ​តាម​ប្រឡាយ​មេ ឬ​ប្រឡាយ​នានា​។ ប៉ុន្តែ​ពលរដ្ឋ​នៅ​កន្លែង​មួយចំនួន​ទៀត​គឺ​ពួកគេ​នៅ​តែ​មិន​ផ្លាស់ប្តូរ ហើយ​ការទុកដាក់​សំរាម​នៅតែ​មិនបាន​ត្រឹមត្រូវ​។

«​ឥរិយាបថ​នៃ​ការទុកដាក់​សំរាម​ដែល​នាំឱ្យ​សំរាម​ហូរ​ចូលទៅ​ប្រឡាយ​មេ​នៅក្នុង​តំបន់​រោងចក្រ​គឺ​ខ្ញុំ​មិនទាន់​ឃើញ​ពី​ភាពប្រសើរឡើង​ទេ​។ ​ក្នុង​ពេលនេះ​នៅពេល​មាន​ជំងឺឆ្លង​ដូច​ជំងឺ​កូវីដ​១៩​បើ​មាន​ការសម្អាត​បរិស្ថាន​បាន​ល្អ​ក៏​អាច​រួមចំណែក​ដល់​បញ្ហា​សុខភាព​ដែរ​»៕