កំពង់ឆ្នាំងៈ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោក ខូវ លី នៅថ្ងៃម្សិលមិញបានច្រានចោលខ្លឹមសារនៃអត្ថបទព័ត៌មានភ្នំពេញថែមស៍ដែលមានចំណងជើងថា «បែកធ្លាយបញ្ជីឈ្មោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ឆ្នាំងយកលុយពីម្ចាស់សង្វៀនមាន់» ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០។
យោងតាមអត្ថបទព័ត៌មាននេះអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលរួមមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធាចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត សុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ៗពី ១០០ ដុល្លារ ដល់ ៣០០០ ដុល្លារ ជាថ្នូរមិនចាត់វិធានការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ឃុំព្រះស្រែ ស្រុកឧដុង្គ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សារព័ត៌មាននេះបានសរសេររៀបរាប់ដោយផ្អែកលើប្រភពដែលធ្លាប់បានចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់នៅក្នុងទីតាំងនោះថា ក្រៅពីល្បែងភ្នាល់បញ្ជល់មាន់ក៏មានលេងចាក់អាប៉ោង ដោយមានអ្នកឈ្នះ និងអ្នកចាញ់ក្នុង ១ ថ្ងៃៗរាប់រយ រាប់ពាន់ដុល្លារ ហើយថ្ងៃខ្លះក៏មានអ្នកឈ្លោះប្រកែក វាយតប់គ្នា ដោយសារតែការចាញ់លើការភ្នាល់ល្បែងទាំងនេះផងដែរ។
ទោះជាបែបណាក៏ដោយអត្ថបទព័ត៌មានដ៏រសើបនេះត្រូវបានលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចាត់ទុកថាជា «ការប្រមាថមាក់ងាយដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ» របស់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង និងស្នើឲ្យនាយកគ្រប់គ្រងស្ថាប័នសារព័ត៌មាននោះ ចេញសេចក្ដីកែតម្រូវជាបន្ទាន់ផងដែរ។
លោក លី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទដោយបដិសេធថា មិនធ្លាប់ទទួលប្រាក់ឧបត្ថម្ភពីម្ចាស់សង្វៀនជល់មាន់ណាមួយឡើយ និងមិនធ្លាប់បើកដៃឲ្យមន្ត្រីនគរបាលក្រោមឱវាទរបស់លោកទទួលប្រាក់ពីបទល្មើសដូចការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញថែមស៍នោះទេ។
លោកថ្លែងថាតាំងពីមុនរហូតមកទល់ពេលនេះ លោកតែងតែជំរុញដល់មន្ត្រីក្រោមឱវាទរបស់លោកឲ្យខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ និងបានព្រមានផងដែរថា ក្នុងមូលដ្ឋានណាកើតមានបទល្មើស និង បង្កឲ្យមានជនរងគ្រោះ ទោះធ្ងន់ ឬស្រាលក្ដី សមត្ថកិច្ចក្នុងមូលដ្ឋាននោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានបណ្ដឹងពាក់ព័ន្ធនឹងភាពអសកម្មណាមួយរបស់សមត្ថកិច្ចក្នុងមូលដ្ឋាននោះ។
លោក លី បានបញ្ជាក់ថា៖ «ខ្ញុំហ៊ានអះអាងថានៅទូទាំងខេត្តកំពង់ឆ្នាំងគ្មានសង្វៀនភ្នាល់ល្បែងបញ្ជល់មាន់នោះទេ ហើយខ្ញុំក៏មិនដែលទទួលលុយពីបនល្បែងខុសច្បាប់បែបនេះដែរ។ សម្រាប់ខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ខ្ញុំយល់ថា ជាអត្ថបទបែបបរិហារកេរ្តិ៍ ដែលនាំឲ្យខូចកិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់យើងខ្ញុំជាកងកម្លាំង» ។
លោក លី បានបន្ថែមថា៖ «ទោះជាបែបណាក្ដី ខ្ញុំចង់ឃើញនាយកគ្រប់គ្រងស្ថាប័នសារព័ត៌មានមួយនេះ ធ្វើការចុះផ្សាយកែតម្រូវនូវអត្ថបទរបស់ខ្លួន និងធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់មកកាន់អង្គភាពរបស់យើងខ្ញុំ បើពុំនោះទេ យើងខ្ញុំនឹងចាត់វិធានការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន»។
ជុំវិញករណីនេះ លោក អេង គឹមលាង ដែលជាម្ចាស់អត្ថបទ និងជាបុគ្គលិកជាន់ខ្ពស់នៃសារព័ត៌មានភ្នំពេញថែមស៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អង្គភាពរបស់លោកបានធ្វើលិខិតសុំទោសចំពោះភាពខ្វះចន្លោះនៃអត្ថបទព័ត៌មានខាងលើជូនចំពោះអង្គភាពពាក់ព័ន្ធទាំងអស់រួចហើយ និងបានចុះផ្សាយទាំងស្រុងនូវសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ។
លោក គឹមលាង បាននិយាយថា៖ «របាយការណ៍ព័ត៌មាន និង រូបភាពដែលអង្គភាពយើងខ្ញុំបានចុះផ្សាយនោះគឺទទួលបានពីប្រជាពលរដ្ឋ និងអ្នកដែលបានចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់នៅក្នុងមូលដ្ឋាននោះ ប៉ុន្តែយើងខ្ញុំមិនអាចប្រាប់អំពីអត្តសញ្ញាណនៃប្រភពទាំងនោះបានទេ»។
លោក គឹមលាងបានបន្តថា ទីតាំងសង្វៀនបញ្ជល់មាន់នោះធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងរួចមកហើយកាលពីប៉ុន្មានខែមុននេះ ប៉ុន្តែមួយរយៈក្រោយមកទីតាំងនោះបានបើកដំណើរការដោយលួចលាក់ឡើងវិញ ទើបប្រជាពលរដ្ឋ អ្នកដែលចាញ់ក្នុងល្បែងភ្នាល់នៅទីនោះឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យសមត្ថកិច្ចបានដឹង និងចុះបង្ក្រាប៕