
ស្លាកយីហោដែលសរសេរអក្សរមិនត្រឹមត្រូវនៅក្រុងព្រះសីហនុ។ សហការី
សីហនុៈ ស្លាកយីហោសរសេរអក្សរមិនត្រឹមត្រូវ នៅខេត្តព្រះសីហនុនៅតែបន្តមាន បើទោះណាជាជិត ៦ ខែក្នុងឆ្នាំនេះរដ្ឋបាលក្រុងព្រះសីហនុចុះរុះរើបាន ៣៩១ កន្លែងក៏ដោយ ជាអ្វីដែលមន្ដ្រីថា ករណីនេះកើតឡើងភាគច្រើនដោយសារម្ចាស់អាជីវកម្មលើកស្លាកមិនសុំច្បាប់ ខណៈសង្គមស៊ីវិលថា គួរបញ្ឈប់ជនបរទេសកុំឲ្យធ្វើអាជីវកម្មលើផ្នែកបោះពុម្ព។
លោក លឹម ភត្រី មន្ត្រីប្រតិកម្មរហ័សសាលាក្រុងព្រះសីហនុ ទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ជិត ១ ឆមាសក្នុងឆ្នាំនេះ អាជ្ញាធរខេត្តបានចុះរុះរើស្លាកយីហោនិងបដាដែលភាគច្រើនសរសេរអក្សរមិនត្រឹមត្រូវឬសរសេរអក្សរចិនធំជាងអក្សរខ្មែរបានចំនួន ៣៩១ សម្រាប់តែក្រុងព្រះសីហនុប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «កន្លងមកការលើកស្លាកខុសនេះ វាមានកត្តាមួយចំនួន ក្នុងនោះមានម្ចាស់អាជីវកម្មគាត់មិនបានសុំច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុងព្រះសីហនុ។ បើពួកគាត់សុំច្បាប់មុននឹងលើកស្លាកនោះមិនមានខុសទេ ព្រោះយើងមានក្រុមមន្ដ្រីជំនាញចុះពិនិត្យជាមុន ហើយបើមានឃើញខុសគឺឱ្យកែភ្លាមតែម្ដង។ ប៉ុន្ដែស្លាកដែលខុសអក្សរគឺពួកគាត់មិនមានច្បាប់ទេ ពួកគាត់លើកដោយខ្លួនឯងតែម្ដង»។
បើតាមលោក ភត្រី បើម្ចាស់អាជីវកម្មសុំច្បាប់នោះមន្ដ្រីជំនាញនឹងកំណត់ស្ដង់ដារអក្សរដូចជា អក្សរខ្មែរធំជាងអក្សរបរទេស ២ ដងជាដើម។ប៉ុន្ដែលោកថា អាជ្ញាធរក្រុងព្រះសីហនុក៏យោគយល់ផងដែរចំពោះការសរសេរអក្សរខុសលើស្លាកអាជីវកម្មនេះដោយសារម្ចាស់អាជីវកម្មមិនទាន់យល់ពីច្បាប់កម្ពុជា ហើយបានធ្វើស្លាកដោយខ្លួនឯងពីប្រទេសចិនឬពីរាជធានីភ្នំពេញដោយមិនឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ពេលចុះរុះរើសយើងត្រូវប្រើពេលវេលាច្រើន ព្រោះយើងមិនអាចជួបម្ចាស់អាជីវកម្មភ្លាមៗបានទេ។ត្រូវរង់ចាំពួកគាត់ពេលខ្លះត្រូវចុះទៅច្រើនដងដើម្បីណែនាំពួកគាត់ឱ្យរុះរើ។ បញ្ហាសំខាន់នោះគឺមន្ដ្រីយើងមិនចេះនិយាយភាសាចិនទើបពិបាកពន្យល់ពួកគាត់ (ម្ចាស់អាជីវកម្ម)»។
លោកឲ្យដឹងថា ពេលពិនិត្យឃើញមានកំហុសលើស្លាកយីហោ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុបានធ្វើកំណត់ហេតុឱ្យម្ចាស់អាជីវកម្មរុះរើខ្លួនឯងដោយទុកពេល ១ សប្តាហ៍ ហើយបើមិនអនុវត្ដតាមនឹងបន្ដនីតិវិធីច្បាប់ និងអាចឈានដល់ដកអាជ្ញាប័ណ្ណ។
យ៉ាងណាក្ដី ចំពោះការលុបបំបាត់បញ្ហានេះ លោក ភត្រី បានថ្លែងថា មិនមានការរំពឹងនោះទេ ដោយសារការធ្វើអាជីវកម្មនៅតែបន្តសកម្មភាពដែលរមែងតែងមានកំហុសសម្រាប់អ្នកថ្មី ពិសេសជនបរទេស។
លោកបានបញ្ជាក់ថា៖ «យើងមិនអាចលុបបំបាត់បានទាំងស្រុងទេលុះត្រាតែលែងមានអ្នករកស៊ីនៅក្នុងប្រទេសយើងតែម្ដង។ កាលណានៅតែមានអ្នករកស៊ីក្នុងប្រទេសយើងគឺនៅតែមានបញ្ហាស្លាកយីហោនេះ។ ហាងមកបើកថ្មីៗរហូតលើកស្លាករហូត អ៊ីចឹងយើងមិនអាចបង្ក្រាបបានទេ ប៉ុន្ដែយើងមានវិធានការ»។
ទាក់ទងនឹងបញ្ហាស្លាកយីហោមិនត្រឹមត្រូវនេះ លោក ភត្រី ឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលក្រុងក៏មានការលំបាកក្នុងការចាត់វិធានការផងដែរ ព្រោះកម្ពុជាមិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងស្លាកយីហោនេះនៅឡើយ។
លោកបញ្ជាក់ថា៖ «យើងសង្ឃឹមថា ពេលក្រោយនឹងមានការធ្វើវិសោធនកម្មច្បាប់លើបញ្ហានេះដើម្បីយើងមានវិធានការដល់ជនល្មើស។ប៉ុន្ដែកន្លងមករដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានប្រាប់ឱ្យមន្ដ្រីមន្ទីរទេសចរណ៍ សហការ ជាមួយមន្ដ្រីពាក់ព័ន្ធចុះត្រួតពិនិត្យមើលលើបញ្ហានេះ បើម្ចាស់អាជីវកម្មដែលមិនស្ដាប់តាមការណែនាំ ហើយនៅតែប្រព្រឹត្ដខុសដដែលៗ យើងនឹងចុះបិទអាជីវកម្មគាត់តែម្ដង»។
កាលពីសប្ដាហ៍មុននេះ រដ្ឋបាលខេត្ដព្រះសីហនុក៏បានចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួន ២ ទីតាំងផងដែរ ទី១ ហាងលក់សម្លៀកបំពាក់ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និង ទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា» ខណៈនៅដើមឆ្នាំនេះ អាជ្ញាធរក្រុងនេះបានចុះរុះរើដកស្លាកយីហោរបស់ជនជាតិចិនដែលសរសេរអក្សរខ្មែរខុសឬដាក់ឈ្មោះយីហោមិនត្រឹមត្រូវជាច្រើនកន្លែងដោយសារម្ចាស់អាជីវកម្មមិនចេះអក្សរខ្មែរហើយប្រើកម្មវិធីបកប្រែតាម GoogleTranslate។
អ្នកស្រី ជៀប សុធារី មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដព្រះសីហនុបានថ្លែងថា បញ្ហានេះនឹងមិនអាចបញ្ចប់ទេដរាបណារដ្ឋបាលក្រុងព្រះសីហនុនៅតែអនុញ្ញាតឱ្យជនបរទេសអាចបើកអាជីវកម្មបោះពុម្ពស្លាកយីហោដោយមិនមានបុគ្គលិកជំនាញជាខ្មែរ។
អ្នកស្រីបញ្ជាក់ថា៖ «បើយើងនៅតែបន្ដឱ្យជនជាតិចិនបើកអាជីវកម្មផលិតស្លាកដោយខ្លួនឯង ៤-៥ កន្លែងក្នុងក្រុងព្រះសីហនុដោយមិនបានកំណត់ច្បាប់ឱ្យបានត្រឹមត្រូវបែបនេះ ពួកគាត់ទៅប្រើសេវាគ្នាគាត់ ហើយម្ចាស់អាជីវកម្មជាជនជាតិចិននោះមិនបានជួលបុគ្គលិកជំនាញជាខ្មែរទេ គាត់ប្រើតែកម្មវិធី Google Translate ចំណែកក្ដារចុចកុំព្យូទ័រពួកគាត់ក៏គ្មានអក្សរខ្មែរដែរ។ អ៊ីចឹងកំហុសស្លាកយីហោហ្នឹងនៅតែកើតមានដដែល»៕