ភ្នំពេញៈ ស្ត្រី​មាន​ផ្ទៃពោះ​ ​និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ ​ចំនួន​ជាង​ ១៧ ​ម៉ឺន​នាក់​ បាន​ទទួល​បាន​ការគាំពារ​ដោយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ប្រមាណ​ជាង​ ១០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ និង​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ ​ថ្ងៃទី​ ១៩ ខែ​ មករា ឆ្នាំ​ ២០២១​។

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម លោក វង សូត បាន​ថ្លែង​ឱ្យ​ដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ត្រូវបាន​អនុវត្ត​យ៉ាង​ល្អប្រសើរ​សម្រាប់​ឆ្នាំ ២០២០ បើទោះបី​ជា​មាន​ឧបសគ្គ​ដោយសារ​ជំងឺ​កូវីដ ​១៩ ​ក៏ដោយ​។

ការថ្លែង​បែបនេះ​ត្រូវបាន​លើកឡើង ខណៈ​ដែល​លោក វង សូត បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ឆ្នាំ​ ២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២១ នៃ​ការអនុវត្ត «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩» កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ កន្លង​ទៅ​នេះ​។

លោក​បន្តថា ដោយឡែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ដែល​ត្រូវ​បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ២៤ ខែ មិថុនា ឆ្នាំ​ ២០២០ កន្លងទៅនេះ​មាន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង ៧១ ​ម៉ឺន​គ្រួសារ (​ឬ​ប្រជាជន​ជាង ២,៨ ​លាន​នាក់​) បានទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិសេស​នេះ​ដោយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ ២៣២ ​លាន​ដុល្លារ បើ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ​ មករា ឆ្នាំ​ ២០២១ នេះ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ឱ្យដឹង​ផងដែរ​ថា ការប្រសើរ​ឡើង​នៃ​ការអនុវត្ត​កម្មវិធី​នេះ​ដោយសារ​បច្ចុប្បន្ន​កម្ពុជា​មាន​បច្ចេកទេស​គ្រប់គ្រាន់ និង​បច្ចេកវិទ្យា​ទំនើប​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ស្រី្ត​មាន​ផ្ទៃពោះ​ក្នុង​ការមក​ទទួល​សេវា និង​ទទួល​សាច់ប្រាក់​ជាដើម​។

លោក​ថ្លែងថា​៖ «​កម្មវិធី​នេះ​ដំបូង​ជួប​ការលំបាក​ច្រើន​ព្រោះ​ជា​កម្មវិធី​ថ្មី ទំនើប និង​ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​មុន​ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​មិនល្អ រអាក់រអួល​ធ្វើឱ្យ​កម្មវិធី​នេះ​ជួប​ឧបសគ្គ​ច្រើន ប៉ុន្តែ​ឥឡូវនេះ​មិនមាន​ទេ យើង​ដោះស្រាយ​បាន ព្រោះ​វីង​វេរលុយ មិន​នៅ​ឆ្ងាយ​ទេ ឱ្យ​តែ​គាត់​មកដល់​មន្ទីរពេទ្យ គឺ​គាត់​អាច​ដោះស្រាយ​បញ្ហា (​ដក លុយ​) នេះ​បាន​ហើយ​»​។

លោក​ថ្លែង​ថា រដ្ឋ​នឹង​បន្ត​​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​ដោយ​មិន​កំណត់ ខណៈ​ក្រសួង​កំពុងមាន​ផែនការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ជនក្រីក្រ​ជា​កញ្ចប់​ផងដែរ​។ «​កម្មវិធី​កញ្ចប់​គ្រួសារ​ប្រហាក់ប្រហែល​ដូច​កញ្ចប់​ផ្ទេរ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​ដែរ គ្រួសារ​គាត់​មាន​ប៉ុន្មាន​នាក់ មនុស្ស​ចាស់ ក្មេង ប៉ុន្មាន​នាក់ យើង​ឱ្យ​ជា​កញ្ចប់​វិញ យើង​មិនទាន់​បញ្ជាក់​ពី​ទំហំ​សាច់ប្រាក់​ដែល​ត្រូវ​ផ្តល់ជូន​ទេ ព្រោះ​កម្មវិធី​នេះ​ស្ថិតនៅក្នុង​ផែនការ​នៅឡើយ​ទេ​»​។

នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​លោកស្រី រស់ សុភាព ថ្លែងថា ការអនុវត្ត​នាពេល​កន្លងមក តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​គឺ​បាន​រួមចំណែក​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ សំដៅ​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា និង​ឆ្លាតវៃ ទាំង​សុខភាព​មាតា និង​ទារក​ដែល​ជា​ធនធាន​របស់​សង្គម​។

យ៉ាងណាក្តី​លោកស្រី​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ក្នុង​ការដោះស្រាយ​បញ្ហា​ទៅលើ​ស្ត្រី​មុន​ពេល​ពពោះ ក៏ដូចជា​ដំណោះស្រាយ​ខ្វះ​មន្ទីរពេទ្យ​នៅ​តំបន់​ដាច់ស្រយាល​ជាដើម​។

លោកស្រី​ថ្លែង​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​មើល​ឱ្យបាន​វែងឆ្ងាយ​ជាង​នេះ ថា​ស្ត្រី​ត្រូវការ​ជួយ​ជា​យុទ្ធសាស្ត្រ ដើម្បី​សម្រាប់​ខ្លួន​គាត់​ទៅ​ថ្ងៃក្រោយ​ឱ្យ​រឹងមាំ ដោយ​មិន​រំពឹង​ទៅលើ​សេវា​សង្គម​ដែល​ផ្តល់ជូន​គាត់ ពីព្រោះ​លុយ​ដែល​ផ្តល់​នោះ​អាច​យក​ចំណាយ​ក្នុង​រយៈពេល​មានកំណត់ ប៉ុន្តែ​បើ​យកលុយ​នោះ​ទៅ​វិនិយោគ​លើ​ប្រព័ន្ធ​សុខាភិបាល ធ្វើ​ម៉េច​ឱ្យ​គាត់​អាច​ទទួលបាន​នូវ​សេវា​សុខភាព​ល្អប្រសើរ រាល់ថ្ងៃនេះ​បាន​ល្អ​ហើយ​ប៉ុន្តែ​ខ្ញុំ​នៅ​មើលឃើញ​ថា​មាន​កន្លែង​ខ្លះ​នៅមាន​ការខ្វះខាត ឧទាហរណ៍​តំបន់​ដាច់​ស្រយាល និង​តំបន់​មិនមាន​ថ្នាំសង្កូវ​គ្រប់គ្រាន់​»​។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ​ឆ្នាំនេះ​ត្រូវ​អនុវត្ត​ជា ៣ ​ដំណាក់កាល ទី​១ ផ្តល់​ការឧបត្ថម្ភ​ចំនួន ៤ ​ម៉ឺន​រៀល ក្នុង​ ១ ​ដង​ សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ចំនួន ៤ ​ដង​ មុនពេល​សម្រាល​កូន​។ ដំណាក់កាល​ទី​២ ការផ្តល់​ឧបត្ថម្ភ​ចំនួន ២០ ​ម៉ឺន​រៀល ​ក្នុង ១ ​ដង​គត់​ នៅពេល​សម្រាលកូន និង​ដំណាក់កាល​ទី​៣ ឧបត្ថម្ភ​ចំនួន ៤ ​ម៉ឺន​រៀល ក្នុង​ ១ ​ដង ​នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ចំនួន ៤ ​ដង និង​ចំនួន ៦ ​ដង ចុងក្រោយ​សម្រាប់​ការនាំ​កូន​មកចាក់​ថ្នាំ​បង្ការ​ក្នុង ១ ​លើកៗ រហូត​ដល់​អាយុ ២ ​ឆ្នាំ​៕

វីដេអូ៖