សៀមរាប៖ ស្ត្រីម្នាក់ដែលចាក់សាំងប៉ងដុតសម្លាប់ប្តី និងកូនតូចចំនួន ២ នាក់ ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃទី ២ ខែឧសភា ដោយចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» ទៅលើបុរសជាប្ដី។
លោក យ៉ិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ឧសភាថា ស្ត្រីឈ្មោះ ឡូញ សាន្ត អាយុ ២៦ ឆ្នាំ ជាកសិករមានទីលំនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបាននគរបាលស្រុកស្វាយលើ ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៣០ ខែមេសា បន្ទាប់ពីគាត់បានធ្វើសកម្មភាពយកសាំងចាក់ស្រោចលើបុរសជាប្ដី ព្រមទាំងកូនតូចៗ ២ នាក់ទៀត ដែលកំពុងដេកលង់លក់ក្នុងកូនខ្ទមចាំចម្ការមួយ ដែលធ្វើពីឫស្សី ប្រក់ស្លឹក ហើយដុតបណ្ដាលឲ្យឆេះរលាករងរបួសធ្ងន់ធ្ងរដល់ប្ដី និងកូនតូចៗទាំង ២ នោះ។
លោកថ្លែងថា កាលពីរសៀលថ្ងៃទី ២ ខែឧសភា ស្ត្រីដៃដល់ក្នុងករណីខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងចោទប្រកាន់ក្នុងបទល្មើស «ហិង្សាដោយចេតនា» និងបានបញ្ជូនខ្លួនមកកាន់តុលាការ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖ «ក្រោយពីបញ្ចប់នីតិវិធីស៊ើបសួរ នៅក្នុងរសៀលថ្ងៃដដែលនោះ លោក ស៊ិន សង្ហា ដែលជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានសម្រេចចោទប្រកាន់ស្ត្រីដ៏ហិង្សាឈ្មោះ ឡូញ សាន្ត ខាងលើនេះ ពីបទប៉ុនប៉ងឃាតកម្មតាមបញ្ញតិមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងបានចេញដីកាបង្គាប់ឲ្យនាំស្ត្រីត្រូវចោទទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត ជាបណ្ដោះអាន្ន»។
យោងតាមរបាយការណ៍របស់នគរបាលស្រុកស្វាយលើ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃទី ៣ ខែឧសភា អ្នកស្រី ឡូញ សាន្ត បានទទួលសារភាពចំពោះទង្វើរបស់គាត់ដែលបានប្រព្រឹត្តទៅលើបុរសជាប្ដី និងកូនតូចៗទាំង ២។
អ្នកស្រីប្រាប់សមត្ថកិច្ចថា គាត់ធ្វើបែបនេះ ព្រោះតែគាត់មិនអាចអត់ទ្រាំចំពោះបុរសជាប្ដី ដែលតែងតែដើរផឹកស្រាស្រវឹងរករឿងឈ្លោះ និងវាយទាត់ធាក់មកលើគាត់ជាប្រពន្ធ។
ក្នុងរបាយការណ៍នោះ លោក ស៊ុន អេង អធិការស្រុកស្វាយលើបានបញ្ជាក់ថា៖ « យោងតាមចម្លើយរបស់ស្ត្រីដៃដល់ក្នុងអំពើដ៏ហិង្សានេះ នៅព្រឹកថ្ងៃកើតហេតុ បុរសជាប្ដី ឈ្មោះ គង់ ឆាយ អាយុ ៤៨ ឆ្នាំ បានទៅដើរផឹកស៊ី ជាមួយអ្នកជិតខាងនៅក្នុងភូមិ។ លុះត្រឡប់ពីផឹកស៊ីវិញ ក៏បានបង្ករឿងឈ្លោះ និងវាយទាត់ធាក់ស្ត្រីជាប្រពន្ធចំនួនមួយកំផ្លៀង និង ២ ជើង និងព្រមទាំងវាយបំផ្លាញចាន ឆ្នាំងមួយចំនួនទៀត»។
លោកបន្តថា៖ «ដោយអត់ទ្រាំនឹងសកម្មភាពហិង្សារបស់បុរសជាប្ដីលែងបាននិងដោយភាពអវិជ្ជា ស្ត្រីជាប្រពន្ធក៏បានប្រព្រឹត្តអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ដោយបានយកសាំងទៅចាក់ស្រោចលើបុរសជាប្ដី ព្រមទាំងកូនស្រីតូចៗ ២ នាក់ រួមមានឈ្មោះ ឆាយ ស្រីមួយ អាយុ ៤ ឆ្នាំ និងឈ្មោះ ឆាយ ស្រីពៅ អាយុ ២ ឆ្នាំ ដែលកំពុងដេកលក់នៅក្នុងខ្ទមស្រែ ហើយដុតភ្លើងបណ្ដាលឲ្យឆេះរលាក និងរងរបួសធ្ងន់ធ្ងរដល់បុរសជាប្ដី និងកូនតូចៗទាំង ២ នោះ»។
បន្ថែមពីលើរបាយការណ៍នេះ លោក ស៊ុន អេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្ដី-ប្រពន្ធខាងលើនេះ ជាគ្រួសារកសិករក្រីក្រមានកូនតូចៗ ៣ នាក់ ក្នុងបន្ទុក។
ក្នុងហេតុការណ៍ដ៏អាក្រក់នោះ កុមារាឈ្មោះ ឆាយ គង់វង់ អាយុ ៦ ឆ្នាំ ដែលជាកូនប្រុសច្បងរបស់ពួកគេបានឃើញសកម្មភាពឪពុករបស់គេ វាយតប់លើម្ដាយរបស់គេពេលត្រឡប់ពីផឹកស្រា។ មិនតែប៉ុណ្ណោះ គង់វង់ ក៏បានឃើញសកម្មភាពម្ដាយរបស់គេ យកដបសាំងចាក់ស្រោចលើឪពុក និងប្អូនស្រីរបស់គេទាំង ២ ខាងលើនេះផងដែរ ។
លោកបានថ្លែងដោយលើកយកសម្ដីរបស់កុមារា ឆាយ គង់វង់ មកបញ្ជាក់ថា៖ «ខ្ញុំឃើញម៉ែយកដបសាំងមកចាក់ស្រោចលើពុក ហើយកេះដែកកេះដុត។ នៅពេលភ្លើងឆេះ ពុកក៏ដឹងខ្លួន ប៉ុន្តែគាត់អត់ដឹងថា ម៉ែដុតទេ គាត់ខំស្រែកឲ្យម៉ែជួយ ហើយម៉ែគាត់ក៏ស្ទុះមកជួយប្អូនៗខ្ញុំមុន បន្ទាប់មកទើបគាត់ទៅជួយពុក»។
បើតាមលោក ស៊ុន អេង នៅពេលនេះ កុមារា ឆាយ គង់វង់ ត្រូវបានលោក ឈឿម សាំង មេឃុំខ្នងភ្នំ ទទួលយកទៅថែរក្សាជាបណ្ដោះអាសន្នក្នុងគ្រួសាររបស់គាត់ ក្នុងគ្រាដែលឪពុក និងប្អូនស្រីទាំង ២ របស់គេ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តសៀមរាប។
រីឯម្ដាយរបស់គេត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនកាលពីរសៀលថ្ងៃទី ២ ខែឧសភា។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់នូវការប្រើអំពើហិង្សាក្នុងគ្រួសារ ដែលធ្វើឲ្យមានអរីភាពនៅក្នុងសង្គម។
លោកថ្លែងថា៖ «លទ្ធផលនៃអំពើហិង្សាក្នុងគ្រួសារមួយនេះ វាល្មមគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋស្វែងយល់ និងចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់វានៅក្នុងសង្គមជាតិរបស់យើង»៕