ភ្នំពេញ: អគ្គស្នងការរង​នគរបាល​ជាតិ​លោក ហ៊ឹម យ៉ាន បាន​ជំរុញ​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ លួច ឆក់​ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ធ្លាក់​មក​នៅ​កម្រិត​ទាប​បំផុត​ ដើម្បី​ចូលរួម​កាត់​បន្ថយ​បទ​ល្មើស​ព្រហ្មទណ្ឌ ជា​ពិសេស ​លោក​បាន​លើក​ទឹក​ចិត្ត​ដល់​កម្លាំង​ដែល​មាន​ភារកិច្ច​អនុវត្ត​ផែនការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

ការ​ថ្លែង​របស់​លោក ហ៊ឹម យ៉ាន បែប​នេះ ​បាន​ធ្វើ​ឡើង កាល​ពីថ្ងៃ​ ៩ មីនា នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បង្ការ និង​ទប់​ស្កាត់​បទ​ល្មើស​លួច​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ខែ កុម្ភៈ និង​ទិសដៅ​ការងារ​ប្រចាំ​ខែ មីនា ​ឆ្នាំ​ ២០២០ ​ដោយ​លោក​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​គណៈបញ្ជាការ​ដឹក​នាំ​អនុវត្ត​ផែនការ​នេះ។

លោក​បាន​បន្ត​ថា មន្ត្រី​នគរបាល ត្រូវ​ពង្រឹង​យន្ត​ការ​ បញ្ជា​ដឹកនាំ​កិច្ច​សហការ​គ្រប់​ថ្នាក់ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព ប​ង្ការ បង្ក្រាប​បទល្មើស លួច ឆក់ ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​បទ​ល្មើស​ព្រហ្មទណ្ឌ​ឲ្យ​បាន​ថយ​ចុះ។

លោក ហ៊ឹម យ៉ាន បញ្ជាក់​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ទៅ​ដល់​មន្ត្រី​នគរបាល​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ពង្រឹង​ការងារ​គ្រប់​គ្រងមុខ​សញ្ញា និង​នីតិ​វិធី កសាង​សំណុំ​រឿងដើម្បី​មាន​ភ័ស្តុតាង​រឹង​មាំដាក់​បន្ទុក​ផ្ដន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់ ស្រប​ទៅ​តាម​ក្រមព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជណាចក្រ​កម្ពុជា»។

ទន្ទឹម​នឹង​នេះ លោក​ ហ៊ឹម យ៉ាន ក៏​បាន​ណែ​នាំ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​លើ​ករណី​មុខ​សញ្ញា​ឆក់​ដែល​ត្រូវ​បាន​ដោះ​លែង​ ហើយ​ធ្វើ​សកម្មភាព​ឡើង​វិញ​ផង​ដែរ​ ដើម្បី​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​និង​ចាត់​វិធានការ​បន្ត​ព្រម​ទាំង​បង្កើន​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​បង្ក្រាប​ករណី​ដែល​នៅ​សេស​សល់​បន្ត​ទៀត។

លោក សុង លី ស្នង​ការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាលពី​ថ្ងៃម្សិល​មិញ​ថា លោក​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ នេះ​ដែរ។

លោក​បាន​អះ​អាង​ថា ករណី​បង្ការ ទប់​ស្កាត់ ​និង​បង្ក្រាប​អំពើ​លួច និង​ករណី​ឆក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​គឺ លោកហ៊ឹម យ៉ាន អគ្គស្នង​ការ​រង​នគរបាលជាតិ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ជំនាញ​នគរបាល​គ្រប់​ជាន់​ថ្នាក់​បង្កើន​ការ​អនុវត្ត​ផែនការ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

លោក​បន្តថា បន្ទាប់​ពី​ទទួល​បទ​បញ្ជា និង​ការ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​លើ​បែប​នេះ កម្លាំង​នគរបាល​ទាំងអស់​នឹង​ប្រឹង​ប្រែង​បន្ត​ទៀត​ដើម្បី​ចូល​រួម​កាត់​បន្ថយ​បទល្មើស​ព្រហ្ម​ទណ្ឌ​ឲ្យ​បាន​ថយ​ចុះ។

លោក សុង លី បញ្ជាក់​ថា៖ «ការងារ​ដែល​ថ្នាក់​លើ​បាន​ផ្ដាំផ្ញើ​នេះ​យើង​បាន​ធ្វើ​កន្លង​មក​ជា​ហូរហែ​រួច​មក​ហើយ ប៉ុន្ដែ​ឯកឧត្តម ហ៊ឹម យ៉ាន ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​ខ្ញុំ​បន្ថែម​ទៀត​ ដើម្បី​បន្ត​កិច្ច​ប្រឹង​ប្រែង​អនុវត្ត​ច្បាប់ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង។ បទល្មើស​ដែល​យើង​តែង​ចុះ​បង្ក្រាប​ញឹក​ញាប់​ជាង​គេ​គឺ​ករណី​ឆក់​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ ដូច​ជា ឆក់​កា​បូបលុយ​ ឆក់​ទូរស័ព្ទ និង​សម្ភា​រផ្សេងៗ​ទៀត បន្ទាប់​ពីនេះ មាន​ករណី​ប្លន់ និង​ករណី​លួច ក៏​មាន​ច្រើន​ដែរ»។

តាម​របាយការណ៍​សង្ខេប​ស្ដីពី​ការ​អនុ​វត្ត​ផែន​ការ​សកម្មភាព បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ លួច​ ឆក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ខែ​កុម្ភៈ ដែល​អាន​ដោយ​លោក ស៊ុយ សុគន្ធា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​អំពើ លួច ឆក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃទី១ រហូត​ដល់​ថ្ងៃទី ២៩ ខែកុម្ភ: ឆ្នាំ​ ២០២០ សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​ចំនួន ៦២ ករណី ក្នុង​ចំណោម​បទល្មើស​ដែល​បាន​កើត​ឡើង​ ៧១ ​ករណី។

លោក​បន្ត​ថា​ នៅ​ក្នុង​ខែកុម្ភៈ​នោះ សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ៨៨ នាក់ ស្មើ​ ៨៦ ភាគរយ បើ​ធៀប​ទៅ​នឹង​ខែ​ មករា ​ឆ្នាំ ២០២០ ខណៈ​បទល្មើស​កើន​ឡើង​ ១៣ ​ករណី​ស្មើ​នឹង ២៤ ភាគរយ។

ទន្ទឹម​នឹង​នេះ ​ក្នុង​ចំណោម​ជន​សង្ស័យ ៨៨ នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ឃើញ​មាន​អ្នក​ផ្ទុក​ចំនួន​ ៧៨ នាក់ ស្មើ​នឹង​ ៨៩ ភាគរយ៕