កំពង់ស្ពឺៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ២ នាក់​បាន​ស្លាប់ និង​ ៤ នាក់ រងបួស​ធ្ងន់ កាល​ពី​រសៀល​ម្សិលមិញ​​ដោយ​សារ​អគ្គិភ័យ​​ឆាប​ឆេះ​រោង​ចក្រ​ផលិត​អង្ករ​ ១ ​របស់​ក្រុម​ហ៊ុន «ហ្គោល​ឌិន​រ៉ាយ» ដែល​ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៥១ ក្នុង​ភូមិ​តា​ឡក ឃុំក្សេម​ក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ។ នេះ​បើ​តាម​លោក ប៊ុន​ ចាន់​ថា ស្នង​ការ​នគរ​បាល​ស្ដីទី​ខេត្ដ​កំពង់​ស្ពឺ​។

លោក ប៊ុន ចាន់ថា ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ ២ ​នាក់​បាន​ស្លាប់​និង​ ៤ ​នាក់​ទៀត​បាន​របួស​ធ្ងន់ បន្ទាប់​ពី​មាន​អគ្គិភ័យ​​ឆេះ​រោង​ចក្រ​សម្ងួត​អង្ករ​មួយ​ដែល​សង្ស័យ​មក​ពី​ធ្លាក់​កម្ទេច​ភ្លើង​ផ្សារ​ដែក​។ ប៉ុន្តែ​លោក​ថា ​គិត​ត្រឹម​ម៉ោង​ប្រហែល​ ៦ ​ល្ងាច​ម្សិល​មិញ​ភ្លើង​បាន​រលត់​វិញ​អស់​ហើយ ព្រោះ​មាន​កិច្ច​សហការ​ពី​រថយន្ដ​ពន្លត់​អគ្គិភ័យ​ស្នង​ការ​ដ្ឋាន​ខេត្ដ​កំពង់​​ស្ពឺ​ប្រមាណ​ ៩ ​គ្រឿង​។

លោក​​ថា៖ «ករណី​ឆេះ​នេះ​មក​ពី​កម្មករ​ផ្សារ​ដែក​លើ​ដំបូល​រោង​ចក្រ​ដល់​ពេល​ធ្លាក់​កម្ទេច​ភ្លើង​ពី​លើ​មក​ ​ក៏​ឆេះ​​ចំ​កន្លែង​មាន​ធុង​ហ្គាស​ផ្ទុះ​ឆេះ​ខ្លាំង​តែ​ម្ដង​​»។

លោក វ៉ី សំណាង អភិបាល​ខេត្ដ​កំពង់​ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​ទើប​ទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​របាយ​ការណ៍​លម្អិត​ពី​អត្ត​សញ្ញាណ​ជន​​រង​គ្រោះ​​ទាំង​នោះ​ លោក​មិន​ទាន់​ដឹង​ច្បាស់​​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​នៅ​ឡើយ​នោះ​។

លោក​បន្ដ​ថា៖ «យើង​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ករណី​នេះ​ទេ ឥឡូវ​យើង​កំពុង​សង្គ្រោះ​សិន​ យើង​អត់​​ទាន់​សួរ​មូលហេតុ​អ្វី​ទេ...ព្រោះ​រោង​ចក្រ​ហ្នឹង​ធ្លាប់​បាន​ឆេះ​ ២ លើក​ហើយ​ទាំង​លើក​នេះ​គឺ​​ចេះ​ឡ​សម្ងួត​​»។

ទោះ​យ៉ាង​ណា ​លោក​ ផន​សារី មេឃុំ​ក្សេម​ក្សាន្ដ បាន​សង្ស័យ​ថា អគ្គិភ័​យ​​នេះ​អាច​​​មក​ពី​​ទុស្សេ​ខ្សែ​ភ្លើង​ ខណៈ​កាល​ពី​ឆ្នាំ​មុន​នោះ ​ក៏​ឆេះ​​ដោយ​ករណី​ទុស្សេ​ខែ​ភ្លើង​នៅឡ​សម្ងួត​ស្រូវ​នេះ​ដែរ​។

លោក​បន្ដ​ថា​៖ «មាន​ឡាន​ទឹក​ស្នង​ការ​ខេត្ដ​កំពង់​ស្ពឺ​ប្រមាណ​ ៩ គ្រឿង​បាន​មក​ជួយ​អន្ដរាគមន៍​បាន​ទាន់​ពេល​...ភ្លើង​បាន​រលត់​ទៅ​វិញ​អស់​ហើយ តែ​មិន​ទាន់​ដឹង​ពី​ទិន្នន័យ​ចំពោះ​ការ​ខូចខាត​​ទាំង​ស្រុង​ទេ​»​។

បើ​តាម​លោក​មេឃុំ រោង​ចក្រ​មួយ​នេះ​មាន​បុគ្គលិក​បម្រើ​ការ​ប្រមាណ​ជាង​ ១០០ ​នាក់​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​លោក​ម្នាក់​​ផង​ដែរ​ ប៉ុន្ដែ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។ លោក​ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​ឧដុង្គ បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​ ​ដោយ​អះ​អាង​ថា កំពុង​ជាប់​រវល់​ប្រតិ​បត្តិ​ការ​ក្នុង​ករណី​នេះ​។

គួរ​បញ្ជាក់​​ថា រោង​ចក្រ​ផលិត​អង្ករ «ហ្គោល​ឌិន​រ៉ាយ» ជា​រោងចក្រ​សម្ងួត​ស្រូវ​ធំ​មួយ ​ប៉ុន្តែ​កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ ក៏​ធ្លាប់​មាន​គ្រោះ​អគ្គិភ័យ​នេះ​ម្តង​រួច​ហើយ​ដែរ​ ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​៕