ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ី និ ងសិង្ហបុរី បានរៀបចំឲ្យពលករ-ពលការិនីយ៉ាងតិច ៩ នាក់ដែលធ្វើការខុសច្បាប់នៅទីនោះឲ្យបានវិលមកប្រទេសវិញ ខណៈនៅថៃ កំពុងសម្របសម្រួលឲ្យមនុស្ស ២ នាក់បានវិលមកកម្ពុជាវិញដែរ។ នេះបើតាមលិខិត អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ។
បើតាមលិខិតចុះថ្ងៃទី ២១ កុម្ភៈ នេះ មានពលករ ៨ នាក់ ត្រូវបានរៀបចំបញ្ជូនពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ១៧ កុម្ភៈ ក្នុងនោះមានប្រុស ៣ នាក់។ រីឯ នៅប្រទេសសិង្ហបុរី បានបញ្ជូនពលការីនីម្នាក់ វ័យ ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំឲ្យវិលមកវិញ កាលពីថ្ងៃ ១០ កុម្ភៈ។
ដោយឡែក ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត សាកែវ ប្រទេសថៃ ក៏កំពុងអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីជួយពលរដ្ឋខ្មែរ ២ រូបមកពីខេត្តសៀមរាប និង បន្ទាយមានជ័យ ដែលត្រូវថៃ ចាប់ខ្លួន កាលពីថ្ងៃទី ១២ កុម្ភៈ ពីករណីចូលកាប់ឈើក្នុងដីថៃ ផងដែរ ខណៈពួកគេកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប្រទេសថៃ៕