ព្រះសីហនុៈ មន្ត្រីជំនាញបានឲ្យដឹងថា ស្ថានីយបូមទឹកកខ្វក់ថ្មីទាំង ៤ ទីតាំងក្នុងខេត្តព្រះសីហនុនឹងសាកល្បងបូមទឹកកខ្វក់កុំឱ្យធ្លាក់ចូលសមុទ្រតទៅទៀតនៅថ្ងៃ ២៥ មីនាខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជំនាញកំពុងប្រឹងប្រែងតទុយោនិងលូឱ្យបានចប់សព្វគ្រប់នៅមុនកាលកំណត់។
លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាអ្នកដឹកនាំក្រុមការងារសាងសង់ស្ថានីយបូមទឹកកខ្វក់បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ស្ថានីយបូមទឹកកខ្វក់ទាំង ៤ ទីតាំងគឺត្រូវបានក្រុមការងារប្រឹងប្រែងសាងសង់រួចរាល់អស់ហើយ នៅឡើយតែការបញ្ចប់ការតភ្ជាប់ទុយោគ្នានិងការតភ្ជាប់លូគ្នាប៉ុណ្ណោះសម្រាប់បង្ហូរទឹកកខ្វក់ដែលបូមចេញពីស្ថានីយទាំង ៤ នោះទៅទម្លាក់នៅក្នុងអាងចម្រោះទំហំ ១៦ ហិកតា។
លោកថា៖ «សំខាន់ទាល់បញ្ចប់ (ការងារ) ទុយោនិងលូទាំងហ្នឹងហើយអស់គឺម៉ូទ័រចាប់ផ្ដើមបាញ់ (បូម) តែម្តង។ យើងមិនអាចទប់ទឹកកខ្វក់ ១០០% មិនឱ្យចូលសមុទ្រនៅពេលរដូវភ្លៀងធ្លាក់ទេ ប៉ុន្តែសំខាន់ទឹកកខ្វក់ខ្មៅសុទ្ធនោះគឺយើងបិទមិនឱ្យហូរ (ចូលសមុទ្រ) ទៀតទេ គឺយើងបូមបញ្ច្រាសឡើងភ្នំតែម្ដង»។
លោក ឆោមណារ៉ាឌី បន្តថា ការបូមទឹកកខ្វក់សាកល្បងនេះគឺដើម្បីធ្វើយ៉ាងណាឱ្យទឹកសមុទ្រនៅក្នុងខេត្តព្រះសីហនុប្រែជាស្អាតឡើងវិញដើម្បីស្វាគមន៍ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ស្ថានីយសម្រាប់បូមទឹកកខ្វក់ដើម្បីចម្រោះមុនបង្ហូរចូលទៅសមុទ្រទាំង ៤ ទីតាំងនេះគឺស្ថិតនៅឆ្នេរឯករាជ្យ ឆ្នេរសុខា អូរស្អាត និងឆ្នេរអូរឈើទាលដោយស្ថានីយទី ១ មានទំហំ ១១ ម៉ែត្រគុណ ១៥ ម៉ែត្រនិងជម្រៅ ៥ ម៉ែត្រស្ថានីយទី ២ មានទំហំ ៨ ម៉ែត្រគុណ ១៨ ម៉ែត្រនិងជម្រៅ ៥,៥ ម៉ែត្រស្ថានីយទី ៣ មានទំហំ ១០ ម៉ែត្រគុណ ២០ ម៉ែត្រ និង ជម្រៅ ៥,៥ ម៉ែត្រ និងស្ថានីយទី ៤ មានទំហំ ១១ ម៉ែត្រគុណ ១៥ ម៉ែត្រនិងមានជម្រៅ ៥,២ ម៉ែត្រ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបញ្ជាក់ដែរថា ស្ថានីយទាំង ៤ នេះ នឹងប្រើដើម្បីទប់ទឹកកខ្វក់ដែលតែងហូរពីគ្រប់អូរនិងលូចូលសមុទ្រដើម្បីបូមទៅទម្លាក់នៅក្នុងអាងស្ដុកទឹកទំហំ ១៦ ហិកតាស្ថិតនៅអូរឈើទាលដើម្បីចម្រោះមុនបង្ហូរចូលសមុទ្រ។
លោកថា៖ «អ៊ីចឹងស្ថានីយដែលយើងមានស្រាប់ហ្នឹងទឹកកខ្វក់ហូរតែពីកន្លែងវាលទំនាបទេ អ៊ីចឹងកន្លែងខ្ពស់ ដូចជា នៅសង្កាត់លេខ ២ សង្កាត់លេខ ៣ អីហ្នឹងគឺទាល់តែទប់ទឹកហូរនៅទីនោះហើយបូមចូលមកស្ថានីយនៅអូរឈើទាល»។
ចំណែកលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាប្រចាំខេត្តព្រះសីហនុសង្កេតឃើញថា បច្ចុប្បន្ន ទីតាំងដែលកំពុងបង្ហូរទឹកកខ្វក់ចូលសមុទ្រគឺនៅឆ្នេរសុខា ឆ្នេរអូរឈើទាល និងអូរត្រេះជាដើម ហើយការបង្ហូរចូលសមុទ្រនេះ ដោយសារស្ថានីយទាំង ៤ មិនទាន់ដំណើរការនៅឡើយ។
លោកបានបញ្ជាក់ថា៖ «ធ្វើហើយបើទោះបីជាមិនបាន ១០០% ប៉ុន្តែវាអាចបញ្ចៀសបានផលប៉ះពាល់បង្ហូរទឹកកខ្វក់ចូលសមុទ្រដែរ។ សំខាន់ត្រូវពន្លឿនការសាងសង់ឱ្យលឿនដើម្បីទប់ស្កាត់ការបំពុលហ្នឹងបានហើយ»៕