កំពង់ស្ពឺៈ យ៉ាងហោចណាស់​មាន​មនុស្ស​ ៣ ​នាក់​បាន​ស្លាប់ និង ​៣ ​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​ប៉ះ​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​កាលពី​រសៀល​ថ្ងៃទី​ ៣០ ខែធ្នូ​។

លោក ស៊ិន សុវណ្ណធី នាយការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ការវាស់វែង​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​ពិនិត្យឃើញ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិទ្ធិមុន្នី រង​ការខូចខាត​ផ្នែក​ចំហៀង​ខាងឆ្វេង ឯ​រថយន្ត​ដឹកខ្សាច់​ក្រឡាប់​ផ្ងារជើង​ចាក់​ខ្សាច់​ពេញ​ទាំង​ផ្លូវ​។ «​តាម​ការវាស់វែង និង​ពិនិត្យ​ភាពជាក់ស្ដែង​នៅ​កន្លែងកើតហេតុ ព្រមទាំង​ការបំភ្លឺ​ពី​ជនរងគ្រោះ ដែលជា​អ្នក​ធ្វើដំណើ​តាម​រថយន្ត​ដឹក​អ្នក​ដំណើរ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​»​។

បើតាម​លោក សុវណ្ណធី អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ និង​អ្នក​ឆែក​សំបុត្រ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ពួកគេ​បាន​រត់គេចខ្លួន​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ឈ្មោះ ចាន់ ទី អាយុ​ ២០ ​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បាន​រងរបួស​បាក់ជើង​ម្ខាង ត្រូវ​កម្លាំង​សមត្ថកិច្ច ចាប់បញ្ជូន​ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ជាមួយ​ជនរងគ្រោះ​ ២ ​នាក់​ផ្សេងទៀត​ដែល​ជា​អ្នកដំណើរ​តាម​រថយន្តក្រុង ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របួស​។

អ្នកដំណើរ​លើ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​សរុប​ ៣៣ ​នាក់​ក្នុង​នោះ​ ៣ ​នាក់​បាន​ស្លាប់ និង​ ២ ​នាក់​ទៀត​រងរបួស​។ សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​រថយន្ត​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​។

លោក​បន្តថា​៖ «​នៅពេល​នេះ​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​របួស នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ដោយ​ស្ថិតក្រោម​ការឃ្លាំមើល​របស់​មន្ត្រីនគរបាល​របស់​យើង​គ្រប់​ជំហាន​»​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ តំណាង​ក្រុមហ៊ុន រិទ្ធិ មុន្នី ដឹក​អ្នកដំណើ លោក យ៉ិន វុទ្ធី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តំណាង​ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន​លោក គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង កាំមីនកូ បាន​ចុះទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាន និង​ភស្ដុតាង​បន្ថែម ដើម្បី​រៀបចំ​ពាក្យបណ្ដឹង ប្រឆាំង​ភាគី​រថយន្ត​ដឹកខ្សាច់​ដែល​ជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទៅ​តាម​ផ្លូវច្បាប់ និង​ដើម្បី​ដោះស្រាយ​សំណង​ដល់​ជនរងគ្រោះ​ដែល​ស្លាប់ និង​រងរបួស​។

ទោះជា​បែបណា​ក្ដី​លោក​ វុទ្ធី មិនបាន​ប្រាប់ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នកបើកបរ និង​អ្នកត្រួតពិនិត្យ​សំបុត្រ​អ្នកដំណើរ​ដែល​បានគេច​ខ្លួន​ក្រោយ​គ្រោះថ្នាក់​កើតឡើង​នោះទេ​។ លោក​និយាយ​ថា​៖ «​នៅពេលនេះ ខាង​ក្រុមហ៊ុន​របស់​យើង​កំពុង​ជាប់រវល់​ជួយ​សម្របសម្រួល​ដំណោះស្រាយ​ដឹក​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទៅ​កាន់​ស្រុកកំណើត​របស់​ពួកគេ​»៕