ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ស្ដ្រីក្រីក្រដែលទៅពិនិត្យផ្ទៃពោះសម្រាលកូន និងមានកូនអាយុក្រោម ២ ឆ្នាំចំនួន ១៨ ៧២៥ នាក់ បានទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ខណៈកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភនេះ ទើបចាប់ផ្ដើមអនុវត្តបាន ១ ខែគឺពីថ្ងៃទី ១ ខែ មិថុនា មក។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាកុមារពិការភ្នែក និងកុមារគថ្លង់នៃអង្គការគ្រួសារថ្មីឱ្យស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡានិងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានអប់រំពិសេសកាលពីម្សិលមិញថា ចាប់ពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ទៅ សម្រាប់ស្រី្តក្រីក្រចាប់តាំងពីពួកគេមានផ្ទៃពោះដំបូងរហូតកូនមានអាយុក្រោម ២ ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងកម្មវិធីគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាលជាអ្វីដែលលោកសង្ឃឹមថា ការផ្ដល់ប្រាក់ឧបត្ថម្ភនេះនឹងអាចជួយកាត់បន្ថយទារកកើតមកមានបញ្ញាខ្សោយឬមានកាយសម្បទាមិនគ្រប់គ្រាន់។
លោកថា៖ «មាន ៣ ផ្នែក ផ្នែកទី១ អ្នកដែលមានផ្ទៃពោះភ្លាមគឺត្រូវទៅពិនិត្យ ៤ ដង ពិនិត្យម្ដងទទួលបានប្រាក់ ពីមុនទៅពិនិត្យគេទារលុយ ឥឡូវទៅពិនិត្យហើយគេឱ្យលុយមកផ្ទះវិញ ដើម្បីជាផ្នែកមួយនៃអាហារូបត្ថម្ភមុនពេលសម្រាល ដល់ថ្ងៃសម្រាលយើងនឹងឧបត្ថម្ភម្ដងទៀត និងបន្ទាប់ពីសម្រាលរួច យើងត្រូវឧបត្ថម្ភ ៨ ដងទៀត អ៊ីចឹងខ្ញុំគិតថា ចំនួនអ្នកកើតដែលខ្សោយបញ្ញាឬមានសម្បទាមិនគ្រប់គ្រាន់ នឹងអាចកាត់បន្ថយតាមរយៈនយោបាយគាំពារសង្គមនេះ»។
លោក ហ៊ុន សែន បន្ថែមថា ការដាក់អនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺមានបំណងជួយឱ្យពលរដ្ឋមានសុខភាពល្អ។
លោក ហួត សូនី ប្រធានមូលនិធិសមធម៌នៃមន្ទីរពេទ្យខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេល ១ ខែមកនេះ មន្ទីរពេទ្យរបស់លោកមានស្ដ្រីទើបសម្រាលកូន ១៧ នាក់ ក្នុងនោះមានម្នាក់រលូតកូន បានទទួលប្រាក់ឧបត្ថម្ភនេះ ដោយសារគាត់មានបណ្ណក្រីក្រនិងមានកាត ID បញ្ជាក់ពីភាពក្រីក្រ។
លោកថា៖ «ប្រាក់ទាំងអស់ហ្នឹងគឺយើងឱ្យតាមដំណាក់កាល ដែលទាំងអស់មាន ១៥ ដំណាក់កាលគឺ ៤ ដំណាក់កាលមុនសម្រាលទទួលបានម្ដង ៤ ម៉ឺន ហើយថ្ងៃសម្រាលទទួលបាន ២០ ម៉ឺន ហើយក្រោយសម្រាលគាត់ទទួលបាន ៤ ម៉ឺន ១០ ដងទៀត»។
អ្នកស្រី ឡាយ សុចាប អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា អ្នកស្រីបានទៅសម្រាលកូននៅមន្ទីរពេទ្យសៀមរាបកាលពីថ្ងៃទី ៤ ខែ មិថុនា។
បន្ទាប់ពីសម្រាលរួច ខាងមន្ទីរពេទ្យបានប្រគល់កាត Wing ឱ្យម្ដាយអ្នកស្រី ទៅបើកលុយ ២០ ម៉ឺនរៀល រួចបានប្រាប់ទៀតថា ពេលយកកូនមកចាក់វ៉ាក់សាំងតាមការកំណត់ នឹងទទួលបានប្រាក់ម្ដងៗ ៤ ម៉ឺនរៀលបន្ថែមទៀត។
អ្នកស្រីថា៖ «មានអីនៅពេលគេឧបត្ថម្ភអ៊ីចឹងខ្ញុំសប្បាយចិត្តដែរព្រោះកំពុងខ្វះខាតថវិកាដែរ។ ថវិកាហ្នឹងសម្រាប់ទិញរបស់របរទុកឱ្យមីអូន»។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមអាដហុកបានថ្លែងថា ពលរដ្ឋគ្រប់រូបគឺចាប់ពីកើតភ្លាមគឺត្រូវតែទទួលបានការធានាពីសុខុមាលភាពដែលនេះគឺជាកាតព្វកិច្ចរបស់រដ្ឋ។
លោកថា៖ «អ៊ីចឹងយើងចាំមើលថា តើការអនុវត្តទៅមុខហ្នឹង មានភាពរលូនឬយ៉ាងណាទៀត អាហ្នឹងទាល់តែចាំតាមដាន»។
លោក Vincent Doyle នាយកផ្នែកអភិវឌ្ឍន៍កម្មវិធីនិងគុណភាពនៃអង្គការ Save The Children យល់ឃើញថា ការផ្ដល់ឧបត្ថម្ភនេះគឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពស្ដ្រី និងកុមារ ជាពិសេសអ្នកក្រីក្រនិងអ្នកងាយរងគ្រោះ។
លោកថា៖ «យើងជឿជាក់ថា វានឹងចូលរួមចំណែកក្នុងការសម្រេចឱ្យបានទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស កម្ពុជា។ យើងរីករាយដើម្បីសហការក្នុងការអនុវត្តគោលនយោបាយនេះ»។
លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលកំពុងខិតខំអនុវត្តទៅតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដើម្បីជួយពិនិត្យសុខភាពទៅដល់ស្ដ្រីក្រីក្រចាប់តាំងពីពួកគេមានផ្ទៃពោះរហូតក្រោយពេលសម្រាលរួច។
លោកស្រីថា៖ «សេវាសុខាភិបាលកំពុងតែសស្រាក់សស្រាំក្នុងការទទួលស្ដ្រីដែលមានផ្ទៃពោះមកពិនិត្យផ្ទៃពោះហ្នឹង»។
អង្គការយូណេស្កូបានលើកឡើងថា ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ អត្រាមរណភាពទារកនិងកុមារអាយុក្រោម ៥ ឆ្នាំ នៅកម្ពុជាបានថយចុះជាង ៧០ ភាគរយ ខណៈអត្រាមរណភាពមាត្រាបានថយយ៉ាងគំហុកពី ៤៧២ ករណី មកត្រឹម ១៧០ ករណី ដែលកត្តានេះ ដោយសារការថែទាំសុខភាពបានប្រសើរជាងមុន ទាំងនៅពេលនិងក្រោយពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយនឹងឆ្មបជំនាញជាដើម៕