ភ្នំពេញៈ ស្ត្រី​ជាប់ចោទ​ម្នាក់​កាលពី​ម្សិលមិញ​បាន​ទទួច​សុំ​ដល់​ចៅក្រម​នៅ​សាលា​ឧទ្ធរណ៍​ឲ្យ​បន្ថយ​ទោស​ដល់​ខ្លួន​ពាក់​ព័ន្ធ​ករណី​បើក​ហាង​ម៉ាស្សា​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ប្រព្រឹត្ត​កាល​ពី​ឆ្នាំ ២០១៥ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៦ ឆ្នាំ។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា ស្ត្រី​ជាប់ចោទ​ឈ្មោះ លឹម ណៃ​អន អាយុ ៣៨ ឆ្នាំ​បាន​បើក​កន្លែង ម៉ាស្សា​កោស​ជប់ ១ កន្លែង មាន​យីហោ ៩៩៩ ស្ថិត​នៅ​ក្នុង​ភូមិ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ​ចុះ​បង្ក្រាប​បាន​កាល​ពី​រសៀល​ថ្ងៃទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

កំណត់ហេតុ​បន្តថា ក្នុង​ប្រតិប​ត្តិ​ការ​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នារី​ម៉ាស្សា​កោស​ជប់​សរុប ៥ នាក់​ប៉ុន្តែ​ក្រោយ​មក​សមត្ថកិច្ច​បាន​ដោះ​លែង ៤ នាក់​វិញ ដោយ​ឃាត់​ខ្លួន​ទុក​តែ​ស្ត្រី​ជា​ម្ចាស់​ហាង​ម្នាក់​ប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​ហាង​ម៉ាស្សា​ហើយ​រក​ឃើញ​ស្រោម​អនាម័​យ​ទាំង​ប្រើ​រួច​និង​មិន​ទាន់​ប្រើ​មួយ​ចំនួន។

កាលពី​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ ស្ត្រី​ជាប់ចោទ​ឈ្មោះ​ លឹម ណៃ​អន រូប​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន បើក​កន្លែង​ម៉ាស្សា​កោស​ជប់​ពិត​មែន ក៏ប៉ុន្តែ​គាត់​មិន​បាន​បើក បម្រើ​សេវា​ផ្លូវភេទ​ទេ។ ប៉ុន្តែ​អាច​កូន​ចៅ​របស់​គាត់​លួច​ប្រើប្រាស់​សេវា​នេះ​ព្រោះ​ពួកគេ​ធ្លាប់ ឲ្យ​កម្រៃ​ដល់​គាត់​ម្នាក់ ១ ម៉ឺន​រៀល ក្រោយ​ពី​បម្រើ​សេវា​ផ្លូវ​ភេទ​ជាមួយ​ភ្លៀវ​រួច។ ប៉ុន្តែ​ពេលខ្លះ​ពួកគេ (នារី​ម៉ាស្សា) ក៏​លួច​ទៅ​រួម​ភេទ ជាមួយ​ភ្លៀវ​នៅ​ខាង​ក្រៅ​ដែរ។

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូ​ង​បើកសវនាការ​កាលពី​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ២០១៦ និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ២៧ ខែ​ឆ្នាំ​ដដែល ដោយ​ផ្តន្ទា​ទោស​ស្ត្រី​ជាប់​ចោទ​ដាក់​ពន្ធនាគារ ៦ ឆ្នាំ​ចោទ​ពី​បទ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ទាក់ទង​នឹង​ចារី​តាម​បញ្ញត្តិ​មាត្រា ២៧ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​មាត្រា ២៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​ស្ត្រី​ជាប់ចោទ លឹម ណៃ​អន បាន​ប្រាប់​ចៅក្រម​ថា៖ «ខ្ញុំ​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ពេល នេះ​ដោយសារ​ខ្ញុំ​ចង់​ឲ្យ​សាលា​ឧទ្ធរណ៍​បន្ថយ​ទោស​ដល់​ខ្ញុំ​ព្រោះ ខ្ញុំ​មាន​កូន​តូច​នៅ​ក្នុង​បន្ទុក ៣ នាក់​គ្មាន​អ្នក​ថែទាំ​ហើយ​ពួកគេ មិន​បាន​រៀន​សូត្រ​បាន​ត្រឹមត្រូវ​ទេ។ ម្យ៉ាង​ម្តាយ​ខ្ញុំ​ចាស់​ជរា​ហើយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​កំហុស»។

លោក​ព្រះរាជអាជ្ញា ជុំ សែន​សទ្ធា តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា៖ «ស្ត្រី​ជាប់​ចោទ​បាន​ទទួល​ស្គាល់​កំហុស​ហើយ​ការ​ប្តឹង​មក​ឧទ្ធរណ៍​ដោយសារ​គាត់​ចង់​សុំ​តុលាការ​បន្ថយ​ទោស​ដល់​គាត់។ ប៉ុន្តែ​ខ្ញុំ​សូម​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល ហើយ​ចំពោះ​ការ​ស្នើ​សុំ​បន្ថយ​ទោស​របស់​ជន​ជាប់​ចោទ​សូម​ក្រុម​ប្រឹក្សា​ពិចារណា​តាម​ច្បាប់​ចុះ»។

ទោះយ៉ាងណា លោក លី វីរៈ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ​សន្និដ្ឋាន​ថា ពាក់ព័ន្ធ​អំពើ​សញ្ជារ​កម្ម​នេះ គឺ​កូន​ក្តី​លោក​មិន​បាន​ដឹង​ថា​នារី​ម៉ាស្សា​ទាំង​នោះ​លួច​ទៅ​បម្រើ​សេវា​រួមភេទ​ទេ​ហើយ​កូនក្តី​របស់​លោក​ក៏​គ្មាន​ចេតនា​ក្នុង​រឿង​នេះ​ដែរ។

លោក​បញ្ជាក់ប្រាប់​ចៅក្រម​ថា៖ «ហាង​របស់​កូនក្តី​ខ្ញុំ​គ្រាន់តែ​បើក​បម្រើ​ម៉ាស្សា​កោស​ជប់​ទេ​តែ​នារី​ម៉ាស្សា​បាន​លួច​បម្រើ​សេវា​ផ្លូវភេទ។ ម្យ៉ាង​កូន​ក្តី​ខ្ញុំ​មាន​កូន​តូច​ដែល​ត្រូវការ​ម្តាយ​មើល​ថែទាំ​និង​ម្តាយ​ចាស់​ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​មេត្តា​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​កូន​ក្តី​ខ្ញុំ​ផង»។

បន្ទាប់ពី​ជំនុំជម្រះ លោកស្រី ចាន់ ម៉ា​ឌី​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ថ្លែង​ថា សាល​ដីកា​នៃ​សំណុំ​រឿង​នេះ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ខាង​មុខ៕