ក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍បដិសេធចោលទាំងស្រុងចំពោះទស្សនៈរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សរបស់ UN កាលពីថ្ងៃទី ៧ ខែឧសភាឆ្នាំនេះ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តីសកម្មជនអង្គការមាតាធម្មជាតិនៅកម្ពុជា។
កាលពីថ្ងៃទី ៥ ឧសភា សមាជិក ៣ រូប នៃអង្គការមាតាធម្មជាតិកញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានតុលាការប្រកាសទោសឲ្យជាប់ពន្ធនាគារចន្លោះពី ១៨ ខែ ទៅ ២០ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ដោយចោទពីបទញុះញង់ និងសមគំនិតទាក់ទងនឹងបញ្ហាបរិស្ថាន។
២ ថ្ងៃបន្ទាប់ពីមានការកាត់ទោសនេះ លោកស្រី Mary Lawlor បានលើកឡើងថា ពួកគេត្រូវបានជាប់ពន្ធនាគារចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២០ ដោយគ្រាន់តែចូលរួមការពារបឹងធម្មជាតិតាមោក។
លោកស្រីថ្លែងថា៖ «ខ្ញុំពិតជាសោកសៅដែលបានទទួលដំណឹងថា អ្នកការពារសិទ្ធិមនុស្សចំនួន ៣ នាក់ មកពីអង្គការមាតាធម្មជាតិត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ១៨ ខែ ទៅ ២០ ខែ។ ខ្ញុំមិនគួរនិយាយរឿងនេះទេ តែថាការការពារបរិស្ថានដោយសន្តិភាព គឺមិនមែនជាបទឧក្រិដ្ឋនោះទេ»។
ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំនេះបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យរូបនេះ មានព័ត៌មានមិនពិត និងបង្កឱ្យមានការភាន់ច្រឡំ។
សេចក្ដីថ្លែងការណ៍ដដែលបានអះអាងថា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”។
ជាមួយនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានផ្តល់នូវការសង្កេតមួយចំនួនដែលកម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។
បើទោះជាស្ថាបនិកនៃអង្គការ [មាតាធម្មជាតិ] នោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ ២០១៧ រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់ ១ រូប នៃអង្គការនេះនៅតែបន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។
នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទ្ទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ទៀតថា លោកស្រីសាស្រ្តាចារ្យរូបនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីយកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះរឹតតែជំរុញ និងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សា និងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។
បើតាមស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភ័ស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិលបានមានវត្តមានចូលរួមដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ។ ម៉្យាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមកផងដែរ។
សេចក្ដីថ្លែងការណ៍នេះបានចាត់ទុកពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យរដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្មើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាសង្កត់ធ្ងន់ថា អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមប្រតិបត្តិ” និង” សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិត និងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែក បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេសបាន។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕