
មន្ត្រីស៊ីម៉ាក់ រចនាអាវុធនិងកាំភ្លើងចាស់ៗ ធ្វើជារូបផ្សេងៗដូចជាដើមឈើ សត្វដំរីជាដើម។ ស៊ីម៉ាក់
ភ្នំពេញៈ អាវុធ និងកាំភ្លើងចាស់ៗអស់គុណភាពជិត ១ ម៉ឺនដើមហើយ ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរចនាឡើងធ្វើជារូបសត្វដំរី ដើមឈើ រថយន្ដ ផែនទី នាឡិកា ដើម្បីរក្សាទុកនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននៅខេត្តសៀមរាប ទុកឱ្យក្មេងៗ និងយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ ពីអំពើហិង្សាដែលកម្ពុជាជួបប្រទះនៅក្នុងសម័យសង្គ្រាម។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា គិតមកទល់បច្ចុប្បន្ន ស៊ីម៉ាក់បានយកសំណាកកាំភ្លើងដែលអស់គុណភាពជាង ៩ ០០០ ដើមហើយ មកកែច្នៃជារូបសត្វ និងវត្ថុផ្សេងៗ ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរសន្ដិភាព សកម្មភាពកំចាត់មីននៅសៀមរាប។
លោកថ្លែងថា៖ «យើងចង់រក្សាកាំភ្លើងដែលអស់គុណភាពអស់នោះ ដោយយកសំណាកទាំងនោះទៅតាក់តែងជាវត្ថុ និងរូបផ្សេងៗ ដើម្បីបង្ហាញពីអំពើហិង្សា ដែលបានកើតមាននៅប្រទេស កម្ពុជា។ យើងបានកែច្នៃសំណាកកាំភ្លើង ទាំងនេះ ធ្វើជារូបដំរី ជាដើមឈើ រូបផែនទី និងរូបនាឡិកាជាដើម។ គោលដៅសំខាន់ គឺយើងចង់បង្ហាញពីការប្រើប្រាស់អាវុធទាំងអស់នោះ មកជាគំនិតសន្ដិភាពនិយមវិញ»។
ក្រៅពីរក្សាទុកសំណាកកាំភ្លើងដែលអស់គុណភាពដើម្បីបង្ហាញពីគំនិតសន្ដិភាព លោក រតនា ប្រាប់ថា ក៏សម្រាប់ទុកអប់រំដល់ក្មេងៗ និងយុវជនជំនាន់ក្រោយឱ្យយល់ ព្រោះបើយកកាំភ្លើងទាំងនោះទៅកម្ទេចចោលអស់ នឹងបាត់បង់នូវវត្ថុតាង ឬការបង្ហាញការពិតដល់យុវជនជំនាន់ក្រោយមិនខាន។
លោកបន្ដថា៖ «ស៊ីម៉ាក់បានយកប្រភេទគ្រាប់មីនដែលអស់គុណភាពទាំងអស់ ដែលបានរកឃើញនៅកម្ពុជា ទៅដាក់តាំងបង្ហាញនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនហើយស៊ីម៉ាក់មានគោលដៅបន្ដកែច្នៃអាវុធអស់គុណភាពទាំងអស់ជាវត្ថុផ្សេងៗបន្ថែមទៀត»។
លោក រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធថា សត្វដំរីធ្វើពីកាំភ្លើងអស់គុណភាពជិត ៥ ០០០ ដើម ផលិតបានដំរីចំនួន ៣ ក្បាល ដែលជាសិល្បៈផ្សារគ្រាប់ និងកាំភ្លើងធ្វើជាដំរី។
លោកសរសេរថា៖ «សូមអរគុណបងប្អូនដែលខិតខំកែលម្អរូបភាពនៅសារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីននៅខេត្តសៀមរាប។ រូបដំរីទាំងនេះនឹងឈរបង្ហាញយុវជនជំនាន់ក្រោយៗ ឱ្យបានយល់ពីកម្លាំង និងសម្ភារនៃទម្រង់អំពើហិង្សានៃសង្គ្រាមស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជានេះ»។
បើតាមលោក រតនា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនជាសារមន្ទីរប្រវត្តិសាស្រ្តដំបូង និងធំជាងគេបង្អស់ក្នុងវិស័យ បោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅក្នុងប្រទេស កម្ពុជា។ សារមន្ទីរនេះស្ថិតក្រោមការគ្រប់គ្រងដោយស៊ីម៉ាក់។
សារមន្ទីរនេះ ជាមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវ ពីប្រវត្តិសាស្រ្តដែលកើតឡើងនៅក្នុងប្រទេស កម្ពុជា ក្នុងអតីតកាលមានដូចជា ប្រវត្តិសាស្រ្តសង្គ្រាម យុទ្ធសាស្រ្ត និងកលយុទ្ធសង្គ្រាម ប្រវត្តិនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទដែលបានទម្លាក់ និងកប់ក្នុងសម័យសង្គ្រាមអស់រយៈកាលជិត ៤ ទសវត្សរ៍ ព្រមទាំងប្រវត្តិនៃការកសាងសន្តិភាព ការអភិវឌ្ឍរបស់ប្រទេស កម្ពុជា ក្រោយពីសង្គ្រាមស៊ីវិលបានបញ្ចប់។
លោក ផាត ភារ: ប្រធានសារមន្ទីរសន្តិភាពសកម្មភាពមីន ស៊ីម៉ាក់ ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងជាមួយអគ្គស្នងការនគរបាលជាតិ ចំពោះការទទួលយកកាំភ្លើង និងអាវុធយុទ្ធភណ្ឌចាស់ មកកែច្នៃ ដើម្បីជាប្រយោជន៍ជាតិ ស៊ីម៉ាក់ ក៏បានទទួលកាំភ្លើង និងអាវុធចាស់ៗ អស់គុណភាព ជាង ១ ម៉ឺនដើម យកមកកែច្នៃជារូបសត្វ និងវត្ថុផ្សេងៗជាដើម។
លោកបន្ដថា៖ «រូបដែលយើងធ្វើឡើងទាំងអស់ គឺយើងចង់បង្ហាញពីសុខសន្ដិភាព តាមរយៈការតាំងបង្ហាញជារូបភាពផ្សេងៗ។ ចំណែកការងារកែច្នៃកាំភ្លើងជារូបសត្វ និងវត្ថុផ្សេងៗនេះ គឺមន្រ្ដី និងបុគ្គលិករបស់ស៊ីម៉ាក់ ជាអ្នកធ្វើដោយផ្ទាល់តែម្ដង»។
ទាក់ទងនឹងភ្ញៀវទេសចរចូលទស្សនាក្នុងសារមន្ទីរមីនខាងលើ លោក ភារៈ បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ២ ឆ្នាំ ដែលសារមន្ទីរមីនបានបើកដំណើរការមកនេះមានទាំងភ្ញៀវទេសចរខ្មែរ និងបរទេសបានមកទស្សនា ដោយមិនមានការបង់ថវិកានោះទេ៕