ក្រចេះ:ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ បានស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើត​ហេតុ ​នៅ​ពេល​​​រថយន្ត​​ដែល​គាត់​ធ្វើ​ដំណើរ​ជា​មួយ​​បាន​ជួប​​គ្រោះ​ថ្នាក់​ចរា​ចរណ៍ដោយ​បុក​ពី​ក្រោ​យ​​រថយន្ត​​ដឹក​ឈើ​ដែល​កំពុ​ង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នានៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​ ៧ ត្រង់​​ចំណុច​ភូមិ-ឃុំ​អូរ​គ្រៀង ស្រុកសំ​បូរ កាល​ពី​យប់​ថ្ងៃ​ទី ៣១ ខែ​ មីនា ឆ្នាំ ២០១៩។

លោក ​តូច ស៊ីថា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរគ្រៀង បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ស្ត្រី​រងគ្រោះ​ជន​ជាតិ​ចិន​ដែល​បាន​​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ ឈ្មោះ Shi Liang Fei អាយុ ​៤៣​ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត Zhe Jiang ប្រទេស​ ចិន បាន​ចូល​មក​ស្នាក់​នៅ​និង​បម្រើ​ការងារ​ក្នុង​ប្រទេស​ កម្ពុជា កាល​ពីថ្ងៃ​ទី ១៩ ខែ​ កុម្ភៈ ឆ្នាំ ២០១៧។

លោក​ ស៊ី​ថា ដែលបាន​ដឹកនាំ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ ដល់​កន្លែង​កើត​ហេតុ​នោះ បាន​ថ្លែង​ថា នៅ​មុន​ពេល​​កើត​ហេតុ រថ​យន្ត​ស្ត្រី​រង​គ្រោះ ដែល​បើកបរ​ដោយ​បុរស​ជន​ជាតិ​ចិន​ឈ្មោះ Qian Lijun អាយុ ​៥២​ ឆ្នាំ បានធ្វើ​​ដំណើរ​ពីខេត្ត​ស្ទឹង​ត្រែង ក្នុង​ទិស​ដៅ​ទៅ​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​ដោយ​ខ្វះការ​ប្រុង​ប្រយ័ត្ន លោក​ Lijun ដែល​គ្មាន​ប័ណ្ណ​បើក​បរ​ជាប់​ខ្លួន បាន​បុកពី​ក្រោយ​រថ​យន្ត​កែច្នៃ​ដឹក​ឈើ​ក្ដារ​បន្ទះ ​១ គ្រឿងដែល​បើក​បរ​ដោយ​ឈ្មោះ​​មាន ម៉ុល អាយុ ​២០ ​ឆ្នាំ ជាអ្នក​រស់នៅក្នុង​ភូមិ​-ឃុំ កើត​ហេតុ​ខាង​លើ​ និង​ដែល​កំពុង​ធ្វើ​ដំណើរស្រប​ទិស​គ្នា នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​ ៧ ត្រង់​ចំណុច​ភូមិ-ឃុំ​អូរគ្រៀង ​ស្រុក​សំបូរ ពេញ​មួយ​ទំហឹង​តែម្ដង។

លោក​ថា​៖ «យោង​តាម​ការ​ពិនិត្យ​ភាព​ជាក់​ស្ដែង​នៅ​កន្លែង​កើត​ហេតុ និង​ការ​សាក​សួរ​ព័ត៌មាន​ជំហាន​ដំបូង គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​ជន​ជាតិ​ចិន​ឈ្មោះ Qian Lijun ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ទៅ​បុក​ពីក្រោយ​រថយន្ត​អ្នក​ដទៃ បង្ក​ឲ្យ​អ្នក​រួម​ដំណើរ​ជា​មួយ​ខ្លួន​ស្លាប់»។

លោក​ ស៊ីថា ​បន្ត​ថា ក្រោយ​ការ​ពិនិត្យ​ និង​វាស់​វែង សមត្ថ​កិច្ច​បាន​នាំយក​រថយន្ត​បង្ក​ហេតុ និង​រថយន្ត​ដឹក​ឈើ​នោះ ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំអូរ​គ្រៀង ដើម្បី​រង់​ចាំការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោ​យ​ ខណៈ​សព​ស្ត្រី​រងគ្រោះ​ ត្រូវ​បាន​បញ្ជូន​មក​ភ្នំ​ពេញ ជាមួយ​បុរ​សជន​ជាតិ​ចិនដែល​ជា​អ្នក​បើករ​ថយន្ត​បង្កដើម្បី​បញ្ជូន​ឲ្យ​សាច់​​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រព​ណី។

លោក​ ហ៊ន ប៉ូច ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​​ថា យោង​តាម​មាត្រា​ ៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ក្នុង​ប្រទេស​កម្ពុជា អ្ន​ក​បើកបរ​ជន​ជាតិ​ចិន ដែល​គ្មាន​ប័ណ្ណ​បើកបរ​ជាប់​ខ្លួន​និង​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​បណ្ដាល​ឲ្យ​អ្នក​រួម​ដំណើរ​ជា​មួយ​ស្លាប់​បែប​នេះ​ អាច​ប្រឈម​នឹង​ការ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី​ ១ ឆ្នាំ ទៅ​ ៣ ឆ្នាំ និងពិន័យ​ជា​ប្រាក់​ពី​ ៤ លានរៀល​ ដល់​ ១៥ ​លាន​រៀល។

លោក​ថ្លែង​ថា​៖ «តាម​ធម្មតា​ជន​បរទេសដែល​អាច​បើករថ​យន្ត​ក្នុង​ប្រទេ​ស​​ដទៃ​ទៀត ក្រៅ​ពី​ប្រទេស​របស់​ខ្លួន ចាំ​បាច់​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​អន្តរ​ជាតិ ឬប័ណ្ណ​បើកបរ​ដែល​ចេញ​ដោយ​ប្រទេស​ដែល​ខ្លួន​កំពុង​បំពេញ​ការ​ងារ​និង​ស្នាក់​នៅ ប៉ុន្តែ លោក Qian Lijun មិន​មាន​ប័ណ្ណ​បើកបរ​ជាប់​ខ្លួន​នោះ​ទេ។ ម្យ៉ាង​ទៀត គាត់​បាន​បើកបរ​ទៅ​បុក​ពី​ក្រោយ​រថ​យន្ត​អ្នក​ដទៃ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា»។

ទោះ​ជា​បែប​ណា​ក្ដី លោក អៀ ចរិយា ទីប្រឹក្សា វិទ្យា​ស្ថាន​ជាតិ​សុវត្ថិ​ភាព​ចរាច​រ​ណ៍ផ្លូវ​គោក​ថ្លែង​ថា អ្នក​បើកបរ​រថ​យន្ត​ដឹក​​ឈើ ក៏អាច​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ក​រណីនេះ​ផងដែរ​ ប្រសិន​បើ​រក​ឃើញ​ថា គាត់​បាន​ដឹក​ឈើ​ខុស​លក្ខណ្ឌ​បច្ចេកទេស ។

លោក​​ពន្យល់​ថា​៖ «ក្នុង​ក​រណី​ដឹក​ទំនិញ​​លយ​​ចេញ​ពីទ្រុង​រថ​យន្តចាំ​បាច់​ត្រូវ​​ដាក់​ស្លាក​សញ្ញា​សម្គាល់​អំពីសុវត្ថិភាព​ចរាចរណ៍ ​ដើម្បី​ឲ្យ​គេ​​​បាន​ដឹង ​បើពុំ​ដាក់​ទេ​នោះ គឺ​ជា​កំហុស​ឆ្គង​ផ្នែក​បច្ចេក​ទេស​ដែ​ល​ទាម​ទារ​ឲ្យអ្នក​ដឹក​ជញ្ជូន​បែប​នោះ​មាន​ការទទួល​​ខុស​ត្រូវ​ផ្នែក​ច្បាប់​ចំពោះ​ជន​រង​គ្រោះ»។

បើ​តាម​លោក​ស៊ីថា លោក មាន ម៉ុល ដែល​ជា​អ្នក​បើក​រថយន្ត​កែច្នៃ​ដឹក​ឈើ​នោះ បាន​ដឹក​ក្ដារ​បន្ទះ ១៤០ សន្លឹក លយ​ចេញ​ពីទ្រុង​រថយន្ត ប៉ុន្តែ​បាន​ចង​ទៃ​ពណ៌ ស​​សម្រាប់​ជាសញ្ញា​សម្គាល់​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​បាន​ត្រឹម​ត្រូវ​ហើយ​គាត់​បើក​យឺ​៕