ភ្នំពេញៈ លោក លឹម សុខារស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ទាំងអស់​ឲ្យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជួយ​ការពារ​​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​អុំទូក​នា​ខែវិច្ឆិកា​ខាងមុខនេះ​។

លោក លឹម សុខារស្មី បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សន្ដិសុខ​លើក​ទី​ ២២ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់​ជា​កម្លាំង​ជំនួយ​យ៉ាង​សំខាន់​ដល់​កម្លាំង​សមត្ថកិច្ច​ពេល​មាន​ពិធី​បុណ្យជាតិ​សំខាន់ៗ​ដែល​មាន​ពលរដ្ឋ​មកជួបជុំ​គ្នា​ច្រើន ព្រោះ​សន្ដិសុខ​ឯកជន​អាច​សហការ​ផ្ដល់​ព័ត៌មាន​បាន​រហ័ស​ទាន់ពេលវេលា​ពី​ទីតាំង​ដែល​ពួកគេ​បាន​ឈរជើង​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​។

លោក សុខារស្មី បាន​ថ្លែងថា​៖ «​ការអំពាវនាវ​ដល់​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ឲ្យ​ចូលរួម​សហការ​នេះ​មិនមែន​មានន័យ​ថា សមត្ថកិច្ច​មិនមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការរក្សាសន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ប៉ុន្ដែ​កម្លាំង​សន្ដិសុខ​ឯកជន​ជា​កម្លាំង​មួយ​តែងតែ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នៅពេល​មាន​ពិធីបុណ្យ​ធំៗ​មាន​មនុស្ស​រាប់លាន​នាក់​មកលេង​កម្សាន្ត​។ ដូច្នេះ​សន្ដិសុខ​ឯកជន​គឺជា​អ្នក​ដែល​នៅ​ជិត​ពលរដ្ឋ​ជាងគេ​»​។

លោក​ថ្លែងថា សន្ដិសុខ​ឯកជន​ជា​កម្លាំង​មួយ​ដែល​ធ្លាប់​បាន​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ និង​ច្បាប់​ពី​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដូច្នេះ​នៅពេល​ឃើញ​មាន​បទល្មើស​អ្វី​កើតឡើង​នឹង​ផ្ដល់​ព័ត៌មាន​ភ្លាមៗ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​មាន​ចំនួន ២៥១ ​ក្រុមហ៊ុន​ ដែល​បាន​ស្នើសុំ​ចុះបញ្ជី និង​ប្រកប​អាជីវកម្ម​ផ្តល់​សេវា​សន្តិសុខ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ១ ​ម៉ឺន​នាក់​។ ចំណែក​សហគ្រាស គ្រឹះស្ថាន​ដែល​មាន​កម្លាំង​សន្ដិសុខសម្រាប់​បម្រើ​ឲ្យ​សហគ្រាស​ដោយ​មិន​ផ្ដល់​សេវាកម្ម​មាន​សន្ដិសុខ​ជិត ២ ​ម៉ឺន​នាក់​។

លោក ហេង ម៉េងហូ អគ្គនាយក​ក្រុមហ៊ុន​សន្តិ​សុខលីប្រា ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​នឹង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​នាពេល​បុណ្យ​អុំទូក​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​សន្តិ​សុខលីប្រា រីករាយ​ក្នុងការ​ចូលរួម​សហការ និង​គាំទ្រ​ដល់​អំពើ​ល្អ​សម្រាប់​សង្គមជាតិ​យើង​»​។

លោក ម៉េងហូ បាន​ឲ្យ​ដឹងថា កន្លង​មក​ក្រុមហ៊ុន​បាន​ចូលរួម​បញ្ជូន​កម្លាំង​តប​តាម​ការស្នើសុំ​ពី​ខាង​ក្រសួង​ក្នុង​ពិធីបុណ្យ​ធំៗ រួមមាន​បុណ្យអុំទូក ពិធី​សម្ពោធ​វិមាន​ឈ្នះៗ ជាដើម​ក្នុង​ការ​រួមចំណែក​ថែរក្សា​សន្ដិសុខ សុវត្ថិភាព​ដល់​សង្គម​ជាតិ​។ ទៅ​អនាគត​ក្រុមហ៊ុន​មានបំណង​ចង់​ជួយ​ដល់​សមត្ថកិច្ច​បន្ថែមទៀត ដោយ​ផ្ដល់​បច្ចេកវិទ្យា​ទំនើប Artificial intelligence (AI) ដើម្បី​គ្រប់គ្រង​សុវត្ថិភាព​សាធារណៈ​ផងដែរ​៕