ភ្នំពេញៈ ដើម្បីចូលរួមលើកទឹកចិត្តដល់កសិករក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម អគ្គិសនីកម្ពុជាតាមរយៈផែនការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មបានសម្រេចបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់កសិករបូមទឹកធ្វើកសិកម្ម នៅពេលយប់ក្នុងអត្រា ៤៨០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង។
ទន្ទឹមនឹងនេះអគ្គិសនីកម្ពុជាកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មចូលរួមអនុវត្តផែនការនេះឲ្យបានទូលំទូលាយ។
យោងនីតិវិធីកែសម្រួលលើកទី ១ សម្រាប់ផ្ដល់ការផ្គត់ផ្គង់អគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្មបានបង្ហាញថា ការប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម ដែលអាចទទួលបានការអនុគ្រោះថ្លៃមកនៅក្នុងកម្រិត ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោងនោះ គឺការប្រើប្រាស់អគ្គិសនីសម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់ក្នុងចន្លោះម៉ោង ៩:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹក។ ចំពោះការប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មក្នុងចន្លោះម៉ោង ៧:០០ ព្រឹកដល់ម៉ោង ៩:០០ យប់គឺមិនទទួលបានការអនុគ្រោះថ្លៃអគ្គិសនីឡើយពោលគឺត្រូវបង់តាមអត្រាថ្លៃប្រើប្រាស់អគ្គិសនីធម្មតា។
ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់សម្រាប់ការបូមទឹកធ្វើ កសិកម្ម ចែកចេញជា ២ ប្រភេទរួមមាន «ការផ្គត់ផ្គង់ដែលមានប្រព័ន្ធផ្គត់ផ្គង់ ១ សម្រាប់អ្នក ប្រើ ១ នាក់ និងការផ្គត់ផ្គង់ដែលមានប្រព័ន្ធផ្គត់ផ្គង់ ១ សម្រាប់អ្នកប្រើប្រាស់ច្រើននាក់»។
ជុំវិញករណីនេះលោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នីតិវិធីនៃការតភ្ជាប់បណ្ដាញចរន្តអគ្គិសនីប្រើប្រាស់សម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់មានលក្ខណៈស្មុគស្មាញ ដែលក្នុងនោះបានតម្រូវឲ្យមានការធានាអះអាងឲ្យបានច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានថាការភ្ជាប់ចរន្តអគ្គិសនីនោះគឺពិតជាសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មសុទ្ធសាធ ហើយត្រូវប្រាកដថា ទីតាំងនោះមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់។
លោក សាវឿន បានថ្លែងថា៖ «ទោះជាបែបណាក្ដីយើងរីករាយចំពោះផែនការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់របស់អគ្គិសនីកម្ពុជានាពេលនេះ»។
បើតាមលោក សាវឿន ការធ្វើកសិកម្មរបស់ប្រជាកសិករនាពេលបច្ចុប្បន្នមិនពឹងផ្អែកទៅលើទឹកភ្លៀងដូចកាលពីមុនទៀតឡើយ។ តាមរយៈការធ្វើទំនើបកម្មកសិកម្មភាវូបនីយកម្ម កសិករកម្ពុជាបានផ្លាស់ប្ដូរទម្លាប់ «ធ្វើស្រែប្រវាស់មេឃ» ទាំងស្រុង ដោយគ្រួសារកសិករខ្លះ បានកែប្រែដីស្រែរបស់ពួកគេរហូតដល់ ៦០ ភាគរយពីការដាំដុះដំណាំស្រូវមកដាំដុះដំណាំរួមផ្សំ និងបន្លែសុវត្ថិភាពគ្រប់ប្រភេទជាមួយការប្រើប្រព័ន្ធតំណក់ទឹកតាមបច្ចេកវិទ្យាថ្មី និងប្រើគ្រឿងចក្រភ្ជួររាស់ដីជំនួសសត្វពាហនៈ (គោ ក្របី)។
ទន្ទឹមនឹងនេះលោក សាវឿន បានបញ្ជាក់ថា៖ «តាមរយៈការធ្វើទំនើបកម្មកសិកម្មភាវូបនីយកម្មរបស់កសិករខ្មែរយើងនាពេលបច្ចុប្បន្ន ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលជំរុញដល់ក្រសួងពាក់ព័ន្ធបង្កើនការស្ថាបនាប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ទឹកដល់ដីស្រែកសិកម្មរបស់ប្រជាកសិករ និងសូមបន្តការបញ្ចុះតម្លៃប្រេងសាំង និងម៉ាស៊ូត»។
ទោះជាបែបណាមកទល់ពេលនេះគេនៅមិនទាន់ដឹងអំពីតួលេខរបស់កសិករដែលប្រើប្រាស់អគ្គិសនី សម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់នៅឡើយទេ ខណៈក្រសួងកសិកម្មកំពុងជំរុញណែនាំដល់មន្ទីរ និងអង្គភាពក្រោមឱវាទរបស់ខ្លួនចុះស្រង់ស្ថិតិ និង រៀបចំបំផុសចលនាកសិករដែលប្រើប្រាស់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្មនៅពេលយប់ ដើម្បីរៀបចំតភ្ជាប់ចរន្តអគ្គិសនីតាមការណែនាំរបស់អគ្គិសនីកម្ពុជា។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងថា ផែនការកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់កសិករ។
លោកថ្លែងថា៖ «នៅពេលនេះយើងនៅមិនទាន់មានទិន្នន័យច្បាស់លាស់អំពីចំនួនសហគមន៍កសិករដែលប្រើប្រាស់អគ្គិសនី សម្រាប់បូមទឹកធ្វើកសិកម្មនៅពេលយប់នោះទេ ប៉ុន្តែក្រសួងកសិកម្មកំពុងជំរុញដល់មន្ទីរកសិកម្មរាជធានី-ខេត្ត និងអង្គភាពក្រោមចំណុះក្រសួងកសិកម្មទាំងអស់ចូលរួមសហការជាមួយមន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយនូវផែនការទាំងនេះដល់កសិករ ដើម្បីចូលរួមអនុវត្តផែនការនេះឲ្យបានជោគជ័យក្នុងការលើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជា»៕