មណ្ឌលគិរីៈ ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ១ ​កន្លែង​ នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​លក់​ជា​ផ្លូវការ​ក្នុងតម្លៃ​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ថៅកែ​រ៉ែ​មាស​នៅ​ស្រុក​កែវសីមា​ដែល​ភាគី​អ្នកលក់​បាន​ទទួល​លុយ​កក់​ចំនួន​ ៣០ ​ម៉ឺន​ដុល្លារ​មុន​ហើយ ដោយ​អ្នកទិញ​នៅ​រង់ចាំ​ទទួល​ឯកសារ​គ្រប់គ្រាន់​ទើប​ប្រគល់​លុយ​គ្រប់​ចំនួន ប៉ុន្ដែ​ការទិញ-លក់​នេះ​ នៅមាន​ភាពចម្រូងចម្រាស​នៅឡើយ​។

លោក សៅ សារីម អតីត​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​អ្នកកាន់កាប់​ដី​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ដី​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី​មាន​ទំហំ ៤០ ​គុណ​ ៧១ ​ម៉ែត្រ​ត្រូវ​បាន​ឈ្មោះ ឆាន់ រី ជា​អ្នក​តំណាង​ឈរឈ្មោះ​លក់​ដី​នេះ​ក្នុងតម្លៃ​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ឈ្មោះ​ អ៊ុន ឈាងលឹម ជា​ថៅកែ​រ៉ែ​មាស​ប្រចាំ​ស្រុក​កែវសីមា​។

លោក​បន្តថា ភាគី​អ្នកលក់​បាន​ទទួល​លុយ​កក់​ចំនួន​ ៣០ ​ម៉ឺន​ដុល្លារ ​រួចរាល់​ហើយពី​អ្នកទិញ​។ រីឯ​លុយ​ ៣០ ​ម៉ឺន​ដុល្លារ ​ដែល​នៅសល់​ត្រូវ​បាន​ភាគី​អ្នកទិញ​កំពុង​រង់ចាំ​ការរៀបចំ​ឯកសារ​ផ្លូវការ​រួចរាល់ ទើប​ប្រគល់​លុយ​ឲ្យ​គ្រប់​ចំនួន​។

លោក​បញ្ជាក់ថា​៖ «​ភាគី​អ្នកលក់ និង​អ្នកទិញ​កំពុង​ជាប់គាំង​ត្រង់​ឯកសារ ព្រោះ​ខ្ញុំ​បាន​ប្ដឹង​ជំទាស់​ទៅ​លោក​អភិបាលខេត្ត​មិន​ឲ្យ​ចេញ​ឯកសារ​ណាមួយ​មក​លក់​ដូរ​ដី​ទីស្នាក់ការ​នេះ ហើយ​ខ្ញុំ​នឹង​តស៊ូ មតិ​ជំទាស់​ដាច់ខាត មិន​ឲ្យ​លក់​ទេ​»​។

លោក​បន្ថែមថា ដី​ស្នាក់ការ​នេះ​ជា​ដី​របស់​លោក​ផ្ទាល់ ដោយ​លោក​បាន​ដោះដូរ​ពី​ពលរដ្ឋ​ម្នាក់​កាលពី​ឆ្នាំ​ ១៩៩៥ ក្រោយមក​លោក​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្ចី​ដី​ធ្វើជា​ទីស្នាក់ការ​បណ្ដោះអាសន្ន​។ ការខ្ចី​នោះ​មាន​លក្ខខណ្ឌ​ថា បើ​ឈប់​ធ្វើ​ទីស្នាក់ការ​ហើយ​ត្រូវ​ប្រគល់​ដី​នោះ​មក​ឲ្យ​លោក​វិញ​។ ប៉ុន្ដែ​ផ្ទុយ​ពី​នេះ​បែរ​ជា​មនុស្ស​ជំនាន់​ក្រោយ​របស់​គណបក្ស​ឃុបឃិត​គ្នា​លួច​លក់​ដី​លោក​ទៅ​ឲ្យ​អ្នកផ្សេង​វិញ​។

មន្ត្រី​ក្នុង​បក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ឈ្មោះ​ ហេង ហាក់លីម ជំនួយការ​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជា​អ្នករត់​ការលក់ដូរ​ដី​ទីស្នាក់ការ​នៅ​មណ្ឌលគិរី កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្ដែ​ម្សិលមិញ​ភ្នំពេញ-ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​មិន​និយាយ​។

មន្ត្រី​ដដែល​នោះ​បន្ត​ថា​លោក​ ហេង ហាក់លីម មាន​ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ព្រះអង្គម្ចាស់ក្សត្រី​នរោត្តម ម៉ារី ធ្វើជា​ខ្នងបង្អែក​ដោយ​គាត់​បាន​សាកសួរ និង​ស៊ើបអង្កេត​រក​បណ្ណកម្មសិទ្ធិ​ដី​ (​ប្លង់រឹង​) ​តាម​ទីស្នាក់ការ​បក្ស​នីមួយៗ​ដើម្បី​ដក​ហូត​យក​ដី​មក​លក់​ទៅ​ឲ្យ​អ្នក​ផ្សេងទៀត​។

លោក​ ណុប សុធារិទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ឡើយ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​។

ចំណែក​លោក​ ឆឹង ចំរើន អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​អះអាង​ថា​៖ «​ខ្ញុំ​អត់​ដឹង​ទេ រឿង​ហ្នឹង រាល់​ថ្ងៃនេះ ខ្ញុំ​គិតតែ​ម្យ៉ាង​សុំ​ឲ្យ​សម្ដេច ក្រុមព្រះ​ [​នរោត្តម រណឫទ្ធិ​] ​មាន​ព្រះរាជ​សុខភាព​ល្អ​ឡើងវិញ​ប៉ុណ្ណោះ​»​។

លោក​ អ៊ុន ឈាងលឹម ថៅកែ រ៉ែមាស និង​ជា​អ្នកទទួល​ទិញ​ដី​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការទិញ-លក់​ដី​នេះ​បានទេ​។

រីឯ​លោក​ ឆាន់ រី ជា​តំណាង​អ្នក​ឈរឈ្មោះ​លក់​ដី​ទីស្នាក់ការ​គណបក្ស​នោះ ក៏​គ្មាន​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការលើកឡើង​នេះដែរ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​ថ្លែងថា បើ​ពិតជា​មាន​ការលក់​ទីស្នាក់ការ​គណបក្ស​មែន មានន័យ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​កេរអាករ​អ្វី​ជាទី​ពឹង​ទៀត​ទេ ដោយ​ពួកគាត់​កំពុង​លក់​កេរ​របស់​សម្ដេចឪ​ដែល​ជា​កេរ​តាំងពី​ឆ្នាំ​ ១៩៩៣ មក​នោះ​ចែកគ្នា​ចាយ​។

លោក​បញ្ជាក់ថា​៖ «​បើ​ជ្រុល​ជា​លក់​ទីស្នាក់ការ​អស់បែប​នេះ គួរតែ​រំសាយ​បក្ស​ហ៊្វុនស៊ិនប៉ិច​ចោល​ទៅ រីឯ​រាជវង្ស​គួរ​ចាកចេញ​ពី​ឆាកនយោបាយ ឬ​នៅក្រៅ​ឆាក​នយោបាយ ហើយ​ងាក​មក​ធ្វើការ​មនុស្សធម៌​ក្នុង​សង្គម​យើង​វិញ​ល្អ​ជាង​ធ្វើ​នយោបាយ ព្រោះ​បើ​នៅ​ធ្វើ​នយោបាយ​បែប​នេះ គឺ​នឹង​នៅ​មាន​ការរិះគន់​រាជវង្ស​មិន​ខាន​ដែល​បណ្ដាល​ឲ្យ​អាប់ឱន​កិត្តិយស​ព្រះមហាក្សត្រ​»​។

តាម​លិខិត​របស់​លោក​ សៅ សារីម ជា​អ្នកកាន់កាប់​ប្លង់​កម្មសិទ្ធិ​ដី​ស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ជម្រាប​ជូនទៅ​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ ១៤ សីហា ឲ្យ​ដឹងថា​៖ «​កាលពី​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​ជំទាស់​មិន​ឲ្យ​ឈ្មោះ​ ឆាន់ រី ទទួល​ប័ណ្ណ​សុំ​ចុះបញ្ជី​ប្លង់រឹង​ម្ដង​រួចមក​ហើយ​ដោយ​មូលហេតុ​ដី​ទំនាស់​។ ដល់​ថ្ងៃទី​ ១៣ ខែ​សីហា ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​នៅ​រដ្ឋបាល​សង្កាត់​មនោរម្យ ស្រាប់​តែ​ឃើញ​មាន​ឈ្មោះ​ អ៊ុន ឈាងលឹម ប្រពន្ធ​ឈ្មោះ​ កុយ ធីតា មក​តាំង​ខ្លួន​ជា​ម្ចាស់​លើ​ក្បាលដី​ទំនាស់ ៤០ គុណ ៧០ ម៉ែត្រ​នោះ​ដោយ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ដី​នោះ​ខ្ញុំ​បាន​ប្ដឹង​ជាមួយ​ ឆាន់ រី តាំងពី​ឆ្នាំ​​ ២០១៦ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។ ដូច្នេះ​សូម​លោក​អភិបាលខេត្ត​មណ្ឌលគិរី​ជួយ​ដោះស្រាយ​»​។

ប្រភពពី​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឲ្យ​ដឹងថា គណបក្ស​នេះ​គ្រោង​នឹងដាក់​លក់​ទីស្នាក់ការ​បក្ស​ខេត្ត​ព្រះសីហនុ​ចំនួន​ ៩០ ​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ទីស្នាក់ការ​នៅ​ខេត្ត​មណ្ឌលគិរី​លក់​តម្លៃ ៦០ ​ម៉ឺន​ដុល្លារ និង​ខេត្ត​កំពង់ឆ្នាំង​ត្រូវបាន​ដាក់លក់​ក្នុង​តម្លៃ​ ៥០ ​ម៉ឺន​ដុល្លារ ប៉ុន្ដែ​គម្រោង​លក់​ទីស្នាក់ការ​ទាំង ៣ កន្លែង​នេះ​កំពុងស្ថិត​នៅក្នុង​ភាពចម្រូងចម្រាស​គ្នា​នៅឡើយ​៕