ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោករយ:ពេល ៥៥ ថ្ងៃដែលមានសិក្ខាកាមជាមន្ត្រីនគរបាលចរាចរណ៍ចំនួន ៨៣៧ នាក់ មកពីទាំង ១៤ ខណ្ឌចូលរួមចាប់ផ្តើមពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០។
លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញបានថ្លែងពីម្សិលមិញថា វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោកនេះត្រូវបានធ្វើឡើងរយ:ពេលខ្លីចំនួន ១០ វគ្គដោយក្នុង ១ វគ្គៗរយ:ពេល ៥ ថ្ងៃដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨៣៧ នាក់។ លោកបន្តថាវគ្គបំប៉ននេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលចរាចរណ៍ដែលមានសមាសភាពមកពីការិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ដែលទទួលការងារផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍។
វគ្គបំប៉ននេះគ្រាន់តែចង់បង្ហាញពីនីតិវិធី និងបច្ចេកទេសជាក់ស្ដែងបន្ថែមលើជំនាញរបស់ពួកគាត់ដែលបានសិក្សាពីសាលានគរបាលស្រាប់។ លោកបញ្ជាក់ថា៖ «នេះគឺជាវគ្គបំប៉នជំនាញមានន័យថា គាត់មានជំនាញ វិជ្ជាជីវៈពីសាលានគរបាលរួចរាល់ហើយ ហើយឥឡូវនេះយើងគ្រាន់តែចង់បង្ហាញអ្វីដែលថ្មីទាក់ទងការអនុវត្តអនុក្រឹត្យ ឬលិខិតណែនាំនានារបស់រាជរដ្ឋាភិបាល ហើយយើងនឹងបង្ហាញបទពិសោធការងារមួយចំនួនដែលជាដំណោះស្រាយ និងបង្ហាញបញ្ហាប្រឈមខ្លះៗដែលទាក់ទងវិស័យចរាចរណ៍ផ្លូវគោក»។
លោក សុខ ហេង អធិការខណ្ឌទួលគោកថ្លែងពីម្សិលមិញថា កម្លាំងសមត្ថកិច្ចជំនាញរបស់លោកចំនួន ២ នាក់នៅការិយាល័យចរាចរណ៍ផ្លូវគោកបានទៅចូលរួមក្នុងវគ្គបំប៉ននេះដើម្បីឲ្យពួកគាត់ទៅដកស្រង់បទពិសោធល្អៗពីរាមច្បង និងគ្រូបង្គោលជំនាញៗក្នុងការងារចរាចរណ៍។
លោកបន្តថា ចំពោះមេរៀន ឬមុខជំនាញទាក់ទងវគ្គបំប៉ននេះលោកមិនបានដឹងច្បាស់ទេ ប៉ុន្ដែលោកចង់ឲ្យមន្ត្រីលោកមានជំនាញបន្ថែមទៀតក្នុងការងារនេះ។ «ខ្ញុំឯកភាពឲ្យពួកគាត់សិក្សានូវវគ្គបំប៉នផ្នែកចរាចរណ៍ផ្លូវគោក ដើម្បីឲ្យពួកគាត់យកជំនាញទាំងអស់ដែលគាត់បានដកស្រង់ពីគ្រូបង្គោល និងអ្នកជំនាញមកអនុវត្តការងារផ្ទាល់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀតព្រោះយើងត្រូវការមន្ត្រីដែលមានជំនាញច្បាស់លាស់មានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការងារ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) បានថ្លែងពីម្សិលមិញថា លោកគាំទ្រឲ្យមានវគ្គបំប៉នបែបនេះទៅដល់មន្ត្រីជំនាញផ្នែកចរាចរណ៍ ដើម្បីឲ្យស្របតាមបរិបទថ្មីៗនេះដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យថ្មីទាក់ទងការផាកពិន័យអន្តរការណ៍ ដែលជាការកែសម្រួលចេញពីអនុក្រឹត្យលេខ ៤៤។
លោកបន្តថា នៅក្នុងវគ្គបំប៉ននេះលោកជំរុញឲ្យគ្រូបង្គោលជួយពន្យល់បន្ថែមជុំវិញការផ្សព្វផ្សាយអំពីអនុក្រឹត្យនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ក្រៅពីការផាកពិន័យ និងការអនុវត្តច្បាប់។ ក្នុងនោះគួរមានការបង្ហាញពីសារមួយចំនួនដែលអប់រំពួកគាត់ឲ្យបានយល់អំពីច្បាប់ និងអនុក្រឹត្យដែលទើបកែសម្រួលថ្មីនេះ។
លោក បញ្ញា បញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យផ្ដោតសំខាន់ទៅលើការប្រតិបត្តិរបស់កងកម្លាំងរបស់យើងនៅពេលចុះអនុវត្តច្បាប់ចៀសវាងការបង្កើតឲ្យមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងជាមួយប្រជាពលរដ្ឋដែលធ្វើឲ្យខូចកិត្តិយសកងកម្លាំងរបស់យើង។ ដូច្នេះវគ្គបំប៉ននេះគួរបញ្ចូលនូវវិធីសាស្ត្ររកដំណោះស្រាយសមរម្យ និងពន្យល់ពីបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយជាមួយជនល្មើស និងប្រជាពលរដ្ឋ»។
តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃទី ៦ ខែមេសាថា លទ្ធផលកិច្ចប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល ៣ ខែដោយគិតចាប់ពីខែមករា ដល់ខែមីនាឆ្នាំ ២០២០ សមត្ថកិច្ចជំនាញឃាត់ និងផាកពិន័យយានយន្តល្មើសសរុបចំនួន ១៣១៨៥៣ គ្រឿងក្នុងនោះមានម៉ូតូចំនួន ៨២៨៦៥ គ្រឿង៕