ភ្នំពេញៈ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ១៥ ​ល្វែង​ស្មើនឹង​ ១៦០ ​បន្ទប់​ស្ថិតនៅ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​បាក់ទូក​សង្កាត់​ទួលសង្កែ​ទី​ ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ទាំងស្រុង​កាលពី​វេលា​ម៉ោង ១:៣០ ​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ០៦ ​ខែ​មករា​ឆ្នាំ​ ២០២០​។

លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការឆេះ​ខូចខាត​ទាំងនោះ ភាគច្រើន​ជា​សំណង់​មិន​រៀបរយ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បន្ទប់​ផ្ទះជួល​នោះ​ភាគច្រើន​ជា​ជន​ចំណាកស្រុក​ពី​បណ្ដា​ខេត្ត​មួយចំនួន ដើម្បី​រក​ការងារ​ធ្វើ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រោះ​អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងរបួស ឬ​បាត់បង់​​ជីវិត​នោះទេ​»​។

លោក ពិសី ​បាន​បន្តថា​យ៉ាងណា​ក៏ដោយ​រហូតដល់​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមមន្ត្រី​នគរបាល​ជំនាញ​ផ្នែក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៅ​ពុំទាន់​ស្រាវជ្រាវ​ដឹង​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​សម្ដី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ករណី​គ្រោះ​អគ្គិភ័យ​នេះ​អាច​បណ្ដាល​មកពី «​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»​។ ជុំវិញ​ករណីនេះ​លោក ព្រំ យ៉ន ប្រធាន​ការិយាល័យ​នគរបាល​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ក្រុមមន្ត្រី​នគរបាល​ជំនាញ​ពន្លត់​អគ្គិភ័យ​កំពុង​បន្ត​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​សាកសួរ​ជនរងគ្រោះ ពិសេស​ម្ចាស់​​ទីតាំង​បន្ទប់​ជួល ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​។

ក្មេងៗ​ដើរកាត់​ពំនូក​បាក់បែក​ក្រោយ​ភ្លើង​ឆេះ​។ហេង ជីវ័ន

លោក យ៉ន បាន​ថ្លែងថា​៖ «​ក្នុង​ជំហាន​ដំបូង​នេះ ក្រុមមន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ដោយ​ក្នុង​តំបន់​នេះ​ជា​សំណង់​មិន​​រៀបរយ និង​មាន​ខ្សែភ្លើង​ត​ខ្វាត់ខ្វែង​មិន​ស្របតាម​ស្តង់ដា​បច្ចេកទេស​»​។

លោក យ៉ន បាន​បន្តថា ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន​ ៤២ ​គ្រឿង និង​ចំណាយពេល​អស់​ជិត​ ២ ​ម៉ោង​ពោល​គឺ​ភ្លើង​ចាប់ផ្ដើម​ឆេះ​នៅវេលា​ម៉ោង​ ១:៣០ ​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ ២០២០ ហើយ​រលត់​អស់ទាំង​ស្រុង​នៅវេលា​ម៉ោង​ ៣:១៥ ​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

បើ​តាម​លោក​ យ៉ន នៅក្នុង​ដើមខែ​មករា ឆ្នាំ​ ២០២០ ​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​ ២ ​លើក​ហើយ ដែល​លើក​ទី​ ១ កើតឡើង​នៅ​រសៀល​ថ្ងៃទី​ ៥ ​ខែ​មករា ឆ្នាំ​ ២០២០ ក្នុង​សង្កាត់​បឹងកេងកង​ ២ ខណ្ឌ​បឹងកេងកង​ដោយ​បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២ ​ខ្នង​ផ្ទះ និង​លើក​ទី​ ២ ​នេះ​នៅក្នុង​សង្កាត់​ទួលសង្កែ​ ១ ​ខណ្ឌឫស្សីកែវ ដោយ​បាន​បំផ្លាញ​ផ្ទះ​អស់​ ១៥ ​ល្វែង​ស្មើនឹង​ ១៦០ ​បន្ទប់ រួមទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​លាន​ទៀត​។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស​ ឬ​ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ​ទាំង​ ២ ​លើក​នោះទេ​៕