ភ្នំពេញៈ លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី បានសម្ពោធបើកការិយាល័យស្ថានទូតប្រចាំកម្ពុជាជាផ្លូវការ និងបានចុះហត្ថលេខាកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន អរគុណដល់ហុងគ្រីដែលក្លាហានគាំទ្រកម្ពុជាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA និងចាត់ទុកហុងគ្រីជាមិត្តដ៏ជិតស្និទ្ធ។
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃអង្គារ ទី ៣ ខែវិច្ឆិកា បានបើកសម្ពោធការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាជាផ្លូវការ និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរួមមាន កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរណ៍រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹករវាងក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជាជាមួយនឹងក្រសួងមហាផ្ទៃហុងគ្រី និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជាជាមួយនឹងក្រសួងកសិកម្មហុងគ្រី។ នេះបើតាមក្រសួងការបរទេស។
លោក ប្រាក់ សុខុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់ លោក ភីធើ ស៊ីចាតូ មកកម្ពុជាក្នុងពេលដែលពិភពលោកប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងកំពុងមានបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ចសង្គមនោះ ពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំង ២។ លោកថា កម្ពុជាក៏មានការប្តេជ្ញាចិត្តដូចគ្នាដែរ។
លោកមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅទីក្រុងប៊ុលដាប៉ែសចំនួន ២ ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម Janos Ader ប្រធានាធិបតីហុងគ្រីមកកាន់រាជធានីភ្នំពេញកាលពីឆ្នាំមុន ការបើកការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៣ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងសេវាកម្មអាកាសដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាសក្ខីភាពដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នា»។
ប្រមុខការទូតកម្ពុជាបន្តថា ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើនរវាងប្រទេសទាំង ២ គឺ ផ្អែកលើមូលដ្ឋានគតិយុត្តដ៏រឹងមាំ។ ប្រទេសទាំង ២ តែងឈរលើគោលការណ៍ច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងតែងតែប្រកាន់យកជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។
ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសកម្ពុជាកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្គ្រាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រីបានបញ្ជូនមកកម្ពុជាក្រោមឆត្ររបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា អ៊ុនតាក់។ នេះបើតាមការលើកឡើងរបស់លោក ប្រាក់ សុខុន។
លោកថ្លែងដូច្នេះថា៖ «ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀតដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រី និងប្រទេសហុងគ្រី»។
បើតាមលោក ប្រាក់ សុខុន ព្រះករុណាព្រះមហាក្សត្រនឹងយាងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសហុងគ្រីនៅឆមាសទី ២ ឆ្នាំ ២០២១ ឬឆមាសទី ២ ឆ្នាំ ២០២២ ដែលជាព្រឹត្តិការណ៍សំខាន់មួយដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំង ២។
ក្រៅពីជួបជាមួយលោក ប្រាក់ សុខុន លោក ភីធើ ស៊ីចាតូ បានជួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយភាគីទាំង ២ បានពិភាក្សាគ្នាកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀត។
លោក សាខុន បញ្ជាក់ថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំអង្ករចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩ តោន និងថ្នាំជក់បាន ១១៨ តោន។ ប៉ុន្តែលោករំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មនឹងកើនឡើងខ្លាំង បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ នេះបើតាមលោក វេង សាខុន។
លោក ភីធើ ស៊ីចាតូ ក៏បានជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក សួស យ៉ារ៉ា សមាជិកសភាព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈរវាងប្រទេសទាំង ២ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នៅពេលរសៀល។
ទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ បានចាប់ផ្ដើមតាំងពីដំបូងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៥៦ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានរំខាននៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ បន្ទាប់ពីខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ប្រទេសទាំង ២ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញដោយហុងគ្រីបាននាំយកនូវជំនួយជាច្រើនប្រភេទមកជួយកសាងសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាដែលបានបើកផ្លូវដល់ការអភិវឌ្ឍ។ នេះបើតាមទីស្ដីការគណៈរដ្ឋមន្ត្រី។
កាលពីឆ្នាំ ២០១៩ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីហុងគ្រីលោក Janos Ader បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសហុងគ្រី និងមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំង ២ ដោយពេលនោះ ហុងគ្រីបានបង្ហាញជំហរគាំទ្រកម្ពុជាក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបបានផ្អាក ២០ ភាគរយកាលពីខែកុម្ភៈ។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ភីធើ ស៊ីចាតូ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២។
លោកថា៖ «វាជារឿងល្អហើយដែលកម្ពុជាមានចំណងទាក់ទងខ្លាំងជាមួយសមាជិករបស់សហភាពអឺរ៉ុបមួយទៀត។ ប៉ុន្តែវាជាការរំពឹងទុកខ្ពស់មួយ ប្រសិនបើចំណងទាក់ទងនេះត្រូវបានគេគិតថានឹងធ្វើឱ្យកម្ពុជាមានមុខមាត់ល្អលើឆាកអន្តរជាតិ ជាពិសេសនៅពេលដែលប្រទេសហុងគ្រីមានទំនាក់ទំនងតឹងតែងជាមួយ EU ពាក់ព័ន្ធនឹងការមិនគោរពតាមគោលការណ៍នីតិរដ្ឋរបស់សហភាពអឺរ៉ុប»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយកម្រិតទៀតរវាងប្រទេសទាំង ២។ លោកថា៖ «ករណី EBA បើទោះបីបានជោគជ័យ និងមិនជោគជ័យ ការគាំទ្ររបស់ហុងគ្រីគឺជាជោគជ័យរបស់កម្ពុជាខាងផ្នែកស្មារតី។ វាក៏បង្ហាញដែរថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុបគឺមិនធ្វើឡើងតាមរយៈការឯកភាពឯកច្ឆន្ទក្នុងចំណោមសមាជិករបស់ខ្លួនទេ ប៉ុន្តែធ្វើឡើងក្រោមប្រទេសណាមួយប៉ុណ្ណោះ មិនបានបង្ហាញជំហរទាំងមូលទេ ចំពោះវិធានការលើកម្ពុជា»៕