
គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១៥ កុម្ភៈ។ រូប ប៉ូលិស
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សចំនួន ២១ នាក់បានស្លាប់ និង ៧៦ នាក់បានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៤៩ លើកនៅទូទាំងប្រទេសក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល ៤ ថ្ងៃ គឺមានការថយចុះបើធៀបទៅនឹងឆ្នាំមុន។
មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺមកពីបើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង កត្ដាយានយន្ត ភ្លើងសញ្ញា កត្ដាផ្លូវ អ្នកបើកបរងងុយដេក និងប្រើទូរស័ព្ទដៃក្នុងពេលបើកបរ។
លោក ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២០ ចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះមានការថយចុះ ១០ លើកអ្នកស្លាប់ថយចុះ ១៩ នាក់ និងរបួសថយចុះ ៤ នាក់។
ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះត្រូវបានកំណត់យកចំនួន ៤ ថ្ងៃគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ហើយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ៤ ថ្ងៃនេះមានការថយចុះទាំងចំនួនគ្រោះថ្នាក់ទាំងចំនួនអ្នករបួស និងចំនួនអ្នកស្លាប់ ព្រមទាំងថយចុះនៃការកកស្ទះចរាចរណ៍ផងដែរ។
លោក យ៉ាន ថ្លែងថា៖ «ជារួមយើងឃើញថា ល្អប្រសើរ ទី ១ សមត្ថកិច្ចរបស់យើងបានខិតខំរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍បានល្អប្រសើរ ទី ២ ការត្រៀមទុកជាមុនក៏មានលក្ខណៈល្អប្រសើរដែរ តាមរយៈការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យយល់អំពីការចូលរួមសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរ។ មានបងប្អូនភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងចរាចរណ៍ក៏មានសណ្តាប់ធ្នាប់ល្អប្រសើរ»។
បើតាមលោក យ៉ាន នៅក្នុងឆ្នាំ ២០២០ កន្លងមកអាជ្ញាធរបានខិតខំរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះគឺបានគិតគូរទៅលើការប្រើប្រាស់ល្បឿនជាចំណុចអាទិភាពជាងគេ ទើបធ្វើឱ្យគ្រោះថ្នាក់មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបជាមួយឆ្នាំ ២០១៩។
ជាមួយគ្នានេះគ្រោះថ្នាក់ចរាចរណ៍រួមក្នុងឆ្នាំ ២០២០ ក៏មានការថយចុះជិត ១ ០០០ លើក កាត់បន្ថយអ្នកស្លាប់ ៣៣៥ នាក់ និងកាត់បន្ថយអ្នករបួសបានចំនួន ១ ៤៤៥ នាក់។ នៅក្នុងឆ្នាំ ២០២១ នេះ និងឆ្នាំបន្តបន្ទាប់ទៀត អាជ្ញាធរនឹងបន្តរឹតបន្តឹងបន្ថែមទៀតក្នុងការធ្វើឱ្យមានការគោរពច្បាប់ចរាចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅទូទាំងប្រទេសកាន់តែនៅតិច។
លោក គង់ រតនៈ អ្នកជំនាញ និងជាអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកថ្លែងថា បញ្ហាចរាចរណ៍នៅក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាមិនទាន់ធូរស្រាលនៅឡើយ។ ប៉ុន្តែ លោកបានឯកភាពចំពោះរបាយការណ៍ និងការលើកឡើងរបស់លោក ហឹម យ៉ាន ដែរថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនកន្លងមកនេះមានការថយចុះ ដែលផ្អែកលើទិន្នន័យដែលប្រមូលបានដោយសមត្ថកិច្ចនគរបាល។
លោកបន្តថា ក្នុងនាមលោកជាអ្នកតាមដានរាល់សកម្មភាពគ្រោះថ្នាក់ចរាចរណ៍បានមើលឃើញថា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍គឺមានការថមថយ ប៉ុន្តែការបាត់បង់ជីវិតនៅតែបន្តកើតមានជាប្រចាំថ្ងៃដូចទៅនឹងរបាយការណ៍ដែលចេញដោយអគ្គស្នងការនគរបាលជាតិ។
លោក គង់ រតនៈ បញ្ជាក់ថា៖ «សម្រាប់ខ្ញុំ យើងចង់ដោះស្រាយបញ្ហានេះ យើងត្រូវរក ឫសគល់នៃបញ្ហាឱ្យច្បាស់លាស់។ មួយទៀតបញ្ហានេះ មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេសូម្បីតែនៅលើពិភពលោក ប្រទេសណាដែលមានការរីកចម្រើនដល់ណាក៏នៅមានគ្រោះថ្នាក់ចរាចរណ៍ដែរ។ គ្រាន់តែចំនួនគ្រោះថ្នាក់នៅក្នុងប្រទេសមានការអភិវឌ្ឍវាមានតិច និងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាមានច្រើន តែប៉ុណ្ណឹងទេ»។
បើតាមលោក គង់ រតនៈ តួលេខគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះមិនខុសគ្នាទៅនឹងឆ្នាំ ២០២០ ប៉ុន្មាននោះទេ ពោលគឺតួលេខជាមធ្យមនៃជនរងគ្រោះវាអាចកើនឡើងពី ២ ទៅ ៣ ដងក្នុងថ្ងៃធម្មតា ហើយនៅថ្ងៃដែលពលរដ្ឋធ្វើដំណើរច្រើនគឺនៅថ្ងៃបន្ទាប់ពីសែនរួច ដែលគិតជាមធ្យមមានអ្នកបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ពី ៩ នាក់ទៅ ១០ នាក់ ឬក៏លើសនេះ ខណៈរាល់ថ្ងៃមានអ្នកស្លាប់ជាមធ្យម ៥ នាក់៕