ភ្នំពេញៈ អង្គការក្រៅរដ្ឋាភិបាលចំនួន ៣ ចាប់ផ្ដើមគ្រោង «បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា» ដែលនឹងជួយគាំទ្រដល់កុមារប្រមាណ ១៣ ០០០ នាក់ នៅក្នុងខេត្តសៀមរាប និងព្រះវិហារ។ គម្រោងនេះ មានគោលបំណងកាត់បន្ថយអំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀន។
គម្រោងបញ្ចប់ហិង្សាលើកុមារនៅក្នុងសាលារៀននេះ អនុវត្តដោយអង្គការដៃគូចំនួន ៣ គឺអង្គការ Save the Children អង្គការទស្សនពិភពលោក និងអង្គការភ្លែនអន្តរជាតិកម្ពុជា។ គម្រោងនេះនឹងប្រើប្រាស់ឧបករណ៍បចេ្ចកទេស និងវិធីសាស្ត្រនានាផ្អែកទៅលើភ័ស្តុតាងដែលបានមកពីការសិក្សាស្រាវជ្រាវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការដៃគូទាំង ៣។
អង្គការ Save the Children នឹងដឹកនាំការអនុវត្តគម្រោងទាំងមូលធានាពីគុណភាពលទ្ធផល និងការសហការជាមួយថ្នាក់ជាតិ។ ចំណែកអង្គការទស្សនពិភពលោកនឹងអនុវត្តគម្រោងនេះនៅក្នុងខេត្តព្រះវិហារហើយអង្គការភ្លែនអន្តរជាតិកម្ពុជានឹងអនុវត្តនៅក្នុងខេត្តសៀមរាប ។
ក្រុមអង្គការចាប់ផ្ដើមគម្រោងនេះដោយផ្អែកលើការស្រាវជ្រាវមួយស្ដីអំពីអំពើហិង្សាលើកុមារនៅកម្ពុជាធ្វើឡើងកាលពីឆ្នាំ ២០១៣ ដែលរកឃើញថា ចំនួនស្ត្រី ៥២,៧ ភាគរយ និងបុរស ៥៤,២ ភាគរយមានអាយុពី ១៨-២៤ ឆ្នាំ អះអាងថា ពួកគេធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់ម្តង មុនពេលដែលពួកគេមានអាយុ ១៨ ឆ្នាំ។
ការសិក្សាដដែលនោះក៏បានគូសបញ្ជាក់បន្ថែមថា អំពើហិង្សានៅតាមសាលារៀនច្រើនតែកើតឡើងរវាងកុមារដែលមានអាយុដំណាលគ្នា ប៉ុន្តែគ្រូបង្រៀនជាញឹកញាប់ គឺជា អ្នកប្រព្រឹត្តអំពើហិង្សាទៅលើកុមារនៅខាងក្រៅផ្ទះ។
នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា លោកស្រី អេលីហ្សាប៊េត ភៀស បានលើកឡើងថា អំពើហិង្សាលើកុមារ ជាពិសេសអំពើហិង្សាផ្នែកយេនឌ័រ និងការសម្លុតបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការបោះបង់ចោលការសិក្សាក្នុងចំណោមកុមារមានពិការភាព។ ក្មេងស្រីទំនងជាទទួលរងការរំលោភបំពានផ្លូវចិត្ត ការរំលោភបំពានតាមអ៊ីនធឺណិតអំពើហិង្សាផ្លូវភេទ និងការរំលោភបំពានខ្លាំងជាងក្មេងប្រុស ខណៈពេលដែលក្មេងប្រុសទទួលរងនូវអំពើហិង្សា និងការដាក់ទណ្ឌកម្មលើរាងកាយ។
លោកស្រីថ្លែងថា តាមរយៈគម្រោងនេះអង្គការរបស់អ្នកស្រី និងដៃគូនឹងពង្រឹងក្របខ័ណ្ឌគោលនយោបាយការការពារកុមារនៅកម្ពុជា តាមរយៈការអភិវឌ្ឍ ការអនុម័ត និងការផ្សព្វផ្សាយសៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន។
លោកស្រីបន្តថា៖ «យើងក៏នឹងគាំទ្រក្រសួងអប់រំ យុវជន និងកីឡាក្នុងការសាកល្បងអនុវត្តសៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀននៅក្នុងសាលាបឋមសិក្សាគោលដៅដោយបង្កើតនូវយន្តការកិច្ចការពារកុមារនៅតាមសាលា និងផ្សារភ្ជាប់ជាមួយយន្តការកិច្ចការពារកុមារដែលមានស្រាប់ក្នុងសហគមន៍»។
គម្រោងនេះក៏នឹងគាំទ្រសាលាគោលដៅក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យស្ថិតិពីអំពើហិង្សាលើកុមារព្រមទាំងដាក់ឱ្យអនុវត្តក្រមសីលធម៌កិច្ចការពារកុមារ។ ប្រព័ន្ធទាំងនេះនឹងជួយដល់សាលាក្នុងការតាមដានអំពើហិង្សាលើកុមារ និងជួយឱ្យមានការឆ្លើយតបទាន់ពេលវេលាដើម្បីការពារកុមារពីការបោះបង់ចោលការសិក្សា។ នេះជាការលើកឡើងរបស់លោកស្រី គ្វីន នេត វង នាយិកាអង្គការភ្លែនអន្តរជាតិកម្ពុជា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងពីម្សិលមិញថា ក្រសួងអប់រំស្វាគមន៍គ្រប់ការចូលរួមបែបវិជ្ជមានពីភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់គុណភាពអប់រំតាមគ្រប់រូបភាព។ ចំពោះការទប់ស្កាត់អំពើហិង្សាលើកុមារតាមគ្រប់រូបភាពនៅតាមសាលារៀន គណៈគ្រប់គ្រងនៅតាមសាលារៀន ដោយសហការជាមួយមន្ទីរអប់រំ ចាត់វិធានការបែបរដ្ឋបាលទៅលើអំពើទាំងឡាយដែលប្រាសចាកពីការងារអប់រំ។
លោកបានបញ្ជាក់ថា៖ «បន្ថែមពីនេះទៀត នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ មានក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនដែលដើរតួនាទីជួយលើកកម្ពស់ការរៀនសូត្ររបស់សិស្សទាំងអស់នៅក្នុងប្រទេស និងមានភារកិច្ចតាមដាន រាយការណ៍ ប្រសិនបើមានករណីមិនប្រក្រតីណាមួយទៅលើសិស្សនៅក្នុងគ្រឹះស្ថានសិក្សា»៕