ភ្នំពេញៈ អង្គទូត​បរទេស​ជាច្រើន​បាន​កោតសរសើរ​កម្ពុជា​ដោយ​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​បង្អស់ ដែល​បានផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ដល់​សហគមន៍​ការទូត​នៅ​ប្រទេស​កម្ពុជា​។ ស្ថានទូត​ទាំងនោះ​បាន​សរសេរ​លិខិត​ថ្លែង​អំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ Covishield របស់​ក្រុមហ៊ុន AstraZeneca ​ដល់​មន្ត្រី​ទូត​។

តាមរយៈ​លិខិត​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១ ខែ​មេសា របស់​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​ម្សិលមិញ ប្រមុខ​ការទូត​រូបនេះ​ជម្រាប​ពី​ការថ្លែង​អំណរគុណ​ពី​សំណាក់​អង្គទូត​នានា​នៅ​ប្រទេស​កម្ពុជា ចំពោះ​ការយកចិត្ត​ទុកដាក់ និង​ការផ្តល់​នូវ​ការចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​របស់ខ្លួន​។

លោក​ ប្រាក់ សុខុន បានឱ្យ​ដឹងថា​៖ «​ស្ថានទូត​ប្រ៊ុយណេ​ប្រចាំ​កម្ពុជា​ដែលជា​ប្រធាន​អង្គទូត​ប្រចាំ​កម្ពុជា និង​អង្គទូត​នានា​ដូចជា បារាំង វៀតណាម ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​បាន​សម្តែង​នូវ​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឱ្យ​សហគមន៍​ការទូត​ប្រចាំ​កម្ពុជា​ទទួល​បាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ប្រភេទ AstraZeneca (Covishield)»​។

តាមរយៈ​កំណត់​ទូត​របស់​ស្ថានទូត​ប្រ៊ុយណេ​ប្រចាំ​កម្ពុជា​បានលើក​ឡើង​ថា ស្ថានទូត​ប្រ៊ុយណេ​ជឿជាក់​ថា កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ប្រភេទ​ AstraZeneca ដល់​សហគមន៍​ការទូត ខណៈ​ដែល​វ៉ាក់សាំង​នេះ​មាន​តម្រូវការ​ខ្ពស់ ហើយ​ការផ្គត់ផ្គង់​នៅមាន​កម្រិត​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ប្រាក់ សុខុន ក្នុង​លិខិត​ផ្ញើជូន​លោក​ ហ៊ុន សែន​។

យោងតាម​ស្ថានទូត​ប្រ៊ុយណេ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​ផ្ញើលិខិត​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃទី​ ២៤ ខែមីនា បាន​សម្តែង​នូវ​អំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ផ្តល់​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ របស់​ក្រុមហ៊ុន AstraZeneca ដល់​សហគមន៍​ការទូត​ក្នុងប្រទេស​កម្ពុជា​។

ស្ថានទូត​នេះ​បញ្ជាក់ថា​៖ «​គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​បានទេ ដរាបណា​មនុស្ស​គ្រប់គ្នា​មិនមាន​សុវត្ថិភាព​។ ក្នុងអំឡុងពេល​ដ៏ពិបាក​នេះ​ហើយ​ជា​ការពិត​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម​ (​លោក​ ហ៊ុន សែន​) ​ដែល​បាន​ថ្លែងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ តែ​មាន​បេះដូង​ធំ​។ យើង​ពិតជា​អរគុណ​ណាស់​»​។

ចំណែក​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ELDEEN HUSAINI MOHD HASHIM បាន​សរសេរ​លិខិត​ ១ ​ច្បាប់​ជូន​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ផងដែរ ដោយបាន​ថ្លែងអំណរគុណ​អស់ពីដួងចិត្ត​ និង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ចំពោះ​រាល់​ជំនួយ​ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​ស្ថានទូត​ម៉ាឡេស៊ី​ និង​សមាជិកគ្រួសារ​របស់​ពួកគេ​កាលពី​ថ្ងៃទី​ ២៤ មីនា ឆ្នាំ​ ២០២១​។

លោក​លើកឡើង​ថា​៖ «​ដំណើរការ​ចាក់​វ៉ាក់សាំង​បាន​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន និង​រៀបចំ​បានល្អ​។ ខ្ញុំ​ពិតជា​សូម​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏សប្បុរស​របស់លោក ហើយ​យើង​ទន្ទឹង​រង់ចាំ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​ក្នុង​ដូស​ទី​២ ​ទៀត​តាម​ការកំណត់​»​។

ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​បាន​សម្តែង​នូវ​អំណរគុណ​ដល់​លោក​ ហ៊ុន សែន និង​ក្រសួង​ការបរទេស​ចំពោះ​ការរៀបចំ​ និង​ការសម្របសម្រួល ឥតឈប់ឈរ​នៅ​ទូទាំង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ សម្រាប់​បុគ្គលិក​ការទូត ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា រួមទាំង​សមាជិកគ្រួសារ និង​បុគ្គលិក​មូលដ្ឋាន​ផងដែរ​។

លិខិត​ស្ថានទូត​សរសេរ​ថា​៖ «​ស្ថានទូត​សូម​កោតសរសើរ​ចំពោះ​ការផ្តល់​វ៉ាក់សាំង​នេះ​ដែល​ឆ្លុះបញ្ចាំង​ពី​ការខិតខំ ប្រឹងប្រែង​ពិតប្រាកដ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​កូវីដ ​១៩ តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ តាមរយៈ​ការផ្តល់​ការចាក់​វ៉ាក់សាំង​នេះ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អ​មួយ​ដែល​សហគមន៍​អន្តរជាតិ​គួរតែ​សហការ​ និង​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​»​។

ជាមួយ​គ្នា​នេះ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត និង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​ ១ ដល់ទី​ ៤ ខែមេសា​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា មនុស្ស​ចំនួន​ ១៤០ ៧៧៣ ​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ ​១៩ ស៊ីណូហ្វាក់​។

ទាក់ទង​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះដែរ លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) បាន​ណែនាំ​ និង​បញ្ជា​ដាច់ខាត​ទៅដល់​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​នៅតាម​ក្រសួង​នីមួយៗ​មិន​ត្រូវ​អនុញ្ញាត​យក​បុគ្គលិក​ផ្សេង​ក្រៅពី​មន្ត្រីរាជការ​ស៊ីវិល​ដែល​ស្ថិតក្នុង​ក្រសួងសាមី​មកចាក់​វ៉ាក់សាំង​ទេ​។

លោកស្រី​ ឱ វណ្ណឌីន បញ្ជាក់ថា​៖ «​ដូច​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ចាក់​លើស​ចំនួន​ដែល​ក្រសួង​នេះ​បាន​ស្នើសុំ​មក ដែល​នេះ​ជា​បញ្ហា​ដែល​យើង​មិនមាន​វ៉ាក់សាំង​សម្រាប់​ផ្តល់ជូន​អ្នក​ចាក់​លើក​ទី​២​។ ប្រសិនបើ​ក្រសួង​នីមួយៗ​ចេះតែ​យក​បុគ្គល​ផ្សេង​ដែល​មិនមែន​ជា​បុគ្គលិក​របស់ខ្លួន​មក​ចាក់​នោះ ធ្វើឱ្យ​ចំនួន​វ៉ាក់សាំង​ដែល​យើង​គ្រោង​ផ្តល់ឱ្យ​មន្ត្រីរាជការ​នោះ​មិនមាន​វ៉ាក់សាំង​គ្រប់​ចំនួន​ទេ​»​។

លោកស្រី​បន្តថា វា​ជា​រឿង​ធំ​ណាស់​ដែល​ប្រធាន​អនុគណៈកម្មការ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ ដោយសារ​វ៉ាក់សាំង​មានតែ ​១,៥ ​លាន​ដូស​ ដែល​គោលដៅ​ត្រូវ​ចាក់​គឺ​សម្រាប់តែ ៧៤៥ ០០០ ​នាក់​ទេ​។

លោកស្រី​ថា​៖ «​ប្រសិនបើ​ប្រធាន​ស្ថាប័ន​មិន​អនុវត្ត​ទៅតាម​គោលដៅ​ដែល​បានដាក់​ចេញ​គឺ​សុំ​ប្រធាន​អនុគណៈកម្មការ​នីមួយៗ​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ព្រោះ​យើង​មិនត្រូវ​ចេះតែ​យក​អ្នកនេះ ឬ​អ្នកនោះ​មកចាក់​នោះ​ទេ​»៕

វីដេអូ៖