ស្ទឹងត្រែងៈ មន្ត្រីនគរបាល​ជា​ស្ត្រី​ដែល​បាន​បំបៅ​ដោះ​កូន​ក្នុង​ពេល​បំពេញការងារ​នៅ​ស្រុក​សៀមប៉ាង​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្ដិ​កាលពី​ម្សិលមិញ​ ដើម្បី​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ជា​នគរបាល ដែល​បាន​ពុះពារ​បំពេញ​ការងារ និង​បាន​ដើរតួនាទី​ជា​ម្តាយ​គំរូ​ដល់​ស្ត្រី​ដទៃ​ក្នុង​ការបំបៅ​ដោះ​កូន​។

ការដំឡើង​ឋានន្តរស័ក្ដិ​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​ជា​មន្ត្រី​នគរបាល​រូបនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​របស់ខ្លួន​ហៅ​ទៅ​ចុះកិច្ចសន្យា​ឱ្យ​បញ្ឈប់​ការបង្ហោះ​រូបភាព​បំបៅ​ដោះ​កូន ដែល​ធ្វើឱ្យ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាច្រើន រួម​ទាំងពី​ក្រសួង​មហាផ្ទៃ​ផងដែរ​។

ប៉ុន្តែ​ប្រធាន​ការិយាល័យ​ចាត់តាំង​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​លោក ឃួន គឹមលី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ការបំពាក់​ឋានន្តរស័ក្ដិ​នេះ​គឺ​ដើម្បី​ជា​សក្ខីភាព និង​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ដែល​បាន​បំពេញការងារ​បានល្អ​ក្នុង​អង្គភាព​របស់ខ្លួន​។

លោក​ថា​៖ «​សេចក្តី​សម្រេច​មាន​ហើយ រឿង​ឡើង​ស័ក្តិ គាត់​ (​ស្ត្រី​) ​ឡើង​ស័ក្ដិ​ពី​អនុសេនីយ៍ទោ​ទៅ​អនុសេនីយ៍ឯក កម្មវិធី​បំពាក់ស័ក្តិ​ឱ្យ​គាត់ ស័ក្តិ​ ៣ ​ចុះក្រោម ខាង​អគ្គស្នងការ​នគរបាល​ជាតិ អ្នកចេញ​»​។ ការបំពាក់​ស័ក្ដិ​នេះ​មិន​ត្រឹម​លើកទឹកចិត្ត​ដល់​គាត់​ម្នាក់​ទេ គឺ​លើកទឹកចិត្ត​ដល់​ស្ត្រី​ទាំងអស់ ដោយ​ឡែក​សម្រាប់​ស្ត្រី​ជា​នគរបាល​ខេត្តស្ទឹងត្រែង​ដែល​បាន​ពុះពារ​ក្នុង​ការងារ​ហើយក៏​ជា​សក្ខីកម្ម​មួយ​បញ្ជាក់ថា គាត់​ជា​នារី​បាន​ប្រឹងប្រែង​បំពេញ​ការងារ​។

លោក​ គឹមលី បាន​គូសបញ្ជាក់​ថា ការផ្តល់​ឋានន្តរស័ក្ដិ​ដល់​អនុសេនីយ៍ទោ​លោកស្រី​ ស៊ីថុង សុខា ត្រូវបាន​ស្នើឡើង​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ និង​ធ្វើឡើង​តាម​នីតិវិធី​ច្បាប់​។ លោក​ថា​៖ «​យើង​រៀបចំ​សំណើសុំ​ដំឡើង​ស័ក្ដិ​ឱ្យ​គាត់​យូរ​ដែរ​ហើយ (២ ​ខែ​មុន​) និង​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​បុគ្គលិក​ដែរ ប៉ុន្តែ​ស្របពេលនោះ​គឺមាន​ហេតុការណ៍​កើតឡើង សេចក្តី​សម្រេច​ឡើង​ស័ក្ដិ​ធ្លាក់​មក​លឿន ស្រប​ពេល​ជាមួយ​គ្នា​»​។

លោកស្រី​អនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង​ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង​មាន​វ័យ​ ៣០ ​ឆ្នាំ​បាន​ចូល​បម្រើ​ការងារ​ជា​នគរបាល​តាំងពី​ឆ្នាំ ២០១២​។ លោកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកស្រី​នឹង​ខិតខំ​បំពេញ​ការងារ​បន្ថែមទៀត ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ បន្ទាប់ពី​ឡើង​ឋានន្តរស័ក្ដិ​។

លោកស្រី​ថា​៖ «​ខ្ញុំ​ត្រូវ​ដំឡើង​ពី​អនុសេនីយ៍ទោ (​ស័ក្ដិ​ ២) ​ទៅ​អនុសេនីយ៍ឯក​ (​ស័ក្ដិ​ ៣) ខ្ញុំ​ត្រូវតែ​ប្រឹង​បន្តទៀត ទោះបី​ខ្ញុំ​ហត់នឿយ​ម៉េច​ក៏ដោយ​។ ខ្ញុំ​ត្រូវតែ​ប្រឹង​ទៀត​ព្រោះ​អី​ការងារ​ជា​នគរបាល​ខ្ញុំ​ស្រឡាញ់​តាំងពី​តូច ព្រោះ​ខ្ញុំ​ចង់​បម្រើ​ជាតិ ហើយ​ចង់​ក្លាយជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ​ដូច​មនុស្ស​ប្រុស​ដែល​ធ្វើបាន​»​។

លោកស្រី សុខា ក៏​ផ្តាំផ្ញើ​ដល់​ស្ត្រី និង​មាតា​ទាំងអស់​ត្រូវ​មាន​ភាពក្លាហាន និង​រឹងមាំ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ផ្តាំ​ទៅ​ស្ត្រី​ដែលជា​មាតា​គ្រប់គ្នា​ឱ្យមាន​ភាពរឹងមាំ​អង់អាច​ហើយ​និង​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ទោះបីជា​រវល់​យ៉ាងណា​ក៏ដោយ​ត្រូវ​ឆ្លៀតពេល​ផ្គត់ផ្គង់​ទឹកដោះ​ដល់​កូន​ឱ្យ​បាន​ពេញលេញ​»​។

ជាមួយ​គ្នា​នេះដែរ​លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ ១០ ​លាន​រៀល ខណៈ​សប្បុរសជន​ផ្សេងទៀត​ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​លោកស្រី ស៊ីថុង សុខា ដើម្បី​ជា​ការលើកទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

ការដំឡើង​ឋានន្តរស័ក្ដិ​នេះ​ធ្វើ​ឡើង​បន្ទាប់​លោកស្រី​ សុខា បាន​បង្ហោះ​រូបភាព​បំបៅ​ដោះកូន​កាលពី​ថ្ងៃទី​ ២ ខែ មីនា ឆ្នាំ​ ២០២១ ដោយ​សរសេរ​ថា​៖ «​ព្រោះតែ​ពាក្យ​ថា ម្តាយ​មិន​ថា ក្នុង​កាលៈទេសៈ​ណា​ទេ​ដើម្បី​កូន​ភ្លេច​អស់​ហើយ​ភាពអៀនខ្មាស (​នេះហើយ​ជីវិត​ពិត​)»​។

ប៉ុន្តែ​ក្រោយ​ការបង្ហោះ​នេះ លោកស្រី​ត្រូវ​បាន​ថ្នាក់ដឹកនាំ​របស់​ខ្លួន​អញ្ជើញ​ទៅ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ មិន​ឱ្យ​បង្ហោះ​រូបភាព​បែប​នេះ ដោយ​ចាត់ទុក​ថា ប៉ះពាល់​ស្ត្រី និង​អង្គភាព​នគរបាល​។ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ ក្រុម​ការងារ​យេនឌ័រ ក្រសួង​មហាផ្ទៃ​បាន​ផ្ញើលិខិត​ទៅ​អភិបាលខេត្ត​ស្ទឹងត្រែង​ឱ្យ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ករណីនេះ និង​ជំរុញ​ឱ្យ​មាន​ការលើក​ទឹកចិត្ត​ដល់​ស្ត្រី​ជា​មន្ត្រី​នគរបាល​ដែល​បំបៅ​ដោះ​កូន​នេះ​ដោយ​លើកឡើង​ថា ការបំបៅ​ដោះ​កូន​គឺជា​ការចាំបាច់​សម្រាប់​ម្តាយ​ដែល​គួរ​ឱ្យ​គោរព និង​គួរតែ​មាន​ការលើកទឹកចិត្ត​៕

វីដេអូ៖