ភ្នំពេញៈ ជាច្រើន​ទសវត្សរ៍​​កន្លងមក ការងារ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ត្រូវ​បាន​គេ​ពិនិត្យឃើញ​មាន​តែ​បុរស​ប៉ុណ្ណោះ​ដែលមាន​កាយសម្បទា​ស័ក្ដិសម​នឹង​ការងារ​ដែល​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ដល់​ជីវិត​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​​ស្ត្រី​ជាច្រើន​បាន និង​កំពុង​បម្រើ​ការងារ​នេះ ហើយ​មាន​ខ្លះ​ជា​អ្នក​ដឹកនាំ​បោសសម្អាត និង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ផ្ទាល់​ទៀតផង​។

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​ស្ត្រី​ចូល​បម្រើ​ការងារ​ក្នុង​វិស័យនេះ​ដោយ​ស្មើភាព​គ្នា​ជាមួយ​បុរស​? ​ឆ្លើយតប​នឹង​ចម្ងល់​នេះ អ្នកស្រី សុភិន សុផារី នាយក​ប្រតិបត្តិ​អង្គការ Cambodia Self Help Demining (CSHD) ក៏ដូចជា មន្ត្រី​ជា​បុគ្គលិក​នារី​ឆ្នើម​នៃ​អង្គការ Halo Trust Cambodia ផ្សេងទៀត​បាន​រៀបរាប់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ក្នុងសម័យ​ទំនើប​នេះ ស្ត្រី និង​បុរស​មាន​ភាពស្មើគ្នា​ក្នុង​គ្រប់​កិច្ចការ​សង្គម ទោះ​កិច្ចការ​នោះ​​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ក៏ដោយ​។ ​ការចាត់ទុក​ស្ត្រី​ជា​មនុស្ស​ទន់​ខ្សោយ​មិនអាច​បំពេញ​កិច្ចការ​នេះ​ ឬ​កិច្ចការ​នោះបាន​គឺជា​ការរើសអើង​ដ៏ធ្ងន់ធ្ងរ​ដល់​ស្ត្រីភេទ​។

ប្រសូត​ចេញពី​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ក្នុង​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀមរាប អ្នកស្រី សុភិន សុផារី ឱ្យដឹងថា អ្នកស្រី​បាន​​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ CSHD ​ដែល​ធ្វើការ​លើ​ការដោះ​គ្រាប់មីន​ក្នុង​ឆ្នាំ​ ២០០៩ ក្រោយពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ប៊ៀលប្រាយ ថ្វីបើ​​ឪពុកម្ដាយ និង​បងប្អូន​ជំទាស់​ក្ដី​។

បន្ទាប់ពី​ខំ​បំពេញការងារ​តាម​ទីវាល និង​ការហ្វឹកហ្វឺន​បន្ថែម​លើ​ជំនាញ​បោសសម្អាត និង​កម្ទេច​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​អស់​ ៨ ​ឆ្នាំ អ្នកស្រី​ត្រូវបាន​ជ្រើសតាំង​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​នេះ​តែម្ដង​។ នេះ​បើតាម​ការអះអាង​ពី​អ្នកស្រី សុភិន សុផារី​។

អ្នកស្រី​ថា​៖ «​ក្ដីស្រមៃ​របស់ខ្ញុំ​តាំងពី​កុមារភាព គឺ​ចង់ឃើញ​ពលរដ្ឋ​កម្ពុជា ពិសេស​កុមារ​តូចៗ​មាន​សុវត្ថិភាព​រួចផុត​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​»​។

ដោយ​រំឭក​ពី​រឿង​អតីតកាល​អ្នកស្រី​បាន​ប្រាប់​ពី​បុព្វហេតុ​ដែល​នាំ​ចិត្ត​ឱ្យចូល​បម្រើ​ការងារ​នេះ​ថា កាលពី​ឆ្នាំ​ ១៩៩២​ អ្នកស្រី និង​មិត្តភក្ដិ​ប្រុស-ស្រី​បាន​ប្រទះឃើញ​គ្រាប់មីន​ ១ ​គ្រាប់​នៅ​ចិញ្ចើមផ្លូវ​ទៅ​សាលាបឋមសិក្សា​ក្របី​រៀល ក្នុងភូមិ​កំណើត ខណៈ​អ្នកស្រី​ទើប​មាន​អាយុ​ ៨ ​ឆ្នាំ និង​មិនទាន់​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន​។ ពេលនោះ​អ្នកស្រី​ និង​មិត្តភក្ដិ​ ២-៣ ​នាក់​បម្រុង​នាំគ្នា​យក​កំណាត់​ឈើ​ទៅ​ជីក​គាស់​គ្រាប់មីន​នោះមក​លេង​ ក៏ប៉ុន្តែ​សំណាងល្អ​មាន​មន្ត្រី​យោធា​ម្នាក់​បាន​មក​ដល់​ហើយ​ប្រាប់​កុំឱ្យ​ប៉ះពាល់​វា​។

អ្នកស្រី សុភិន សុផារី បាន​​បន្ថែមថា លុះដល់​ឆ្នាំ​ ១៩៩៧ អ្នកជិតខាង​ក្នុងភូមិ​អ្នកស្រី​ ១ ​គ្រួសារ​មាន​គ្នា​ ៧ ​នាក់​បាន​ជិះ​គោយន្ត​ជាន់​លើ​គ្រាប់​មីនតោន​បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់ និង​របួសធ្ងន់​ស្រាល​ទាំងអស់​គ្នា​។ ​ក្នុង​ឆ្នាំ​នោះ​ក៏មាន​យុវជន​ម្នាក់​ក្នុងភូមិ​បាន​រើស​គ្រាប់​មិនទាន់​ផ្ទុះ​​ពី​ស្រែ​មក​ដំ​លេង​នៅ​ក្រោម​ផ្ទះ​ធ្វើឱ្យ​ផ្ទុះ​ស្លាប់​ខ្លួនឯង និង​ស្លាប់​​កុមារា​ ២ ​នាក់​ផ្សេងទៀត​ផងដែរ​។

អ្នកស្រី សុផារី បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ភ័យ​តក់ស្លុត​ណាស់​នៅពេលនោះ ហើយ​តាំងពី​នោះ​មក ខ្ញុំ​បាន​តាំងចិត្ត​ថា​នឹងមិន​ឱ្យមាន​ករណី​បែប​នេះ​កើតមាន​ចំពោះ​អ្នកភូមិ​ខ្ញុំ​ទៀត​ទេ​។ ​នេះ​ជា​ហេតុផល​ដែល​ជំរុញ​ឱ្យ​​ខ្ញុំ​ត្រូវ​ជម្នះ​ចិត្ត​ឪពុកម្ដាយ និង​បងប្អូន​មក​បម្រើ​ការងារ​នេះ​»​។

យ៉ាងណាក្ដី​មិនមែន​គ្រប់​ស្ត្រី​កម្ពុជា​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ​សុទ្ធ​តែមាន​ការតាំង​ចិត្ត​ពី​កុមារភាព​ដូច​អ្នកស្រី សុផារី នោះទេ​។ ​ប៉ុន្តែ​ក៏មាន​មូលហេតុ​ផ្សេង​ដែល​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យនេះ​កាន់តែ​ច្រើន ខណៈ​គិត​មក​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំនេះ បុគ្គលិក​ដោះមីន​ជា​ស្ត្រី​មាន​ ៦៤៧ ​នាក់ ក្នុងចំណោម​សរុប ២ ៣០៩ ​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ចំណែក​អ្នកស្រី រុន សុខតឿ អាយុ​ ៣០ ​ឆ្នាំ​ជា​បុគ្គលិក​ឆ្នើម​នៃ​អង្គការ Halo Trust Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​​ថា ដោយសារ​ជីវភាព​ខ្វះខាត​​អ្នកស្រី​បាន​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​ ៤ ​ដើម្បី​តាម​ឪពុកម្ដាយ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ចម្ការ​ដំឡូងមី និង​ចម្ការពោត​នៅ​ខេត្ត​ប៉ៃលិន មុន​ចូល​បម្រើ​ការងារ​ដូច​សព្វថ្ងៃ​។

អ្នកស្រី រំឭក​ថា​ក្នុង​ឆ្នាំ​ ២០១៤ មួយ​ឆ្នាំមុន​អ្នកស្រី​ចូល​បម្រើ​ការងារ​នេះ មិត្តភក្ដិ​ស្រី​អ្នកស្រី ឈ្មោះ សាលី បាន​រងរបួស​ធ្ងន់ ហើយ​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​ជាន់មីន​ពេល​ដើររក​ជីក​ទំពាំង​ក្នុងព្រៃ​។

ក្រោយ​ជួប​ហេតុការណ៍​នោះ អ្នកស្រី និង​ឪពុកម្ដាយ​ក៏​ត្រឡប់មក​រស់នៅ​ក្នុង​ភូមិ​ក្រូចថ្ម ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ដែលជា​ស្រុកកំណើត​វិញ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ស្ថានភាព​គ្រួសារ​ខ្ញុំ​ពេលនោះ​លំបាក​ខ្លាំងណាស់ ព្រោះ​យើង​គ្មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្កបង្កើនផល​ទេ​»​។

លុះដល់​ឆ្នាំ​ ២០១៥ ​អង្គការ Halo Trust Cambodia បាន​ជ្រើសរើស​អ្នកស្រី​ឱ្យចូល​បម្រើការងារ​នៅ​ផ្នែក​ស្រាវជ្រាវ​រក​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដោយ​ផ្ដល់​ប្រាក់ខែ​សមរម្យ និង​​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​។

អ្នកស្រី​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខ្ញុំ​រីករាយ​នឹង​ការងារ​នេះ​ណាស់ ព្រោះ​វា​ជា​ការងារ​មនុស្សធម៌​ដែល​មាន​ការទទួលស្គាល់ និង​គាំទ្រ​ជា​​អន្តរជាតិ ពិសេស​គឺ​មាន​ប្រាក់ខែ​សមរម្យ​ល្អ​ជាង​ធ្វើជា​កម្មករ​​ចម្ការ​ដំឡូងមី​ និង​ចម្ការពោត​»​។

ស្ត្រី​ដែល​បម្រើ​ការងារ​ជា​អ្នកដោះមីន ពេល​កំពុង​បំពេញ​ការងារ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ រូបថត CMAC

ចំណែក​អ្នកស្រី ម៉ៅ ចាន់ថុល អាយុ​ ៣២ ​ឆ្នាំ​ប្រធាន​ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចល័ត​នៃ​អង្គការ Halo Trust Cambodia ក៏មាន​ហេតុផល​​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។ ​ក្នុង​ឆ្នាំ​ ២០១២ ចាន់ថុល បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​នេះ ដោយសារ​ចង់​ជួយ​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ព្រោះ​អ្នកស្រី​មិន​បាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ​។ ​ម្យ៉ាង​​ទៀត​អ្នកស្រី​ក៏​មិនចេះ​ជំនាញ​អ្វី​ក្រៅពី​ធ្វើស្រែ​ចម្ការ​ដែរ​។

អ្នកស្រី​បាន​ប្រាប់ថា ៦ ​ខែ​ក្រោយ​ការបណ្ដុះបណ្ដាល​ពី​ក្រុម​ជំនាញការ​ជាតិ និង​អន្តរជាតិ​អ្នកស្រី​ត្រូវបាន​បញ្ជូន​ឱ្យ​ចុះ​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់មីន​នៅ​ទីវាល​ផ្ទាល់​។ ​នៅពេល​រំឭក​ដល់​សំឡេង​ផ្ទុះ​គ្រាប់​នៅ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ (​ក្នុង​​ឆ្នាំ​ ១៩៧៩-១៩៩៧) ​ទី​ដែល​អ្នកស្រី​រស់នៅ​ធ្វើ​ឱ្យ​អ្នកស្រី​តក់ស្លុត​ខ្លាំង ដូច្នេះ​ការងារ​នេះ​​វា​ពិតជា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ស្ត្រី​។ ​ប៉ុន្តែ​ដើម្បី​ជីវភាព អ្នកស្រី​បាន​អត់ធ្មត់​ធ្វើការ​ដោយ​មិន​ហ៊ាន​ប្រាប់​ពី​អារម្មណ៍​ខ្លាច​នេះ​ដល់​នរណា​ម្នាក់​ឡើយ​។

ប៉ុន្តែ​ ៣ ​ឆ្នាំ​ក្រោយមក អ្នកស្រី​ក៏​លែង​ខ្លាច ហើយ​បែរជា​រីករាយ​ទៅវិញ​នៅពេល​រាវរក​ឃើញ និង​កម្ទេច​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ការរកឃើញ ​និង​កម្ទេចចោល​នូវ​គ្រាប់មីន​ ឬ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ១ ​គ្រាប់​វា​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង ព្រោះ​វា​បាន​ជួយសង្គ្រោះ​ពលរដ្ឋ យ៉ាងតិច​ម្នាក់​ពី​គ្រោះថ្នាក់​...​មិនមែន​មានតែ​បុរស​ទេ ស្ត្រី​ក៏មាន​សមត្ថភាព​បោសសម្អាត​ និង​កម្ទេច គ្រាប់​មិនទាន់​ផ្ទុះ​បានដែរ​»​។

ដោយបាន​ឆ្លងកាត់​ការងារ​​អស់​ជាង​ ១០ ​ឆ្នាំ អ្នកស្រី ចាន់ថុល ត្រូវបាន​អង្គការ Halo Trust Cambodia ជ្រើសតាំង​ជា​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ និង​កម្ទេច​គ្រាប់​ចល័ត​។

កាលពី​ថ្ងៃទី​ ៨ ធ្នូ ឆ្នាំ​នេះ​​ ចាន់ថុល បាន​ដឹកនាំ​ក្រុម​ការងារ​ចុះទៅ​កម្ទេច​គ្រាប់​ប្រភេទ​ M-122mm ចំនួន​ ២ ​គ្រាប់​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ភូមិ​តាមាន់សែនជ័យ ឃុំ​គោកមន ស្រុក​បន្ទាយអម្ពិល ខេត្ត​ឧត្តរមានជ័យ​។

យ៉ាងណាក្ដី អ្នកស្រី ចាន់ថុល ថា បញ្ហា​ប្រឈម​ក៏មាន​ចំពោះ​​ស្ត្រី​ក្នុង​ការងារ​នេះដែរ ពិសេស​​ស្ត្រី​ដែលមាន​រដូវ និង​មានគភ៌​ដំបូង និង​ករណី​ចម្ការមីន​ក្នុងព្រៃ​ជ្រៅ ផ្លូវ​ពិបាក​ធ្វើដំណើរ​​ និង​ក្នុង​រដូវក្ដៅ​ដី​រឹង​ពិបាក​ធ្វើការ រីឯ​រដូវវស្សា​ដី​ទន់ជ្រាយ​ក៏​ជា​​ឧបសគ្គ​ផងដែរ​។

ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​​មាន​ដីស្រែ​ចម្ការ​ជាច្រើន​ត្រូវ​បាន​បោះបង់ចោល និង​បានក្លាយ​ជា​ដីព្រៃ​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។ តាម​ទិន្នន័យ​ពី​អាជ្ញាធរ​មីន ពលរដ្ឋ​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់មីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គិតពី ឆ្នាំ​ ១៩៧៩ ​ដល់​ដំណាច់ខែ វិច្ឆិកា​ឆ្នាំនេះ​មាន​សរុប ៦៤ ៩១៥ នាក់ ក្នុងនោះ​មាន​បុរស ៥៨ ៦៦៩ ​នាក់ ស្ត្រី ៦ ១៨៣ ​នាក់ និង ៦៣ ​នាក់​ទៀត​ជា​កុមារ​។

ចំណែក​ការបោសសម្អាត​ចម្ការមីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំនេះ​សម្រេច​បាន​លើ​ផ្ទៃដី​ទំហំ ២ ១០២ ០៣៨ ៩២២ ម៉ែត្រការ៉េ ដោយ​ប្រមូល និង​កម្ទេច​មីន​ប្រឆាំង​មនុស្ស ១ ០៩៣ ៦៥១ ​គ្រាប់ មីនតោន​ចំនួន​ ២៥ ៤៥៧ ​គ្រាប់ និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប ២ ៨៧៥ ៨៧០ ​គ្រាប់​។

ក៏ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​នៅ​សល់​​ផ្ទៃដី​មិនទាន់​បោសសម្អាត​គិត​​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំនេះ​សរុប​មាន ២ ១៥៥ ៧១២ ៦០៧ ​ម៉ែត្រការ៉េ ក្នុង​នោះ​ផ្ទៃដី​​ចម្ការមីន​មាន​៨៣៥ ៦៨៨ ៦៤៨ ម៉ែត្រការ៉េ និង​ក្រឡា​ផ្ទៃដី​​ចម្ការ​គ្រាប់បែក​ចង្កោម មាន​​ទំហំ ៧៤១ ៩៥៦ ០៨១ ​ម៉ែត្រ​​ការ៉េ ព្រមទាំង​ក្រឡា​ផ្ទៃដី​ចម្ការ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​​សង្គ្រាម​មាន​ទំហំ​សរុប ៥៧៨ ០៦៧ ៨៧៨ ម៉ែត្រការ៉េ​។

ឯ​ប្រតិបត្តិករ​បោសសម្អាត​មីន​មាន​ចំនួន​ ៨ ​អង្គភាព រួមមាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ (NPMEC),​កង​វិស្វកម្ម​ក្រសួង​ការពារជាតិ​,HALOTrustCambodia,MAG,CSHD,NPA ​និង​ APOPO ​កំពុង​បំពេញ​បេសកកម្ម​បោសសម្អាត​ផ្ទៃដី​ដែល​នៅ​សេសសល់ ដើម្បី​ភាព​សុខសាន​របស់​ពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​៕