ភ្នំពេញៈ អ្នក​វិភាគ​នយោ​បាយ​ លោក​ ឡៅ​ ម៉ុងហៃ​ បាន​ទស្សន៍ទាយ​​ដោយ​ដាក់​ចេញ​នូវ​ហានិភ័យ​​ចំនួន ៣ ចំណុច ​​ដែល​អាច​នឹង​កើត​ឡើង ​ចំពោះ​លោក​សម ​រង្ស៊ី​ ប្រ​សិន​បើ​ប្រធា​ន​ស្តី​ទី​​ អតីត​គណ​បក្ស​សង្គ្រោះជាតិរូប​នេះ​​ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០​១​៩ នេះ​មែន​នោះ​។

លោក ម៉ុងហៃ បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ​កាលពីម្សិល​មិញ​​ថា​ ចំណុច​ទី ១ លោក​ សម ​រង្ស៊ី​ អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ដូច​សហ​ស្ថាប​និក​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម​ សុខា​ ដែរ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជា​តិ​​ ​ហើយ​ចំណុច​ទី​ ២ ​គឺ​ថា លោក រង្ស៊ី ​នឹង​ត្រូវ​គេ​វាយ​បែក​ក្បាល ដូច​អតី​ត​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ លោក​ ខៀវ​ សំផន​ នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​មក​កាន់ទីក្រុង​ភ្នំពេញ​វិញនៅ​ឆ្នាំ​ ១៩៩​១​។

ចំណែក​ចំណុច​ទី​ ៣ ត្រូវ​លោក​ ម៉ុង​ហៃ បញ្ជាក់​ថា ​«(​ស​ម រង្ស៊ី​) ត្រូវបានសម្លាប់ ដូចសមា​ជិក​ព្រឹទ្ធសភាហ្វីលីពីន ឈ្មោះ អាគី​ណូ Aquino» ដែល​ជា​គូ​ប្រជែ​​ង​​នយោ​បាយ​របស់​ប្រធា​​​នា​ធិប​តី​ហ្វីលី​ពីន​លោក Ferdinand Marcos។ ជា​មួយ​គ្នា​នេះ លោក​ ម៉ុង​ហៃ ក៏​បាន​ប្រៀប​ធៀប​ផែន​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​ សម រ​ង្ស៊ី ​ទៅ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ា​គីស្ថាន លោក​ Nawaz Sharif ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​​ផង​ដែរ​។

លោក​ ម៉ុង​ហៃ បាន​ប្រាប់​ភ្នំ​​ពេ​ញ​ប៉ុស្តិ៍​បន្ថែម​ទៀត​​ថា​៖ «​លោ​​​ក ​សម ​រង្ស៊ី​ គួរ​ប្រកាន់​សម្តី​គាត់​ក្នុង​នាម​ជា​កូន​ប្រុស ​ហើ​យ​វិល​ត្រឡប់​មក​វិញ​ដូច​អ្វី​ដែល​គា​ត់​បាន​សន្យា។ គាត់​គួរ​តែ​ធ្វើ​តាម​គំរូ​របស់​លោក Nawaz Sharif ដែលជា​អតីត​នាយករ​ដ្ឋ​មន្ត្រី​ប៉ា​គី​ស្ថាន​។ កាត​ព្វកិច្ច​ចម្បង​របស់​រដ្ឋា​ភិបាល​របស់​យើ​ង ​គួរ​តែ​ផ្តល់​ការ​ការ​ពារ​ដល់​ប្រជា​​ពលរដ្ឋ​គ្រប់​រូប​ និង​ផ្តល់​ការ​ការ​​ពារ​ដ៏​មាន​ប្រសិទ្ធ​ភាព ​ជូន​គាត់​ ដូច្នេះហើយ​ ទើប​គាត់​អាច​វិលត្រឡប់​មក​ប្រទេស​កំណើត​រប​ស់​គាត់​វិញ​បាន​ដោយ​សុវត្ថិ​ភាព»។

ទោះជា​យ៉ាង​ណា​ លោក ​ម៉ុង​ហៃ​ មិន​រំពឹង​ថា​ អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ​នឹង​វិល​ត្រឡប់​មកវិញ​នោះ​ទេ ដោយ​សា​រ​តែ​គាត់​បាន​សន្យា​ចោល​ជា​ច្រើន​ដង​រួច​មក​ហើយ​។

លោក​បញ្ជាក់​ថា៖ «គាត់​បាន​និយាយ​ ប៉ុន្តែ​មិន​បាន​មក​ទេ​ នាពេល​កន្លង​មក ​ពីព្រោះ​នៅ​ពេល​គាត់​មក​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​។ កង្វល់​របស់​គាត់នឹង​មិន​ផ្លាស់​ប្តូរ​​នៅ​ពេល​នេះទេហើយ​ដោយ​ផ្អែក​លើ​ស្ថាន​ការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ ដែល​វា​កាន់​តែ​អាក្រក់​ជាង​មុន​ទៀត​នោះ»។

លោក​ សម រង្ស៊ី​ បាន​សន្យា​ថា ​លោក​នឹង​វិល​ត្រឡប់​មក​មាតុ​ភូមិ​វិញ​ នៅក្នុង​ឆ្នាំ​ ២០១​៩ នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​​ពី​ពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​វិល​ត្រឡប់​ម​ក​វិញ​នោះ​ទេ​។

កាល​ពី​ពេល​កន្លង​មក​ថ្មីៗ​នេះ​លោក​ រង្ស៊ី ក៏​បាន​ភ្នាល់​អំ​ពី​សេរី​ភាព​​របស់​លោក ​កឹម​ សុខា​ ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ។ លោក រង្ស៊ី និយាយ​ថា ​លោក​ កឹម​ សុខា​ នឹង​​​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​ ៣​ ខែ​មីនា ​ប៉ុន្តែ​លោក​ ហ៊ុន ​សែន ​បាន​ឆ្លើយ​តប​ទៅ​​វិញ​ថា​ ឱ្យ​ចាំ​រហូត​ដល់​សេះ​ដុះ​ស្នែង​សិន​។

លោក​ ម៉ៅ​ មុនី​វណ្ណ​ អតីត​តំណាង​រាស្ត្រ​​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ថ្មីៗ​នេះបាន​​រិះគន់​ការ​ធ្វើ​ជា​ប្រធាន​ស្តី​ទី​រប​ស់​លោក​រ​ង្ស៊ី ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​​ស្វា​គមន៍​ ផែន​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោ​​ក​ រង្ស៊ី។ លោក​បន្ត​ថា ​វា​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​គាត់​។

លោក​បញ្ជា​ក់ថា៖ «ឥឡូវ​នេះ វា​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ប្រ​សិ​​ន​បើ​អតីត​ប្រធាន​​បក្ស​សង្គ្រោះជាតិ​ចង់​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ។ វា​ផ្តល់​ក្តី​សង្ឃឹម​ដល់​ជន​រួម​ជាតិ​នៅ​ទូទាំង​ប្រទេ​ស​​ កម្ពុជា។ ខ្ញុំ​ជឿ​ជាក់​ថា​ ប្រជាជន​កម្ពុជានឹង​អប​អរ​សាទរ​បើ​គាត់​វិល​ត្រឡប់​មក​វិញ​»។

លោក​បន្ថែម​ថា​៖ «ប្រជា​ជន​រង់​ចាំ​វត្ត​មាន​គាត់​ទាំង​អន្ទះ​សា​ ដែល​គាត់​បាន​សម្រេច​ចិត្ត​ថា​ នឹង​​ត្រឡប់​មក​ប្រទេស​​កំណើត​វិញ។ ក្នុង​នាម​ជា​អតីត​អនុ​ប្រធា​ន​គណៈ​កម្មា​ធិកា​រ​ប្រតិ​បត្តិ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជា​តិ​​ខ្មែរ​ដែល​ស្រឡាញ់​ប្រទេស​ជា​តិ​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​មក​ចូល​រួម​ស្វាគមន៍​គាត់​ឲ្យ​បាន​ច្រើន។​ វា​គឺជា​ពេល​វេលា​ដ៏​ល្អ​ ដើម្បី​សង្គ្រោះ​លទ្ធិ​ប្រជា​ធិប​តេ​យ្យ​នៅ​កម្ពុជា​»។

លោក​ មុនីវណ្ណ​ ជឿ​ជាក់​ថា ​លោក ​​រង្ស៊ី​ អាច​នឹង​ត្រូវ​ចាប់ខ្លួន​ពីព្រោះ​ការវិល​ត្រឡប់​មក​វិញ​របស់​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ និង​ស្វាគ​ម​ន៍​ទាំង​ពី​សហ​គមន៍ជាតិ​ និង​អន្តរជាតិ។

ផ្ទុយ​មក​វិញ​ លោក​ថ្លែង​ថា​ ប្រសិន​បើ​លោក ​រង្ស៊ី​ពន្យា​រពេល​ក្នុង​ការវិល​ត្រឡប់​មក​វិញ ​គឺ​វា​នឹង​ធ្វើ​ឱ្យ​ប្រជាជន​បាត់បង់​ក្តី​សង្ឃឹម​លើ​គាត់។ នៅពេល​សួរថា​ តើ​លោក​ សម ​រង្ស៊ី ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធ​នា​គារ​ ឬ​ត្រូវបាន​គេ​ធ្វើ​ឃាត​ដែរ​ឬ​ទេ? លោក ​មុនីវណ្ណ​ ឆ្លើយ​ថា ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ​ ប៉ុន្តែ​លោ​ក​បញ្ជាក់​ថា​ វា​ជា​ពេលវេលា​សម​ហេតុ​ផលសម្រាប់​ការវិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី​​។ ​លោក​បន្ត​​ថា ​អ្នកគាំទ្រ​ជា​ច្រើន​នឹង​រារាំង​មិន​ឲ្យ​មាន​រឿង​មិនល្អ​កើត​ឡើង​​ចំពោះ​លោក រង្ស៊ី នោះ​ទេ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា វា​នឹង​មិន​មែន​ជា​បញ្ហា​ប្រឈ​​ម​ធំ​សម្រាប់​គាត់​នោះ​ទេ​។ ប្រសិ​ន​​បើ​ពួក​គេ [អាជ្ញាធរ] ​ប្រថុយ ​ហ៊ាន​ធ្វើ​អ្វី​មួយ​ ដូច​ការ​លើកឡើង​របស់​លោក​ [ឡៅ​ ម៉ុងហៃ​] នោះ​វា​ដូច​ជា​ការ​វាយ​សំពង​ទៅ​មេ​ដឹក​នាំ​ផ្តាច់​ការ​វិញ​»។

លោក ​គិ​ន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​យល់​ស្រប​ទៅនឹង​ការ​ទស្សន៍ទាយ​ចំណុច​ទី ១​ របស់​លោក ​ឡៅ​ ម៉ុង​ហៃ។​ ប៉ុន្តែ​លោក​បាន​បដិ​សេធ​ការ​ទស្សន៍​ទាយ​ ២ ​ចំណុច​​ចុង​ក្រោយ​ដោយ​លោក​​ថ្លែង​​ថា ​កម្ពុជា​គឺ​ជា​ប្រទេស​នី​តិ​​រដ្ឋ។

លោកថា៖ «គាត់​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ ប្រសិន​បើ​គាត់​វិលត្រឡប់​មក​វិញ​ ដោយ​សារ​តែ​ការ​អនុ​វត្ត​ច្បាប់​។​ ដោយ​សា​រតែ​មាន​សាល​ក្រម​ពី​តុលា​ការ​​ ដូច្នេះ​​​ហើយ​អាជ្ញា​ធ​រ​នឹង​អនុវត្ត​សាល​​ក្រម​របស់​តុលា​ការ​ចាប់​ខ្លួន​គាត់​ដាក់​ពន្ធ​នា​គារដែល​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ភ្នំពេញ»។

លោក​បន្ថែម​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​អាច​នឹង​កើត​ឡើង​រវាង​ក្រុម​អ្នក​គាំ​ទ្រ​លោក ​សម​ រង្ស៊ី​ នឹង​អាជ្ញាធរ​។ ទន្ទឹម​នឹង​នេះ​ដែរ ​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ​ទៀ​ បាញ់ ​កាល​ពី​​ម្សិល​មិញ​​បាន​ថ្កោលទោ​ស​សកម្ម​ភាព​របស់​លោក​ សម ​រង្ស៊ី​ នៅ​ក្រៅ​ប្រទេស​ ដែល​អំពាវ​នាវ​ឱ្យ​អន្ត​រជាតិ​ ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។

លោក​ថ្លែង​ថា​ លោក ​រង្ស៊ី​ បោក​ប្រាស់​សហ​គមន៍​អន្ដរ​ជា​តិ​ ដោយ​រាយ​ការណ៍​ថា​ ប្រទេស​កម្ពុជា ​«វេទនា​»។ លោក​ ទៀ ​បាញ់​ ថ្លែង​នៅក្នុង​អំឡុង​ពេល​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ឆ្នាំ ២០១៨ និង​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ឆ្នាំ​ ២០១៩ ថា៖ «[គាត់] ​ស្រែក​នៅ​បរទេស​ ហើយ​ភូត​កុហក​ដោយ​និយាយ​ថា អូ! ប្រទេស​កម្ពុជា​វេទនា​ណាស់ របប​ផ្តាច់ការ រំលោភ​សិទ្ធិ​មនុស្ស​ ដូច្នេះ​ហើយ​កា​រដា​ក់​សម្ពាធ​គឺជា​រឿង​ចាំ​បាច់...ហើ​​យ [សហ​គមន៍​អន្ដរជាតិ] ជឿថា អូ!វា​ប្រហែល​ជា​ការពិត ពួក​គេ​ចេះតែ​បន្ទរ​តាម​គាត់»។

លោក​បន្តថា ​​ប្រទេស ​កម្ពុជា ​ធ្លាប់​ជួបប្រទះ​នឹង​ទុក្ខលំបាក​​ច្រើន​មក​ហើយ។ លោក​បាន​ចោទ​សួរ​សហ​គមន៍​អន្តរជាតិ​ ចំពោះ​ការជឿ​ជាក់​របស់ពួកគេ​ទៅលើ​ការ​អះអាង​របស់​លោក​ ស​ម​ រង្ស៊ី​ ដែល​លើក​ឡើង​ថា​ លទ្ធិ​ប្រ​ជាធិ​បតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​ថា ហេតុ​អ្វី​បានជា​ពួកគេ​ចាញ់​ការបោក​ប្រាស់​ពី​មនុស្ស​មួយក្រុម​តូច ​ដែល​ចេះ​តែ​ធ្វើការ​ភូតកុហកបែប​នេះ។ ពួកគេ​និយាយ​ថា​ កម្ពុជា​មិន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទេ កម្ពុជា​មិន​គោរព​សិ​ទិ្ធ​មនុស្ស​ទេ ហើយ​មនុស្ស​ទាំង​នោះ​ក៏​ចេះ​តែ​ជឿ​ទៅ»។

លោក​ថា​៖ «គាត់​និយាយ​ថា ​ប្រទេស​ កម្ពុជា ​ត្រូវ​តែ​ផ្លាស់ប្តូរ។ តើ​យើង​ផ្លាស់​ប្តូរ​ទៅ​ណា? យើង​មាន​លទ្ធិប្រជាធិបតេយ្យ ដោយ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិនដែល​យឺតយ៉ាវ​។ តើ​នោះ​មិន​មែន​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ​ឬ?»៕