ភ្នំពេញៈ ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ប្រទេស​កម្ពុជា​ បាន​បដិសេធ​ចំពោះ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភ្នំពេញ ​ដែល​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​ ២៩ ​កញ្ញា​ ស្តីពី​ការបំភិតបំភ័យ និង​ការសងសឹក ចំពោះ​បុគ្គល​នៅ​កម្ពុជា​​ដែល​បាន​ដកស្រង់​យក​តែមួយ​ជ្រុង​ និង​ពុំមាន​តុល្យភាព​ចេញពី​របាយការណ៍​ទាំងមូល​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (​អ.ស.ប)។

មួយ​ថ្ងៃ​ក្រោយមក​ពោល​គឺ​នៅ​ថ្ងៃទី​ ៣០ ខែ​កញ្ញា ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​នៅ​ហ្សឺណែវ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​មួយ​ដោយ​បាន​លើកឡើង​ថា របាយការណ៍​របស់​អគ្គលេខាធិការ ​អ.ស.ប បាន​ផ្អែក​ខ្លាំង​តែ​លើ​ការអធិប្បាយ​របស់​អ្នក​រាយការណ៍​ពិសេស​ដែល​ផ្តោត​លើ​ភាគី​តែ​ម្ខាង​ និង​ពុំបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​រាល់​ការចោទ​ប្រកាន់​នានា​។ ​​កិច្ចការ​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការបញ្ជូន​ជូន​អគ្គលេខាធិការ អ.ស.ប នូវ​ការបកស្រាយ​បំភ្លឺ​ទាន់​ពេលវេលា​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​ ១ (​កថាខណ្ឌ​ ១៩ ទំព័រ​ ២៣) ​នៃ​របាយការណ៍​របស់​អគ្គលេខាធិការ​អ.ស.ប។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​លើក​​ឡើង​ថា ក្នុង​ន័យ​នេះ​គេ​ត្រូវ​ចោទសួរ​ពី​ភាពស្មោះត្រង់ និង​ហេតុផល​របស់​ការិយាល័យ​នេះ​ដែល​ច្បិច​យក​តែ​មួយផ្នែក​នៃ​របាយការណ៍​​ហើយ​ពុំ​បង្ហាញ​នូវ​ផ្នែក​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​រាជរដ្ឋាភិបាល​។ ទង្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ចុះ​​ខ្សោយ​នូវ​សុចរិត​ភាពឯករាជភាព និង​ភាពទុកចិត្ត​បាន​របស់​ស្ថាប័ន អ.ស.ប មួយ​នេះ​។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​នេះ​ «​ការចោទប្រកាន់​ថា​បុគ្គល​ដែល​បាន​សហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់​ អ.ស.ប ​ត្រូវ​បាន​បំភិតបំភ័យ ឬ​សងសឹក​គឺជា​ការបំផ្លើស​ទាំងស្រុង​។ ​ដូច​ប្រទេស​ដទៃ​​ទៀត​ដែរ វត្តមាន​របស់​មន្ត្រី​នគរបាល​នៅ​ក្បែរ​ទីកន្លែង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​មិនគួរ​ត្រូវបាន​បកស្រាយ​ថា​ជា​ការគំរាមកំហែង​ការបំភិតបំភ័យ​ ឬ​ការរំខាន​ឡើយ​។ ពួកគេ​គ្រាន់តែ​បំពេញ​ភារកិច្ច​ដើម្បី​បង្ការ​ភាពចលាចល ឬ​អសន្តិសុខ​នានា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​»​។

ទន្ទឹម​នឹង​នេះ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អង្គការ​សង្គម​ស៊ីវិល​ជួបប្រទះ តាមរយៈ​យន្តការ​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ស្រាប់​រួមទាំង​វេទិកាភាព​ជា​ដៃគូ​ដែល​បានរៀបចំ​ទៀងទាត់​។

ការបង្ហាញ​ការខកចិត្ត​បែប​នេះ​​គឺ​បន្ទាប់ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (​អ.ស.ប) ​បង្ហាញ​​ពី​របាយការណ៍​ស្តីអំពី​ «​ការបំភិតបំភ័យ​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​» ​ដែល​បាន​ចេញ​​ពី​ចុងខែ​កញ្ញា ហើយ​ត្រូវ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភ្នំពេញ​ដកស្រង់​​មក​ផ្សាយ​។

របាយការណ៍​បាន​លើកឡើង​ថា​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ទទួល​របាយការណ៍​ជាច្រើន​អំពី​មន្ត្រីនគរបាល​មូលដ្ឋាន ដែល​មិន​បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​វគ្គ​បណ្តុះបណ្តាល ឬ​ការប្រជុំ​បាន​​មក​ថតរូប​សាកសួរ​អំពី​អ្នក​រៀបចំ​​ និង​របៀបវារៈ ឬ​ទាមទារ​ព័ត៌មាន​ពី​អ្នកចូលរួម​ទាមទារ​សុំ​មើល​របៀបវារៈ បញ្ជី​ឈ្មោះ​អ្នកចូលរួម​បាន​ព្យាយាម​ថតរូប​អ្នកចូលរួម និង​សាកសួរ​អំពី​តំណាង​សង្គម​ស៊ីវិល​​ហើយ​ក្រុមគ្រួសារ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​ អ.ស.ប ក៏​អំពាវនាវ​ផងដែរ​ដល់​​រដ្ឋ​ជា​សមាជិក​ឲ្យ​យកចិត្ត​ទុកដាក់​លើ​មន្ត្រី​សាធារណៈ និង​តួអង្គ​រដ្ឋ​ដទៃ​ទៀត​អំពី​ការសង​សឹក និង​ការបំភិតបំភ័យ រួមទាំង​តាមរយៈ​ការបណ្តុះបណ្តាល និង​ចេញ​សេចក្តី​ណែនាំ​ផ្ទៃក្នុង​ផង​។

លោក ថេង សាវឿន ប្រធាន​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អគ្គលេខាធិការ អ.ស.ប. មុន​នឹង​លើកឡើង​នូវ​អ្វីមួយ​គឺ​គេ​តែងតែ​សិក្សា​ស្វែងយល់​លើ​នីតិវិធី និង​ការប្រព្រឹត្ត​ឡើង​​ដូច​ក្នុង​របាយការណ៍​នោះ​ត្រឹមត្រូវ​ដែរ​ឬ​អត់​ជាមួយ​នឹង​ការផ្អែកលើ​ឯកសារ​គតិយុត្ត​ដែល​មាន​ចែង​​ក្នុង អ.ស.ប.។

លោក​បាន​ថ្លែងថា​៖ «​តាម​ស្ថានភាព​ជាក់ស្តែង​កន្លងមក​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​និង​ការលើកឡើង​របស់​អគ្គលេខាធិការ​ អ.ស.ប ក៏​មាន​ការត្រឹមត្រូវ​ដែរ​។

ដូចនេះ ដើម្បី​កុំឱ្យ​មាន​ការលើកឡើង ឬ​មាន​នៅក្នុង​របាយការណ៍​ណាមួយ ខ្ញុំ​ចង់ឱ្យ​ក្រសួង​មហាផ្ទៃ​ណែនាំ​ទៅដល់​មន្ត្រី​របស់ខ្លួន​ទាំងអស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅលើ​បទដ្ឋាន​គតិយុត្ត​អន្តរជាតិ​រួម​នឹង​ច្បាប់​ជាតិ​របស់ខ្លួន​ដែលមាន​។ បើ​មិន​ដូច្នេះ​ទេ ការលើក​ឡើង​ដដែលៗ​នឹង​នៅតែ​មាន​ហើយ​ធ្វើឱ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​»៕