ភ្នំពេញៈ ស្ត្រី​ជា​មន្ត្រី​យោធា​ជើង​អាកាស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ម្សិលមិញ ​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​ជាង ​១២ ម៉ឺន​ដុល្លារ​អាមេរិក​ ពី​ជន​រងគ្រោះ​ជា​ថ្នូរ​នឹង​ការ​សន្យា​ជួយ​ឱ្យ​មាន​តួនាទី​ជា​មន្រ្តី​យោធា​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ ​ខណៈ​បុរស​ម្នាក់​ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ដូច​គ្នា​ ករណី​យក​ឈ្មោះ​ថា្នក់​ដឹកនាំ​ដើរ​បោកប្រាស់​ពលរដ្ឋ​ថា​យក​ទៅ​រត់​ការ​ចូល​បម្រើ​ការ​នៅ​តាម​ក្រសួង។

តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃទី ៣១ ​ខែ កក្កដា ​ឆ្នាំ ២០១៩​ ដោយ​លោក​ ​ខៀវ ផល្លា ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ​ករណី​ឆបោក​លុយ​ជាង ១២ ​ម៉ឺន​ដុល្លារ ​មាន​ឈ្មោះ ​ម៉ី ផានិត ​អាយុ ​៤៤ ឆ្នាំ ​មាន​តួនាទី​ជា​ជំនួយការ​សម្ភារ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ​មាន​លំនៅ​ផ្ទះ​លេខ ១០៣ ផ្លូវ​លេខ ៣ ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ។ ដីកា​ដដែល​នោះ​ បាន​បញ្ជា​ឲ្យ​ជន​សង្ស័យ​រូប​នេះ​ ចូល​ខ្លួន​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃទី ១៥ ​ខែ សីហា ​ដើម្បី​សាកសួរ​លើ​បណ្តឹង​​របស់​ឈ្មោះ​ សែម ស៊ីថា​ ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ​ពី​បទ​ឆបោក។

លោក ​ស ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា​សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ចន្ទ ​ដើម្បី​បន្ត​នីតិវិធី។ លោក​បន្ថែម​ថា​ ការ​ឃាត់​ខ្លួន​ស្ត្រី​រូប​នេះ​ គឺ​យោង​ទៅ​តាម​ដីកា​របស់​តុលាការ​។

លោក​បញ្ជាក់​ថា​៖ «បញ្ជូន​ទៅ​តុលាការ ​ព្រោះ​យើង​ទើប​តែ​ឃាត់​ខ្លួន​ថ្ងៃ (អាទិត្យ) ​ហ្នឹង ​ដោយ​ឃុំ​ខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​បណ្តោះ​អាសន្ន​សិន។ យើង​មិន​សួរ​ចម្លើយ​អ្វី​ទៀត​ទេ​ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សួរ​ទៀត​ដែរ ​យើង​ធ្វើ​តាម​ដីកា»។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ​ខៀវ ផល្លា ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​លោកស្រី យិច ឈាណាវី ​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ទេ ​ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

លោក ប្រាក់ សុខា​ អ្នក​នាំពាក្យ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នៃ​ក្រសួង​ការពារ​ជាតិ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ស្ត្រី​ត្រូវ​ចោទ​ឈ្មោះ ​ម៉ី ផានិត ​ពិត​ជា​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ​ដើរ​បោកប្រាស់​លុយ​ពី​ជន​រងគ្រោះ ​ដែល​ចង់​ចូល​ធ្វើ​មន្ត្រី​យោធា ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ ​ជិត ២០ នាក់​ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១២ ម៉ឺន​ដុល្លារ​មែន។ លោក​បន្តថា ​ហេតុ​ការ​ឆបោក​នេះ​ បាន​កើត​ឡើង​តាំងពី​អំឡុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨​ ដែល​លោក ​អះអាង​ថា​ ករណី​នេះ ​គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ ចំពោះ​មន្ត្រី​យោធា​ណា ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់។

លោក​បញ្ជាក់​ថា​ ៖ «លោកស្រី​ ម៉ី ផានិត ​រឿង​ហ្នឹង​វា​ពិតជា​អ៊ីចឹង​ហើយ ​ពាក់ព័ន្ធ​នឹង​រត់​ការ​ឲ្យ​គេ​ចូល​ទ័ព​ចូល​អីហ្នឹង​ គឺ​ជា​រឿង​របស់​គាត់​ទេ។ ប៉ុន្តែ​ប្រហែល​ជា​មាន ​(ជន​រងគ្រោះ) ​ច្រើន​​អ៊ីចឹង​មែន​បាន​ជា​មាន​គេ​ប្តឹង​បែប​ហ្នឹង​ ហើយ​វា​ដូច​តាំង​ពី​ឆ្នាំ​ទៅ​ឯណោះ។ តែ​សូម​ជម្រាប​ជូន​ថា ​គាត់​ប្រព្រឹត្ត​ធ្វើខុស​ច្បាប់ ​វា​ជា​រឿង​បុគ្គល​ទេ។ ចំពោះ​កង​ទ័ព​អាកាស​ទាំង​មូល​ គឺ​មិន​គាំទ្រ​ឲ្យ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ឲ្យ​ខុស​ច្បាប់ ​ជាពិសេស​ខុស​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​នៃ​កង​យោធពល​ខេមរភូមិន្ទ»។

ស្រដៀង​គ្នា​នេះ​ដែរ ​លោក ​កេង សុគន្ធ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ​កាល​ពី​ថ្ងៃទី ១០ ​សីហា​ កម្លាំង​នាយកដ្ឋាន ​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត ​ដែល​មាន​ឈ្មោះ សេក សុខជា ​ហើយ​បញ្ជូន​ទៅ​តុលាការ ​​ពី​ម្សិលមិញ​ផង​ដែរ។

លោក​បញ្ជាក់​ថា ​ការ​ឃាត់​ខ្លួន​នេះ ​បន្ទាប់​ពី​ជន​សង្ស័យ​បាន​ប្រើ​ល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ​ថា ​ខ្លួន​ស្គាល់​អ្នក​ធំ​នៅ​តាម​ក្រសួង​ ដោយ​លួងលោម​ឲ្យ​ជន​រងគ្រោះ​ទុក​ចិត្ត​ ហើយ​ជន​រងគ្រោះ​បាន​ប្រគល់​លុយ​ឲ្យ​ជា​បន្ដ​បន្ទាប់ ​ប្រមាណ​ជិត ​៤០ ម៉ឺន​ដុល្លារ។

លោក​និយាយ​ថា​៖ «បើ​សិន​ជា​មាន​ករណី​បែប​នេះ ​ហើយ​ត្រូវ​បាន​ម្ចាស់​បណ្តឹង​ប្តឹង ហើយ​បើ​យើង​រក​ឃើញ​ថា ​ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត​ហើយ គឺ​គ្មាន​អី​ក្រៅពី​ការ​កោះ​ហៅ​គាត់​ចូល​បំភ្លឺ។ បើ​រក​ឃើញ​ថា​ មាន​ទោស​ហើយ ​ថា​គាត់​បាន​ប្រព្រឹត្ត​ដូច​អ្វី​គេ​ចោទ​ប្រកាន់​មែន ​គឺ​នឹង​បញ្ជូន​ទៅ​តុលាការ»។

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក ​កែវ សុធា ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃ ៩ សីហា ​បាន​បញ្ជា​ឲ្យ​​ជន​សង្ស័យ​រូប​នេះ ​ចូល​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ ឲ្យ​បាន​មុន​ថ្ងៃទី ២៦​ ខែ សីហា ​ឆ្នាំ ២០១៩ ​ដើម្បី​សាកសួ​រលើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​ឆបោក ​និង​រំលោភ​ទំនុក​ចិត្ត​តាម​បណ្តឹង​របស់​ឈ្មោះ ​ម៉ក់ ចាន់ធី។

លោក​កែវ សុធា ​និយាយ​ថា​ ករណី​នេះ ​នៅ​មាន​ជន​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ដែល​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ ​ខណៈ​លោក​អះអាង​ថា ​លោក​នឹង​បោស​សម្អាត​ជន​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ឲ្យ​អស់។

លោក​បញ្ជាក់​ថា​៖ «ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើ​ការ​សិន​ កុំ​អាល​និយាយ​អ្វី​ផ្តេសផ្តាស ​ពីព្រោះ​នៅ​មាន​បក្ខពួក​វា​មួយ​ចំនួន​ទៀត​។ ខ្ញុំ​កំពុង​តែ​បោស​សម្អាត​មនុស្ស​ខិលខូច​មួយ​ចំនួន»៕