ភ្នំពេញៈ មជ្ឈ​មណ្ឌ​ល​សកម្មភាព​កំចាត់​មីន​កម្ពុ​ជា​ (ស៊ីម៉ាក់)​ និង​អង្គការ​ APOPO​ បានសហ​ការ​គ្នា​ស្រាវ​ជ្រាវ​អភិ​វឌ្ឍន៍បច្ចេក​ទេស​ថ្មីដោយ​បំពាក់​ ដ្រូន​ ម៉ា​ស៊ីន​ថត​រូប ឧប​ករណ៍​សំឡេង​ និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដល់​សុនខ​ហិត​មីន​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដោះ​មីន​ និង​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​កម្ពុជា​ឲ្យ​បាន​លឿន​ និង​មាន​សុវត្ថិភាព។

លោក ហេង រតនា អគ្គ​នាយក​ស៊ីម៉ាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា បច្ចេក​ទេស​ថ្មី​នេះ​ ធ្វើ​ឲ្យ​សុនខ​អាច​មាន​សេរី​ភាព​រត់​រុក​រក ហិត​ក្លិន​ជាតិ​ផ្ទុះ ដោយ​មាន​មន្ត្រី​ជំនាញ​បញ្ជា​ត្រួត​ពិនិត្យ​​ពី​ចម្ងាយ​​ តាមរយៈ​អេក្រង់​រូបភាព។

លោក​ថ្លែង​ថា ស៊ីម៉ាក់​ មាន​មោទ​ន​ភាព​ណាស់​ដែល​ការ​ស្រាវ​ជ្រាវអភិវឌ្ឍ​ន៍បច្ចេក​ទេស​ថ្មី​នេះ​ទទួល​បាន​ជោគ​ជ័យ​។ ​លោក​ឲ្យ​ដឹង​ថា ​បច្ចេក​ទេស​ថ្មី​ហៅ​ថា​ ស្មាត​ដក (Smart Dog) ​នេះ​គឺ​សំដៅ​លើ​ការ​បង្ហាត់​ដល់សត្វ​សុន​ខហិត​មីន ដើម្បី​បង្កើន​សមត្ថ​ភាព​ និង​កាត់​បន្ថយ​ផ្ទៃ​ដី​សង្ស័យ​មាន​មីន​ជា​មួយ​នឹង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្ដិការ​របស់​សត្វ​សុនខ​ហិត​មីន។

លោក​បានបញ្ជាក់​ថា​៖ «យើង​ចាប់​ផ្ដើម​សាក​ល្បង​បច្ចេក​ទេស​ថ្មី​នេះ​ដំបូង​នៅ​ឯ​ចម្ការ​មីន​ក្នុង​ខេត្ដ​ព្រះ​វិហារ ​ដោយ​ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ​បច្ចេក​ទេស​ថ្មី​នេះ បាន​ផ្ដល់​ភាពងាយ​​​ស្រួល​ដល់​មន្រ្ដី​ដោះ​មីន​របស់​ស៊ីម៉ាក់ដោយ​អាច​មើល​ឃើញ​សុ​នខរត់​រក​គ្រាប់​មីន​ និង​អាវុធ​ជាតិ​ផ្ទុះ​ពីចម្ងាយ ដែលងាយ​ស្រួល​ឲ្យ​អ្នក​បញ្ជា​មើល​ឃើញ​ទីលាន​ចម្ការ​មីន​បាន​ទាំង​មូល​ និង​ធ្វើ​ឲ្យ​ការ​បោស​សម្អាត​មីន​បាន​ឆាប់​រហ័ស​ជាង​មុន»។

លោក​បាន​ឲ្យ​ដឹង​ថា បច្ចេក​ទេស​ថ្មី​នេះ ស៊ីម៉ាក់ បាន​សហ​ការ​គ្នា​ជា​មួយ​អង្គ​ការ APOPO របស់​ប្រទេស ​បែល​ហ្ស៊ិក ដែល​ជា​ដៃគូ​សុនខ​ហិត​មីន​ និង​បាន​ប្រមូល​ផ្ដុំ​ក្រុម​មន្រ្ដី​ជំនាញ​ជើង​ចាស់​ខាង​ដោះ​មីន​ជា​ច្រើន​នាក់​ទៀត​មក​ពី​ប្រទេស​ បូស្នី ន័រ​វែស និង​ស៊ុយ​អែត ​ដើម្បី​រួម​គ្នា​ស្រាវ​ជ្រាវ​លើ​បច្ចេក​ទេស​ថ្មី​នេះ​បន្ថែម​ទៀត។

លោក រតនា ឲ្យ​ដឹង​ថា ក្នុង​ជំហាន​ដំបូង​ ក្រោយ​ការ​បង្ហាត់ហ្វឹក​ហ្វឺន​ជា​មួយ​សត្វ​សុន​ខចាប់​ពី​​ ៣ ​ទៅ​ ៤ ខែ ​លើ​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ថ្មី​នេះ ​ស៊ីម៉ាក់​នឹង​បំពាក់​បច្ចេក​ទេស​ថ្មី​នេះ​ ដល់​សត្វ​សុនខ​ចំនួន​ ៦ ​ក្បាល​សិន ​ដើម្បី​ជា​ការ​សាកល្បង។

លោក​បន្ដ​ថា​៖ «សម្ភារសម្រាប់​បំពាក់​ដល់​សុនខ​ទាំង​នេះ​ បាន​ផលិត​ឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវប្រទេស ស្វ៊ីស ហើយ​ជំហាន​ដំបូង​នេះ ​គឺ​ជា​ជំនួយ​ពី​អង្គការ​ APOPO និង​សប្បុ​រស​ជន​បាន​ផ្ដល់​ជំនួយ​ពីហ្សឺណែវ​ និង​បែល​ហ្ស៊ិក​មក​។ ​ប៉ុន្ដែ​ផលិត​ផល​បច្ចេក​ទេស​ដែល​លក់​នា​ថ្ងៃ​ខាងមុខ​គឺ​ស៊ី​ម៉ាក់​ត្រូវ​ទិញដោយ​ខ្លួន​ឯង​​ហើយ​វា​ក៏ថ្លៃ​ដែរ​»។

សកម្មភាពសុនខហិតមីនបំពាក់ឧបករណ៍ថតរូប។ CMAC/APOPO

បើតាម​ លោក ហេង រតនា ស៊ីម៉ាក់​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​សុនខ​ក្នុង​សកម្ម​ភាព​បោស​សម្អាត​មីន​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ ហើយ​ក្រុម​សុ​នខ​ដោះ​មីន​ បាន​រំដោះ​ផ្ទៃដី​បាន​ជាង​ ៧៨​ គីឡូ​ម៉ែត្រ​ការ៉េ ​រក​ឃើញ​ និង​កម្ទេច​ចោល​គ្រាប់​គ្រប់​ប្រភេទ​ជិត​ ២​ ម៉ឺន​គ្រាប់។

ទាក់​ទង​នឹង​វីរ​ភាព​របស់​សត្វ​សុនខ​ហិត​មីន​នេះ​ លោក ហេង រតនា តែង​តែ​ផ្សព្វ​ផ្សាយ​ទៅ​សាធា​រណ​ជន​ ដោយ​បាន​ចែក​រំលែក​បទ​ពិសោធ ​ចំណេះ​ដឹង​ ស្តី​ពី​ប្រតិ​បត្តិ​ការ​របស់​​សុនខ​ ការ​ថែ​ទាំ​សុខ​ភាព​សុនខ​ និង​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​របស់​សុនខក្នុង​ការ​បម្រើសង្គម​ ជា​ពិសេស​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្រ​ឡាញ់​សុនខ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ចៀស​វាង​អំពើ​អវិ​ជ្ជ​មាន​ផ្សេង​ៗ ​ដូច​ជា​ ការ​បរិ​ភោគ​ និង​ជួញ​ដូរ​សាច់​សុ​នខ​ជា​ដើម​។

លោក Michael Heiman នាយក​កម្ម​វិធី​​​នៃអ​ង្គការ​ APOPO បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា បច្ចេកទេស​ថ្មីដែល​បំពាក់​លើ​សុន​ខ​ហិត​មីន​ទាំង​នេះ​ បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ GICHD និង​ DIGGER ​នៅ​ប្រទេស​ ស្វ៊ីស​ ហើយ​អង្គ​ការ APOPO ត្រូវ​បាន​ជ្រើស​រើស​ជា​ដៃគូ​អនុវត្តន៍។

លោក​ថ្លែង​ថា បច្ចេក​ទេស​ថ្មី​នេះ​ អាច​ឲ្យ​សុនខ​រុក​រក​មីន​ប្រក​បដោ​យ​ប្រសិ​ទ្ធ​ភាព​ខ្ពស់​និង​ដំណើរ​ការ​ដោយ​គ្មាន​ខ្សែ​នៅ​ពេល​សុ​នខ​ចូល​ក្នុង​​តំបន់​ព្រៃឬ​តំបន់​ដែល​មាន​រុក្ខ​ជាតិ​ច្រើន​។ បច្ចេក​ទេស​ថ្មីនេះ​មាន​សក្តានុពល ​ពន្លឿន​ការ​រំដោះ​ដី​នៅក្នុង​តំបន់​ដែល​អាច​មាន​មីន។

លោក​ថា​៖ «សុន​ខ​ដែលបំពាក់​ដោយ​បច្ចេក​ទេស​ថ្មី​នេះ​ បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិ​បត្តិ​ការ​​វាយ​តម្លៃ​ដំបូង​នៅ​ខែ មីនា ឆ្នាំ ​២០១៩ នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ហើយ​លទ្ធ​ផល​មក​ដល់​ពេល​នេះ​គឺ​ល្អ​ហួស​ពីការ​រំពឹង​ទុក»។

បើតាមលោក Michael Heiman អង្គ​ការ​ APOPO និងស៊ីម៉ាក់មាន​ភាព​ជា​ដៃ​គូ​យូរ​មក​ហើយ​ ដោយ​ធ្លាប់​​សហ​ការ​រុក​រក​មីន​តាម​រយៈ​សត្វ​កណ្តុរ​ ហើយ​នៅ​ឆ្នាំ​ ២០១៧​ កម្ម​វិធី​បង្ហាត់​សុន​ខ​ដោះ​មីន​វ័យ​ឆ្លាត​ SMART Dog ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ ដោយ​បង្ហាត់​សត្វសុនខ​របស់​ CMAC​ នៅ​ខេត្ត​កំពងឆ្នាំង។

លោក​បានបន្ថែម​ថា អង្គការ APOPO មាន​អ្នក​ឯក​ទេស​បង្ហាត់​សត្វសុ​នខ ​ដែល​មាន​ជំនាញ​ខ្ពស់​ និង​កំពុង​ស្វែង​រក​សត្វ​សុនខពី​អឺរ៉ុប​​ដើម្បី​ទទួល​បាន​ការ​បង្ហាត់​បន្ថែម​ពី ៦ ទៅ ៨ ​ខែ​ ទៀត​ជា​មួយ​នឹង​គ្រូ​បង្ហាត់​​របស់​អង្គការ CMAC៕