
លោក ស ថេត ពេលជួបប្រតិភូវៀតណាមកាលពីថ្ងៃ ២១ ឧសភា។ ប៉ូលិស
ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានស្នើទៅកាន់ភាគីវៀតណាមឲ្យជួយបណ្ដុះបណ្ដាលនិងបំប៉នជំនាញដល់ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពថ្នាក់ដឹកនាំនិងគណៈប្រតិភូនានាក៏ដូចជាពរដ្ឋទូទៅផងដែរ។
ការស្នើនេះ បានធ្វើឡើងក្នុងពេលលោក ស ថេត ជួបគណ:ប្រតិភូវៀតណាមក្នុងពេលកំពុងមកបំពេញទស្សនកិច្ចនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ថ្មីៗនេះ។
លោក ស ថេត បានលើកឡើងថាក្នុងពេលចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញមិនទាន់បាន ១ ឆ្នាំនេះ លោកមានបំណងបង្កើតក្រុមអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានគ្នាប្រមាណជា ៦០ នាក់។ ក្រុមអន្តរាគមន៍នេះគឺត្រូវចេះរបៀបបាញ់កាំភ្លើងវែង កាំភ្លើងខ្លី និងរបៀបការពារថ្នាក់ដឹកនាំផងដែរ។
ថ្លែងក្នុងជំនួបនោះ លោកស្នងការបានស្នើឱ្យគណៈប្រតិភូវៀតណាមទទួលយកសំណើនេះនិងរាយការណ៍ទៅថ្នាក់ដឹកនាំវៀតណាមដើម្បីសម្រេច។
លោកបានបញ្ជាក់ថា៖ «ធនធានមនុស្ស និងសម្ភារសម្រាប់បំពាក់គឺខាងស្នងការដ្ឋានរាជធានីភ្នំពេញបានជ្រើសរើសនិងបញ្ជាទិញរួចរាល់ហើយដោយនៅខ្វះតែការបណ្ដុះបណ្ដាលជំនាញនេះប៉ុណ្ណោះ»។
លោក ស ថេត បានបញ្ជាក់បន្ថែមប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ចាប់ពីពេលនេះតទៅនៅប្រទេសកម្ពុជានឹងមានកិច្ចប្រជុំធំៗជាច្រើន ហើយកងអន្តរាគមន៍នេះ ក៏ជួយបន្ថែមទៀតទៅលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរផងដែរ។
លោកថា៖ «ក្នុងកិច្ចជុំធំៗជាតិ និងអន្ដរជាតិយើងអាចបង្ហាញថា ប្រទេសយើងមានកងកម្លាំងការពារបានល្អ រួមជាមួយអាវុធហត្ថនិងអង្គភាពដទៃជាដើម។ កាលពីមុនយើងមានក្រុមកងកម្លាំងពិសេសដែរ ប៉ុន្ដែរៀបមិនទាន់ស្អាតមិនទាន់ឯកភាពគ្នា អ៊ីចឹងទើបខ្ញុំចង់កែសម្រួល ដើម្បីបណ្ដុះបណ្ដាលពីជំនាញការហ្វឹកហាត់ផ្សេងៗជាដើម»។
បើតាមលោកស្នងការ គណ:ប្រតិភូវៀតណាមក៏បានសន្យាថា នឹងយកសំណើនេះទៅរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិចារណាទៅលើសំណើនេះផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជានិងជាអ្នកវិភាគនយោបាយបានលើកឡើងថាក្រុមអន្តរាគមន៍នេះគឺជាកងកម្លាំងដែលរង់ចាំតែទទួលបទបញ្ជាពិសេសនៅក្នុងហេតុការណ៍ពិសេសផ្សេងៗ ដូចជា ពាក់ព័ន្ធនឹងសុវត្ថិភាពថ្នាក់ដឹកនាំឬបញ្ហាកើតឡើងជាយថាហេតុណាមួយដែលប៉ះពាល់ដល់សន្ដិសុខជាតិ។
លោកបានបន្តថា៖ «កងកម្លាំងបែបនេះ ប្រទេសមួយចំនួនគេក៏មានដែរដើម្បីរក្សាសុខសន្ដិភាព។ ការបង្កើតកងកម្លាំងនេះល្អ បើយើងមានគោលបំណងច្បាស់លាស់ថា ពិតជាបម្រើសន្ដិសុខសណ្ដាប់ធ្នាប់ប្រទសជាតិ លើកលែងតែបង្កើតឡើងដើម្បីតែគំរាមកំហែងប្រជាពលរដ្ឋនោះវាទើបជាបញ្ហា ព្រោះបញ្ហាកន្លងមក អង្គភាពមួយចំនួនបង្កើតមក ច្រើនតែមិនបានអនុវត្ដភារកិច្ចរបស់ខ្លួនទៅតាមគោលការណ៍ច្បាប់កំណត់ ច្រើនតែធ្វើផ្ទុយឬបង្កើតឡើងដើម្បីរកផលប្រយោជន៍ផ្សេងៗជាដើម»៕