បន្ទាយមានជ័យៈ កម្លាំង​សមត្ថកិច្ច​កាលពី​ព្រឹក​ម្សិលមិញ​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ទៀត ដែល​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ដែល​តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​សកម្មជន​គណបក្ស​នេះ​ចំនួន​ ៣ ​នាក់​ផ្សេង​ទៀត​ពី​បទ​ «​រួមគំនិត​ក្បត់​» ក្នុង​ការចូលរួម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ជាមួយ​លោក សម រង្ស៊ី​។

លោក​ ថេង ជាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មនុស្ស ៣ ​នាក់​ដែល​រួមមាន ទី​១ ស៊ឹម ស៊ាងឡេង ភេទ​ប្រុស ទី​២ យ៉ែម វណ្ណណែត ភេទ​ស្រី និង​ទី​៣ មាន ឡា ភេទ​ស្រី​ពី​បទ ​«​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

លោក​បន្តថា​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ ៣ ​នាក់​ខាងលើ ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ម្សិលមិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​ការអនុវត្ត​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ខាងលើ​នេះ ហើយ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការអនុវត្ត​ដីកា​ហ្នឹង យើង​មិនទាន់​ទទួល​បាន​របាយការណ៍ ឬ​សំណុំ​រឿង​ពី​សមត្ថកិច្ច​នៅឡើយ ដោយសារ​តែ​សមត្ថកិច្ច​មិនទាន់​បញ្ជូន​មនុស្ស​មកដល់​»​។

លោក​ នុត សវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងថា កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ខ្លួន​ឈ្មោះ មាន ឡា នៅ​ច្រកព្រំដែន​ប៉ោយប៉ែត ហើយ​បាន​ប្រគល់​ទៅ​កម្លាំង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​នីតិវិធី​។ លោក​បញ្ជាក់ថា​៖ «​គេ​មិនទាន់​បញ្ជូន​ទៅ​ពន្ធនាគា​ទេ ដោយសារ​តែ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ គេ​ទុក​សាកសួរ​ ១ ​ថ្ងៃ​ ឬ​ ២ ​ថ្ងៃ​»​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ៤ ខែ​ តុលា​ បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជន​ទាំង​ ៣ ​នាក់​នេះ​ពី​បទ​រួម​គំនិត​ក្បត់​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី ៤ ខែ ​តុលា ឆ្នាំ​​ ២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ជន​ឈ្មោះ ស៊ីម ស៊ាងឡេង ឈ្មោះ ឃឹម វណ្ណណែត ឈ្មោះ​ មាន ឡា និង​បក្ខពួក​បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់ខ្លួន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​ ៩ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ «​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​» នឹងត្រូវ​ប្រឈម​ការចោទប្រកាន់ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​ពីបទ​រួមគំនិត​ក្បត់​ដែល​ត្រូវ​ផ្តន្ទាទោស​ពី​ ៥ ​ឆ្នាំ ទៅ ១០ ​ឆ្នាំ​ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។

ទន្ទឹមនឹង​នេះដែរ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ោញ សារ៉ាត់ ភេទ​ប្រុស អាយុ ៥៤ ​ឆ្នាំ ​ពាក់ព័ន្ធ​ការចូលរួម​គំនិត​ក្បត់ និង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្រោម​ឧបាយកល​ «​ផែនការ​នៃ​ការវិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​»​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ៤ ​ខែ​តុលា​។

សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​សូមបញ្ជាក់​ជូន​ថា ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ខាងលើ ត្រូវ​បាន​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​អនុវត្ត​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​»​។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សារ៉ាត់ ធ្វើឡើង​បន្ទាប់ពី​លោក​បានផ្តល់​បទ​សម្ភាស​ដល់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) ពី​ថ្ងៃ​ទី​ ២៦ ខែ ​កញ្ញា ឆ្នាំ​ ២០១៩ ថា​រូបលោក​បាន​កៀរគរ​ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​ទៅ​ប្រទេស​ ថៃ ​ឱ្យ​ទៅ​ចូលរួម​ទទួល​ការវិលត្រឡប់​របស់លោក​ សម រង្ស៊ី​។

កាលពី​ខែកញ្ញា​កន្លងទៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣ ​នាក់ ​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»​។

ការចាប់ខ្លួន និង​ការចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ទៅដល់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​របស់​លោក និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា ឆ្នាំ ២០១៩៕