ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធាណ​រដ្ឋ​កូរ៉េ​លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា ក្រុមការងារ​ស្ថានទូត​បាន​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​ម្នាក់​ដែល​មាន​ជំងឺ​បាត់បង់​ស្មារតី​ឱ្យ​បាន​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា ​វិញ​ហើយ បន្ទាប់ពី​បាន​ជួយ​អន្តរាគមន៍​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កូរ៉េ​បាន​ធូរស្រាល​ឡើងវិញ​។

លោក​ ឡុង ឌីម៉ង់ បាន​ថ្លែងថា ពលករ​ខ្មែរ​ដែលមាន​ជំងឺ​បាត់បង់​ស្មារតី ឬ​ភ្លេច​ការចងចាំ​នោះ ឈ្មោះ​ រ៉ន មករា ជា​កម្មករ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ផលិត​គ្រឿងបន្លាស់ និង​ដំឡើង​ទូទឹកកក​មួយ​ក្នុង​តំបន់ Gimhae ភាគខាងត្បូង​ទីក្រុង Busan​។

បន្ទាប់ពី​ជួយ​អន្តរាគមន៍​នាំ​ពលករ​រូបនោះ​យក​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ រហូត​បាន​ធូរស្រាល​ឡើងវិញ ក្រុមការងារ​ស្ថានទូត​ក៏​បាន​ជួយ​អន្តរាគមន៍​រៀបចំ​ឯកសារ​ផ្សេងៗ​ជូន​ដល់​គាត់ ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ផងដែរ ព្រោះ​គាត់​បាន​ធ្វើឱ្យ​បាត់បង់​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន រួមមាន លិខិត​ឆ្លងដែន និង​បណ្ណ​សម្គាល់​ខ្លួន​នៅ​កន្លែង​ការងារ​របស់​ពលករ​នោះ ក្នុង​ប្រទេស​កូរ៉េ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​គាត់​បាន​ទៅដល់​ប្រទេស​កម្ពុជា ​វិញ​ហើយ និង​កំពុង​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-រុស្ស៊ី​ ក្នុង​រាជធានី​ភ្នំពេញ​»​។

បើតាម​លោក​ឯកអគ្គរាជទូត​ក្នុង​អំឡុងពេល​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ពី​កូរ៉េ​មក​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃទី​ ២៦ ខែ កុម្ភៈ ឆ្នាំ​ ២០២១ លោក​ រ៉ន មករា ត្រូវ​បាន​ក្រុមការងារ​ស្ថានទូត ជូនដំណើរ​រហូត​ដល់​ខាងក្នុង​ព្រលាន​យន្តហោះ​ និង​បាន​ផ្ដាំផ្ញើ​ដល់​មិត្ត​រួម​ការងារ​របស់គាត់​មួយចំនួន ព្រមទាំង​ពលករ​ខ្មែរ​នៅ​កូរ៉េ​មួយចំនួន​ទៀត ដែល​ត្រូវ​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ដែរនោះ​ជួយ​មើលថែរ​គាត់​រហូតដល់​ភ្នំពេញ​។ ក្រុមការងារ​ក៏បាន​ទាក់ទង​ដល់​ក្រុមគ្រួសារ​របស់គាត់​នៅ​កម្ពុជា​ឱ្យ​មក​ចាំ​ទទួល​គាត់ ពេល​គាត់​ទៅដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។

ចំពោះ​ករណី​ស្ត្រី​ខ្មែរ​ម្នាក់ ឈ្មោះ​ ឌុច រតនា ដែល​បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ហើយ​បាន​បាត់​ខ្លួន ក្រោយពី​នាង​បាន​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្ដី​ក្នុង​ទីក្រុង Seoul បាន​ជាង​ ២ ​ខែ​ដោយ​គ្មាន​មូលហេតុ​នោះ លោក​ ឡុង ឌីម៉ង់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ២ ​ថ្ងៃ​ក្រោយពី​ស្ថានទូត​បានប្រកាស​ស្វែងរក​នាង​តាម​ប្រព័ន្ធ Facebook ​ផ្លូវការ​របស់​ស្ថានទូត​ [​ខ្មែរ​នៅ​កូរ៉េ​] ​កាលពី​ថ្ងៃទី​​ ២២ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នាង​បាន​ផ្ដល់ដំណឹង​តាមរយៈ​ Comment លើ​ប្រព័ន្ធ​ Facebook ថា នាង​មាន​ «​សុវត្ថិភាព​» ​ជាធម្មតា ប៉ុន្តែ​នាង​មិន​ប្រាប់​ពី​ទីតាំង​ដែល​នាង​កំពុង​ស្នាក់នៅ​នោះទេ​។

ទោះយ៉ាងណា ក្រុមការងារ​ស្ថានទូត​នៅតែ ទទូច​សុំឱ្យ​នាង​មក​បង្ហាញខ្លួន​នៅ​ស្ថានទូត ដើម្បី​រាយការណ៍​ពី​មូលហេតុ​ដែលនាំឱ្យ​នាង​ត្រូវ​គេច​ចេញ​ពីផ្ទះ​បុរស​ជា​ប្ដី ជា​ប្រយោជន៍​ដើម្បី​ស្ថានទូត​មាន​កិច្ចជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​៕