ភ្នំពេញៈ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ បានបង្កើតគណៈកម្មការការងារមួយដែលមានសមាសភាពមន្ត្រីយោធាជាន់ខ្ពស់ ៩ រូប ដើម្បីធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់នាយទាហានជាន់ខ្ពស់ ២ រូប ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនៅក្នុងជួរកងទ័ព។
យោងតាមសេចក្ដីសម្រេចរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ បានសម្រេចបង្កើតគណៈកម្មការការងារចំពោះកិច្ចត្រួតពិនិត្យ អង្កេតស្រាវជ្រាវទៅលើរូបលោក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ការងារព្រំដែន និងលោក សុខ សាកល អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ និងបច្ចុប្បន្នជាមេបញ្ជាការរង យោធភូមិភាគ ៣។
ថោង សូលីម៉ូ អ្នកនាំពាក្យ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានថ្លែងឲ្យដឹងថា ការបង្កើតគណៈកម្មការការងារស្រាវជ្រាវស៊ើបអង្កេតនេះ គឺឆ្លើយតបទៅនឹងលិខិតដែលផ្ញើមកពីអង្គភាពប្រឆាំងអំពើពុករលួយហើយ ដើម្បី ស្រាយបំភ្លឺទៅលើពាក្យបណ្ដឹងប្ដឹងនាយទាហានអនាមិកចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក សូលីម៉ូ បានថ្លែងថា៖ «ការបង្កើតគណៈកម្មការការងារស្រាវជ្រាវស៊ើបអង្កេតនេះគឺឆ្លើយតបទៅនឹងលិខិតដែលផ្ញើមកពីអង្គភាពប្រឆាំងអំពើពុករលួយហើយយើងមិនទាន់ដឹងច្បាស់ថា តើរឿងនេះពិតឬមិនពិតយ៉ាងណាទេ យើងរង់ចាំគណៈកម្មការគេស្រាវជ្រាវសិន»។
ទោះជាយ៉ាងណាក៏ដោយយោងតាមសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី៤៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចេញផ្សាយកាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ បានឲ្យដឹងថា ស្ថាប័នប្រឆាំងអំពើពុករលួយទទួលបានពាក្យប្ដឹងក្នុងខែមិថុនាចំនួន ៣៥ បណ្ដឹង ក្នុងនោះមានពាក្យបណ្ដឹងអនាមិកចំនួន ១៦ បណ្ដឹង។ អង្គភាពប្រឆាំងអំពើពុករលួយបានវិភាគនិងស្រាវជ្រាវបឋម ២៣ បណ្ដឹង គឺមិនពាក់ព័ន្ធនឹងអំពើពុករលួយឬមិនមានតម្រុយនៃអំពើពុករលួយទេ។
សេចក្ដីជូនដំណឹងដដែលនេះបានឲ្យដឹងទៀតថា៖ «ក្នុងខែមិថុនា នេះដែរ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនលិខិត ៣២ ពាក្យបណ្ដឹង ជូនស្ថាប័ន និងបុគ្គលពាក់ព័ន្ធធ្វើការបំភ្លឺ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថាការជូនលិខិតពាក្យប្ដឹងទៅស្ថាប័ននិងបុគ្គលពាក់ព័ន្ធធ្វើការបំភ្លឺវាជួយកាត់បន្ថយ អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋហើយក៏ជាការផ្ញើសារដល់មន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតកុំឲ្យប្រព្រឹត្តអំពើពុករលួយ។
លោក ភា ថ្លែងថា៖ «នេះគឺជារឿងល្អហើយយើងជំរុញឲ្យមានការអនុវត្តច្បាប់ទាំងអស់គ្នា ហើយ ដើម្បីបង្កើនភាពស្អាតស្អំនៅក្នុងស្ថាប័នរដ្ឋ ហើយនេះគឺជាការផ្ញើសារមួយទៅបណ្តាស្ថាប័ណ្ណថ្នាក់ដឹកនាំ ឬនាយទាហានឯទៀត»។
លោក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការការងារព្រំដែនកាលពីម្សិលមិញបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងបានទេ៕