ភ្នំពេញ៖ ស្រ្តីជន​ជាតិ​ខ្មែរ​ អាយុ​៥៦​ឆ្នាំ​ម្នាក់​ទៀត រស់នៅ​ក្នុង​ខណ្ឌ៧​មក​រា រាជធានី​ភ្នំពេញ​ បាន​ទទួល​មរណ​ភាព​​ដោយ​សារ​ជំងឺ​កូវីដ​១៩ នា​ថ្ងៃពុធ​ទី៣១ ខែ​មីនា ឆ្នាំ​២០២​១នេះ​ ដែល​នេះ​ជាករ​ណី​ស្លាប់​ទី១២​ហើយ​ ដោយសារ​ជំងឺ​កូវីដ ក្នុង​ប្រទេស​កម្ពុជា។ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​ចេញ​នៅ​ល្ងាច​ថ្ងៃនេះ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា នៅថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២១ ស្ត្រីរូប​នេះ ​ត្រូវ​បាន​រកឃើញ​ថា មានវិជ្ជ​មាន​វីរុស​កូវីដ​១៩ ដោយ​មន្ទីរ​ពិសោធន៍​នៃវិទ្យា​ស្ថាន​ប៉ាស្ទ័រក​ម្ពុជា ហើយ​ត្រូវ​បា​ន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​។

អ្នក​ជំងឺ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ តាំងពី​ចូល​សម្រាក​ដំបូង ដែល​តម្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ ប្រើ​ប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ដើម្បី​ជួយ​សង្គ្រោះ​រហូត​ដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ២០២​១។ ទោះបី​ជា​ក្រុម​គ្រូ​ពេទ្យ​បានខិ​តខំ​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ តាម​បច្ចេក​ទេស​យ៉ាង​ណា​ក៏ដោយ ក៏នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​បាន​ឡើយ​។

ក្រសួងបាន​បញ្ជាក់ថា ៖ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីនេះបានស្លាប់បាត់បង់ជីវិតដោយ​សារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ​១៩​នៅ​វេលាម៉ោង ១០ :៣៧នាទីព្រឹក»៕