
សារប្រាប់ពីការឈ្នះរង្វាន់ ១ ត្រូវបានអ្នកប្រើតេឡេក្រាមបង្ហោះនាខែនេះ។ រូប Cyber Dep.
ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឱ្យពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមមានការប្រុងប្រយ័ត្នជាមួយនឹងការផ្ញើសារ «ឈ្នះរង្វាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គម» បន្ទាប់ពីស្ថាប័ននេះបានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារបែបនេះតាមបណ្តាញសង្គម Telegram និងហ្វេសប៊ុក។
យោងតាមរយៈការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពីម្សិលមិញឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទទួលបានសារដែលមានខ្លឹមសារថា «ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!»។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវរកឃើញថា សារទាំងអស់នេះគឺជា សារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះពួកគេនឹងទាមទារឱ្យលោកបង់ប្រាក់បន្តិចបន្តួច ដើម្បីឱ្យលោកអ្នកមានការជឿជាក់។ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខបណ្ណឥណទានរបស់លោកអ្នកទៀតផង។
ការបោកបញ្ឆោតដែលអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប។ ប៉ុន្តែល្បិចបោកបញ្ឆោត នេះត្រូវបានចាប់ផ្តើមឡើងនៅប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩។
បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានជនខិលខូចចំនួន ៥ ពាន់នាក់ ដែលកំពុងប្រើប្រាស់វិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់បណ្តាញសង្គម។ នាយកដ្ឋានបានណែនាំដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើន វាគឺជាការបោកបញ្ឆោត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា៖ «សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ»។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ឱ្យដឹងពីម្សិលមិញថា នាយកដ្ឋានជំនាញចេញការណែនាំនេះ ព្រោះវាជាហានិភ័យមួយទៅដល់ប្រជាពលរដ្ឋទូទៅឱ្យមានការប្រុងប្រយ័ត្នពីការឆបោក។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបថា កាលណានាយកដ្ឋានគេចេញសេចក្តីប្រកាសអ៊ីចឹង ហើយមិនខ្វល់ថាច្រើន ឬតិចនោះទេ វាជាហានិភ័យមួយហើយ ដែលយើងចេញធ្វើការណែនាំទៅដល់សាធារណជន។ បើវាតូចតាច គេមិនងាយចេញផ្តេសផ្តាសឱ្យផ្អើលដល់ក្នុងសង្គមទេ»។
លោកបន្តថា៖ «ឱ្យខ្ញុំថាច្រើន ឬតិចខ្ញុំមិនថាទេប៉ុន្តែវាបង្ហាញពីហានិភ័យពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជាពិសេសការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋកុំឱ្យមានការបាត់បង់»។
លោក ង៉ែត មុសេ ទីប្រឹក្សាឯករាជ្យផ្នែកសន្តិសុខបច្ចេកវិទ្យាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញ ថា ករណីឆបោកតាមបណ្តាញសង្គមនេះមិនមែនទើបតែកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ វាបានកើតយូរណាស់មកហើយនៅបណ្តាប្រទេសនានា។ ករណីនេះកើតឡើង បន្ទាប់ពីឧក្រិដ្ឋជន មើលឃើញពីការរីកចម្រើន និងកំណើននៃការប្រើប្រាស់បណ្តាញសង្គម ជាពិសេសប្រព័ន្ធតេឡេក្រាម។
បើតាមលោក ង៉ែត មុសេ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសកម្ពុជាមួយចំនួនអាចនឹងធ្លាក់ចូលទៅក្នុងការបោកបញ្ឆោតនេះនៅពេលមានសារលោតក្នុងទូរស័ព្ទដៃថា «អបអរសាទរអ្នកឈ្នះរង្វាន់»។ បើមានអ្នកណាដែលលោភលន់អាចនឹងចូលក្នុងអន្ទាក់របស់គេ។
លោកបញ្ជាក់ថា៖ «អ្នកដែលមិនបានដឹង ដូចជាបុគ្គលិកក្រុមហ៊ុន ឬប្រជាពលរដ្ឋធម្មតាអាចនឹងធ្លាក់ចូលទៅក្នុង [ការឆបោកនេះ] តាមរយៈការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យគេ។ ប៉ុន្តែបើមានករណីលោត សារ គួរតែកុំបើកមើល និងផ្តល់ព័ត៌មាន និងដាក់ការសង្ស័យ»។
លោកបន្តថា៖ «បើមានករណីនេះ កើតឡើងបុគ្គលិកក្រុមហ៊ុនគួរតែទៅរកអ្នកបច្ចេកទេសនៅក្នុងស្ថាប័នដើម្បីជួយដោះស្រាយ។ ប៉ុន្តែបើប្រជាពលរដ្ឋធម្មតា គួរតែសាកសួរទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីមានវិធានការ និងជួយបាន»៕
វីដេអូ៖