ភ្នំពេញៈ ប្រទេស ស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់ប្រមាណ ៣, ៣៤ លានដុល្លារ ក្នុងគម្រោងដែលមានរយៈពេល ៣ ឆ្នាំបន្ថែមទៀត ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័ននេះបានឲ្យដឹងកាលពីម្សិលមិញថា កម្មវិធី CCCA-៣ សម្រាប់ឆ្នាំ ២០២០-២០២២ នឹងផ្ដល់ការគាំទ្រសំខាន់ៗ ដោយជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងផ្ដល់ប្រយោជន៍ដល់ក្រុមងាយរងគ្រោះជាងគេបង្អស់នៅក្នុងសង្គម។
សេចក្តីប្រកាសបញ្ជាក់ថា៖ «កម្មវិធី CCCA គឺជាកម្មវិធីប្រែប្រួលអាកាសធាតុគំរូមួយ ក្នុងប្រទេសកម្ពុជា អនុវត្តរួមគ្នាដោយ UNDP និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)។ កម្មវិធីនេះសហការជាមួយរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជនដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៩ មកដោយបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសស៊ុយអែត សហភាពអឺរ៉ុប និង UNDP។ នេះជាដំណាក់កាលទី ៣ នៃការអនុវត្តនូវកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា»។
បើតាមសេចក្តីប្រកាសនេះ កម្មវិធីផ្ដល់ជំនួយខ្នាតតូចរបស់ CCCA បានផ្ដល់ឱកាសឱ្យស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ និងដៃគូវិស័យឯកជនជាច្រើនបានធ្វើតេស្តសាកល្បងលើវិធីសាស្ត្រផ្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកៀរគរធនធានហិរញ្ញប្បទានសម្រាប់អនុវត្តគំនិតផ្ដួចផ្ដើមជោគជ័យនានា។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះសកម្មភាពរបស់កម្មវិធីប្រែប្រួលអាកាសធាតុបានក្លាយជាធាតុផ្សំដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កម្មវិធី CCCA បានផ្ដល់ការគាំទ្រដល់ការដាក់បញ្ចូលចំណុចគោលដៅស្ដីពីការផ្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយថវិកា និងកម្មវិធីតាមវិស័យសំខាន់ៗ។
លោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ខណៈពេលដែលគ្រប់គ្នាទូទាំងសកលលោកកំពុងទទួលរងការវាយប្រហារពេញទំហឹងពីការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា យើងចាំបាច់ត្រូវធានាថា ការវិនិយោគរបស់យើងនឹងជួយធ្វើឲ្យពិភពលោកកាន់តែមានភាពស្រស់ស្អាត និងកាន់តែមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។
លោកថា៖ «យើងអាចប្រើប្រាស់កាលានុវត្តភាពនានាដែលមាននៅក្នុងអំឡុងពេលដែលមានវិបត្តិបែបនេះ ដើម្បីជួយឱ្យការវិនិយោគរបស់រាជរដ្ឋាភិបាលកាន់តែមានលទ្ធភាព បង្កើនភាពធន់ទៅនឹងកត្តាអាកាសធាតុ ព្រមទាំងជួយជំរុញការវិនិយោគវិស័យឯកជនដែលគិតគូរពីបរិស្ថាន និងមានភាពធន់»។
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជាបានឲ្យដឹងថា នៅក្នុងដំណាក់កាលថ្មីនេះការគាំទ្ររបស់ប្រទេសស៊ុយអែតគួបផ្សំនឹងថវិកាបដិភាគ ៦ លានអឺរ៉ូពីសហភាពអឺរ៉ុបដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ និង ០,៥ លានដុលា្លរអាមេរិកពី UNDP នឹងផ្ដោតលើការអនុវត្តឱ្យកាន់តែស៊ីជម្រៅចំពោះសកម្មភាពបរិស្ថានក្នុងវិស័យសំខាន់ៗចំនួន ៥។
លោកថ្លែងបន្តថា វិស័យសំខាន់ៗទាំងនោះរួមមានវិស័យថាមពល សាធារណការ និងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ បរិស្ថាន និងអប់រំ។ លោក មានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារឱ្យមានការចាត់វិធានការប្រកបដោយមហិច្ឆតាឱ្យបានលឿនដើម្បីដោះស្រាយ។
កម្មវិធី CCCA ផ្ដល់លទ្ធភាពឱ្យតួអង្គសំខាន់ៗនៅក្នុងប្រទេសកម្ពុជាធ្វើការអនុវត្តសកម្មភាពបន្ថែមដើម្បីការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រទេសស៊ុយអែតគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ»។
លោកបន្ថែមថា កម្មវិធី CCCA-៣ ក៏មានបញ្ចូលកម្មវិធីផ្ដល់ជំនួយសម្រាប់គម្រោងផ្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈនវានុវត្តន៍ផ្ដល់ជំនួយបច្ចេកទេសដល់ ក.ជ.អ.ច សម្រាប់ការសម្របសម្រួលជារួមលើការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុភាពជាដៃគូក្នុងការស្រាវជ្រាវដើម្បីពង្រឹងទិន្នន័យ និងចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាផងដែរ៕