ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញស្ត្រីជនជាតិខ្មែរ អាយុ ៤២ ឆ្នាំ ដែលជាពលករមកពីប្រទេសថៃ ១ រូប តេស្តវត្ថុសំណាករបស់គាត់លើកទី៤ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩។ ជាមួយគ្នានេះដែរ ពលករខ្មែរ ៤ នាក់ និងអ្នកដំណើរម្នាក់បានព្យាបាលជាសះស្បើយកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១។
របាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ពលកររូបនេះស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ របស់ស្ត្រីរូបនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ស្ថានភាពពលករខ្មែរដែលធ្វើដំណើរពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាតាមព្រំដែនខេត្តបន្ទាយមានជ័យគឺនៅតែមានជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ហើយអាជ្ញាធរនៅតែបន្តការត្រួតពិនិត្យសុខភាព និងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្តដែលមានចំនួន ១៧ កន្លែងផងដែរ។
លោកបានមានប្រសាសន៍ថា៖ «ខេត្តរបស់យើងបានបង្កលក្ខណៈបានយ៉ាងល្អទៅដល់ពលករខ្មែរទាំងអស់ទាំងការពិនិត្យ ការបញ្ជូនទៅស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក និងការព្យាបាលអ្នកជំងឺដែលបានរកឃើញមានវិជ្ជមានកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយយើងបានប្រើប្រាស់កម្លាំងសរុបទាំងអស់នៅក្នុងខេត្ត»។
លោក លី សារី ក៏បានថ្លែងអំណរគុណ និងកោតសរសើរទៅដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាដែលជាវីរភាពមួយដើម្បីខ្មែរជួយខ្មែរ។
សម្រាប់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមខេត្តបន្ទាយមានជ័យហើយបានបំពេញនូវការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃត្រឹមត្រូវតាមវិធានការក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៨ ខែមករា បានបញ្ចប់ចត្តាឡីស័កជាង ៣ ០០០ នាក់ ហើយពលករប្រមាណជា ៣ ០០០ នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាក្នុងខេត្តនេះផងដែរ។
យោងតាមរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការគ្រប់គ្រងកូវីដ១៩ក្នុងខេត្តបាត់ដំបងនាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ បានឱ្យដឹងថា ពលករខ្មែរដែលបានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញសរុបចំនួន ២ ៣០៧ នាក់ និងពលករដែលនៅសល់ក្នុងមណ្ឌលចត្តាឡីស័កខេត្តបាត់ដំបងសរុបចំនួន ៩៥៦ នាក់។ សម្រាប់ខេត្តបាត់ដំបងមានមណ្ឌលចត្តាឡីស័កសរុប ១១ មណ្ឌល រួមមានស្រុកកំរៀង សំពៅលូន ភ្នំព្រឹក បវេល ថ្មគោល សំឡូត ឯកភ្នំ បាណន់ មន្ទីរពេទ្យបង្អែកខេត្ត រតនមណ្ឌល និងស្រុកមោងឫស្សី។
នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ មានករណីអ្នកជំងឺកូវីដ ១៩ ជាសះស្បើយចំនួន ៥ នាក់ក្នុងនោះមានពលករខ្មែរចំនួន ៤ នាក់ និងអ្នកដំណើរចូលមកកម្ពុជាចំនួន ១ នាក់។
គិតត្រឹមថ្ងៃម្សិលមិញនេះ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ចំនួន ៤៦១ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៤២៨ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣៣ នាក់ក្នុងនោះមានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនចំនួន ៧ នាក់។
មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន ១ នាក់ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យចំនួន ១៦ នាក់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន ៥ នាក់ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យចំនួន ២ នាក់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១ នាក់ និងមណ្ឌលសុខភាពចាក់អង្រែចំនួន ១ នាក់។
ដោយឡែកយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា គិតត្រឹមរសៀលថ្ងៃទី ២៨ ខែមករា មានមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលចំនួន ៣៥៤ រូប បានបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួនជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជំហានទី២។
គួរបញ្ជាក់ផងដែរថា ការបរិច្ចាគប្រាក់បៀវត្សរ៍នេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់លោកទាំងអស់បន្ទាប់ពីកាត់ពន្ធហើយចំនួន ៧ ខែ ដែលសរុបជាង ៦៣ លានរៀលទៅដល់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕