ភ្នំពេញៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំដល់ប៉ុស្តិ៍នគរបាល អធិការនគរបាល និងប្រជាពលរដ្ឋអំពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ «ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោក កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកាលពីថ្ងៃទី ២២ ខែកក្កដា បានចេញសេចក្ដីណែនាំចំនួន ៨ ទំព័រប្រាប់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ អធិការដ្ឋាននគរបាល និងប្រជាពលរដ្ឋអំពីនីតិវិធីចុះបញ្ជី និងការគ្រប់គ្រងការស្នាក់នៅ។ លោកពន្យល់អំពីការចេញសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការចុះឈ្មោះក្នុងសៀវភៅទាំង ២ នេះការផ្លាស់ប្ដូរលំនៅឋាន ក៏ដូចជាការចុះបញ្ជី និងការគ្រប់គ្រងការស្នាក់នៅបណ្ដោះអាសន្ន។
លោកថ្លែងថា សៀវភៅស្នាក់នៅជាសៀវភៅប្រើប្រាស់សម្រាប់នគរបាលស្រង់ព័ត៌មានអំពីចំនួនស្នាក់នៅក្នុងលំនៅឋាននីមួយៗរួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំដូចជាបុរី ខុនដូ អាផាតមិន រីសត បាងហ្គាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ និងអន្តេវាសិកដ្ឋាន។ សៀវភៅនេះចុះបញ្ជីប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន៍ដែលមានលំនៅឋានអចិន្រៃ្តយ៍។
ការធ្វើសៀវភៅស្នាក់នៅគឺជាសមត្ថកិច្ចរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមការស្នើសុំរបស់មេគ្រួសារ ឬអ្នកតំណាងដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដូចជាសំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងឯកសារផ្សេងទៀត។ ចំពោះជនបរទេសដែលចូលសញ្ជាតិខ្មែរត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យ ឬបណ្ណស្នាក់នៅអចិន្រៃ្តយ៍ចេញដោយក្រសួងមហាផ្ទៃ។ សៀវភៅនេះត្រូវចេញឲ្យអ្នកស្នើសុំក្នុងរយៈពេល ១០ ថ្ងៃ។
ចំណែកសៀវភៅគ្រួសារបញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែរ ដូចជាប្ដីប្រពន្ធ ឬកូន។ សៀវភៅនេះសម្រាប់តែពលរដ្ឋខ្មែរប៉ុណ្ណោះ។ មន្ត្រីនគរបាល រដ្ឋបាលឃុំ-សង្កាត់ត្រូវបំពេញបែបបទតាមការស្នើសុំរបស់មេគ្រួសារដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់ហើយបញ្ជូនទៅអធិការនគរបាលដើម្បីចុះបញ្ជី។ សៀវភៅនេះត្រូវប្រគល់ជូនទៅអ្នកស្នើសុំក្នុងរយៈពេល ១៥ ថ្ងៃ។
រាល់ការបន្ថែមសមាជិក លុបសមាជិក ឬការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀភៅស្នាក់នៅ ឬសៀវភៅគ្រួសារត្រូវមានការស្នើសុំពីមេគ្រួសារទៅមន្ត្រីប៉ុស្តិ៍នគរបាលដោយមានឯកសារយោងច្បាស់លាស់។
ចំពោះការប្ដូរលំនៅឋានវិញ មេគ្រួសារត្រូវស្នើសុំផ្លាស់ប្ដូរលំនៅឋានទៅប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ដោយភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ។ មន្ត្រីនគរបាលនឹងចេញលិខិតអនុញ្ញាតផ្លាស់ប្ដូរលំនៅឋាន។ មេគ្រួសារត្រូវយកលិខិតអនុញ្ញាតនេះទៅជូនមន្ត្រីប៉ុស្តិ៍រដ្ឋបាលថ្មីដែលខ្លួនទៅតាំងទីលំនៅ ដើម្បីចុះក្នុងបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ។
ចំពោះការធ្វើចំណាកស្រុក លោក កង សុខន បានប្រាប់ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ធ្វើបច្ចុប្បន្នភាពព្រមទាំងធ្វើរបាយការណ៍អំពីការធ្វើចំណាក និងចំណូលស្រុករបស់ប្រជាជនទាំងមានដំណឹង និងគ្មានដំណឹងជូនទៅអធិការដ្ឋាននគរបាលក្រុង-ស្រុក។ ប្រជាជនគ្រប់រូបដែលចំណាកស្រុកមិនត្រូវបានលុបឈ្មោះចេញពីបញ្ជីស្នាក់នៅឡើយ ទោះបីបាត់ដំណឹងជាលក្ខណៈបុគ្គល ឬទាំងគ្រួសារក៏ដោយ លើកលែងតែមានភ័ស្តុតាងបញ្ជាក់ថា បុគ្គល ឬគ្រួសារនោះមិនត្រឡប់មកវិញជារៀងរហូត ឬទទួលមរណភាព។
លោកបន្តថា រាល់ការស្នាក់នៅបណ្ដោះអាសន្នក៏តម្រូវឲ្យមានការចុះបញ្ជីដែរដែលគោលការណ៍នេះធ្វើឡើងសម្រាប់ទាំងពលរដ្ឋខ្មែរ និងជនបរទេសអន្តោប្រវេសន៍ដែលបានចុះបញ្ជីស្នាក់នៅអចិន្រៃ្តយ៍ ហើយត្រូវចាកចេញទៅនៅកន្លែងផ្សេង។ ការស្នាក់នៅបណ្ដោះអាសន្ននេះមិនឲ្យលើសពី ៦ ខែឡើយ។
ក្នុងករណីលើសពី ៦ ខែហើយសាមីខ្លួនចង់បន្តស្នាក់នៅតទៅទៀតនោះ សាមីខ្លួនត្រូវសុំពន្យារការស្នាក់នៅបណ្ដោះអាសន្ន និងត្រូវជូនដំណឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលបានចុះបញ្ជីស្នាក់នៅអចិន្រៃ្តយ៍។ លោក កង សុខន ថ្លែងបន្តថា៖ «មេគ្រួសារ ឬអ្នកតំណាងត្រូវជូនដំណឹងទៅមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃអំពីការកើត ការស្លាប់ និងការប្ដូរលំនៅឋាន។ ក្នុងករណីបាត់ដំណឹងសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារ ត្រូវជូនដំណឹងទៅសមត្ថកិច្ចក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃ»។
លោកប្រាប់ដល់មន្ត្រីនគរបាលឃុំ-សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកឲ្យរៀបចំរបាយការណ៍ប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយមើលឃើញចំណុចល្អជាច្រើននៃការពង្រឹងការគ្រប់គ្រងលើការស្នាក់នៅនេះ រួមមានការការពារ ការរំលោភសិទ្ធិពីសំណាក់ម្ចាស់ផ្ទះជួលលើអ្នកជួល ជួយជំរុញដល់ការបង់ពន្ធរបស់ម្ចាស់ផ្ទះ ជួយដល់ម្ចាស់ផ្ទះ ក្នុងការគ្រប់គ្រងសកម្មភាពអ្នកជួលមិនល្អ ដូចជាការលួចផលិតផលិតផលក្លែងក្លាយ ជួញដូរគ្រឿងញៀនជាដើម។ វាក៏ជួយដល់ការគ្រប់គ្រងជនអន្តោប្រវេសន៍ផងដែរ។
លោកបន្តថា នៅប្រទេសដែលមានការគ្រប់គ្រងចលនារបស់ប្រជាជនបានល្អ ប៉ូលិសចរាចរណ៍មិនចាំបាច់ប្រកែកគ្នាច្រើននៅលើដងផ្លូវទេ គេគ្រាន់តែផ្ញើវិក្កយបត្រផាកពិន័យទៅកាន់អាសយដ្ឋានអ្នកល្មើសចរាចរណ៍ជាការស្រេច។ លោកថា៖ «ប្រព័ន្ធស្ថិតិ និងទំនាក់ទំនងរវាងប្រជាជននឹងរដ្ឋវាសំខាន់ ដើម្បីឲ្យវាប្រទាក់ក្រឡាគ្នា និងដើម្បីឲ្យពលរដ្ឋទទួលបានផលប្រយោជន៍ពីរដ្ឋាភិបាល និងពីសង្គមក៏ដូចជាមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនក្នុងការធ្វើផែនការអំពីតម្រូវការរបស់ប្រជាជន»។
ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «ប៉ុន្តែរដ្ឋាភិបាលមិនត្រូវយកស្ថិតិនេះមកដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។ កុំដូចសម័យប៉ុលពត គេថាចង់ទៅណាមកណាទាល់តែសុំច្បាប់។ នេះវាខុសទៅនឹងសិទ្ធិរបស់ពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យ។ តែសម័យនេះមិនមានទេ»៕